ប្រជាពលរដ្ឋប្រមាណ១៥០នាក់នៅព្រឹកថ្ងៃទី២៣ សីហា បានលើកគ្នាមកកាន់សាលាខេត្តពោធិ៍សាត់ ដើម្បីតវ៉ាទាមទារឲ្យអាជ្ញាធរដែនដីជំរុញឲ្យអាជ្ញាធរជំនាញចេញប្លង់កម្មសិទ្ធិដីលំនៅឋានឲ្យពួកគាត់។
យោធាពិការឈ្មោះ សម សារឿន អាយុ៥៥ឆ្នាំ ជាអតីតអនុសេនីយ៍ទោនៃវរៈសេនាធំលេខ៩២ ខេត្តពោធិ៍សាត់ លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ សីហា ពីមូលហេតុដែលគាត់មកធ្វើការតវ៉ានៅមុខសាលាខេត្តនេះ គឺដើម្បីទាមទារឲ្យអាជ្ញាធរខេត្តចេញប្លង់កម្មសិទ្ធិដីលំនៅឋានដល់ពួកគាត់។ យោធាពិការរូបនេះបានឲ្យដឹងទៀតថា គាត់មករស់នៅទីនេះតាំងពីឆ្នាំ១៩៩៣ បន្ទាប់ពីគាត់ត្រូវបានរំសាយពីកងទ័ព។ គាត់ថា ដីដែលគាត់សង់លំនៅឋាននេះ គឺខាងអង្គភាពយោធាកាលណោះ បានចែកឲ្យគាត់ មិនមែនគាត់ទៅចាប់យកដោយខ្លួនឯងនោះទេ ហេតុអ្វីបានជាអាជ្ញាធរខេត្តបែរជាថាដីដែលគាត់កំពុងរស់នៅនេះ ជាដីរបស់រដ្ឋទៅវិញ។
លោក សម សារឿន៖ «ដីនេះគេចែកឲ្យយូរហើយ ជារបបរបស់យោធាដែលអត់មានដីធ្លី។ គេចែកឲ្យម្នាក់មួយប្រឡោះៗឲ្យគ្រួសារទ័ព។ ដល់ឥឡូវគេអត់ធ្វើប្លង់ឲ្យ តើឲ្យខ្ញុំសង្ឃឹមអី តែអត់មានប្លង់កម្មសិទ្ធិ គឺគេចង់ដកយកពេលណាក៏បាន។ ខ្ញុំខំតស៊ូពី៧៩មកដែរ ដល់ឥឡូវបាតដៃទទេ»។
ប្រជាពលរដ្ឋដែលលើកគ្នាមកតវ៉ានេះ រួមមានមកពី៥ចំណុច គឺចំណុចខាងក្រោយសាលាខេត្ត ចំណុចខាងក្រោយមន្ទីរសុខាភិបាលខេត្ត ចំណុចអតីតវាលយន្តហោះ និងចំណុចច្រមុះជ្រូក ចំណុចជាប់របងមន្ទីរកសិកម្មជាដើម ដែលមានចំនួនសរុបប្រមាណជាង៣០០គ្រួសារ។
អតីតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ អ្នកស្រី ភី សោភា មានប្រសាសន៍ថា ដីលំនៅឋាននេះ អ្នកស្រីកាន់កាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ស្រាប់តែឥឡូវគេបែរជាថាដីនេះជាដីក្នុងបញ្ជីសារពើភណ្ឌទៅវិញ៖ «ខ្ញុំខំតស៊ូតាំងពីប៉ុន្មានជំនាន់មកហើយ ដល់ឥឡូវបែរជាមានដីតែ២០ម៉ែត្រ ហើយវាអត់មានកម្មសិទ្ធិខ្លួនឯង អ៊ីចឹងវាដូចជាតូចចិត្តណាស់។ ដូច្នេះសុំឲ្យសម្ដេចជួយដោះស្រាយដីធ្លីឲ្យប្រជាជនរស់នៅមានកម្មសិទ្ធិផង»។
ការតវ៉ានេះ កើតឡើងបន្ទាប់ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបានទៅវាស់វែងដើម្បីធ្វើប្លង់ដីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ តែមិនធ្វើជូនប្រជាពលរដ្ឋនៅចំណុចទាំង៥ខាងលើ។
ឯកសារដែលវិទ្យុអាស៊ីសេរី ទទួល បញ្ជាក់ថា ប្រជាពលរដ្ឋខ្លះមករស់នៅតាំងពីឆ្នាំ១៩៨៥ និងខ្លះទៀតពីឆ្នាំ២០០៣។
សំខាន់ទៅទៀតនោះ គេសង្កេតឃើញថា លំនៅឋានភាគច្រើន គឺជាប្រភេទលំនៅឋានដែលសាងសង់ពីថ្ម ដែលមានគ្រឹះរឹងមាំ និងមានទាំងដំណាំហូបផ្លែគ្រប់ប្រភេទ ដូចជាដូង ស្វាយ យ៉ាងច្រើនទៀតផង។
អភិបាលខេត្តពោធិ៍សាត់ គឺលោក ខូយ សុខា បានសន្យាជាមួយតំណាងប្រជាពលរដ្ឋទាំង៥រូប ដែលបានចូលទៅជួបចរចាជាមួយលោកនោះថា អាជ្ញាធរខេត្តកំពុងសុំគោលការណ៍កាត់ដីតំបន់ជម្លោះនេះ ចេញពីបញ្ជីសារពើភ័ណ្ឌរដ្ឋ។ លោកថា បន្ទាប់ពីថ្នាក់ជាតិយល់ព្រមហើយនោះ អាជ្ញាធរខេត្តនឹងចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋភ្លាម។
នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃដដែល ប្រជាពលរដ្ឋបាននាំគ្នារំសាយការធ្វើបាតុកម្មតវ៉ា៕
No comments:
Post a Comment
yes