ប្រជាពលរដ្ឋនៅឃុំហោងសំណំ អះអាងថា មានប្រជាជន និងព្រះសង្ឃវៀតណាមជាច្រើន នៅចន្លោះពីឆ្នាំ២០១១ និង២០១២ បានទៅបោះទីតាំងនៅក្បែរភ្នំចាស់ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅក្រោមរូបភាពការស្ថាបនាភ្នំចាស់ទៅឲ្យជារមណីយដ្ឋានបុរាណវិទ្យាមួយ។
ក៏ប៉ុន្តែ ករណីនេះត្រូវបានប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប ខេត្តកំពង់ស្ពឺ បដិសេធថា ពុំមានជនជាតិវៀតណាមទៅឈរជើង និងបោះទីតាំងក្នុងបំណងកាន់កាប់ដូចអ្វីដែលពលរដ្ឋរកឃើញនោះទេ។
លោក យ៉ាន់ យឺន៖ «វាឃាត់វាអីអ៊ីចឹងខ្លះៗ មិនឲ្យយើងចូលទៅជិតលក់ដូរអ៊ីចឹង។ វាទុកតែខ្លួនវា សម្រាប់លក់ដូរជាកាហ្វេជាអ៊ីចឹងទៅ អាហ្នឹងវាអត់ឲ្យយើងធ្វើទេដល់នេះទាល់តែ...»។
អង្គុយលើកន្ទេលឆ្នូតក្នុងសាលាឆាន់ដោយពាក់វ៉ែនតាធ្លាក់ចុះបន្តិច លោក យ៉ាន់ យឺន បានឲ្យដឹងថា ជាគណៈកម្មការអាចារ្យវត្តសុចន្ទគិរី ហៅវត្តភ្នំចាស់ ស្ថិតនៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
រៀបរាប់បណ្ដើរ យូរៗយកដៃលើកវ៉ែនតាដែលតែងធ្លាក់ចុះបណ្ដើរ លោក យ៉ាន់ យឺន ឲ្យដឹងថា ចាប់តាំងពីមានការអភិវឌ្ឍនៅភ្នំបុរាណ ដែលមានឈ្មោះថាភ្នំចាស់នេះមក ប្រជាពលរដ្ឋត្រូវបានរឹតបណ្ដឹងឡើងចុះ និងតែងរារាំងដោយវៀតណាម ដែលទទួលបានសិទ្ធិជួសជុល និងស្ថាបនានៅភ្នំបុរាណមួយនេះជាបន្តបន្ទាប់ ក្រោយឆ្នាំ២០១០ មកនោះ។
លោក យ៉ាន់ យឺន៖ «ទេអានេះ បើគេថាការអនុវត្តរបស់ក្រុមហ៊ុនគេ ប៉ុន្តែដែលគោលបំណងរបស់គេ មិនដឹងជាយ៉ាងម៉េចទេ ព្រោះគេមានប្រដាប់ប្រដា ដូចគេរកក្នុងរូងក្នុងអី ព្រោះកន្លែងហ្នឹងវាមានគេហៅថាវត្ថុបុរាណជាច្រើនដែរ»។
មិនខុសពីលោក យ៉ាន់ យឺន នេះនោះទេ ស្ត្រីវ័យ៦៣ឆ្នាំឈ្មោះ សឿង គ្រឿន បានរៀបរាប់ឲ្យដឹងថា ការអភិវឌ្ឍ និងការតាំងទីលំនៅរបស់ជនជាតិវៀតណាម នៅភូមិមនោរម្យ នេះ អ្នកស្រីអះអាងថា ពិតជាមានមន្ទិលសង្ស័យ និងបង្កើតការព្រួយបារម្ភជាច្រើនករណី សម្រាប់សហគមន៍មួយនេះ ដូចជារូបសំណាកព្រះនាងគង់ស៊ីអ៊ីម ធ្វើចង្ក្រានដាំតែអុង និងនៅមានរចនាបទផ្សេងទៀត គឺជារចនាបថរបស់វៀតណាម សុទ្ធសាធដែលពុំមែនជានិមិត្តសញ្ញារបស់ខ្មែរ។
អ្នកស្រី សឿន គ្រឿន៖ «ភ័យណាអូន! ភ័យខ្លាច បើគេធ្វើអាស្អីគេដូចយើងដាំឆ្នាំងអ៊ីចឹងណា ខ្លាចដែរ ដូចចំណាំចាស់ៗថាគេដាំតែអុងនោះណា។ ខ្លាច ភ័យអ៊ីចឹងណាអូន ឃើញគេធ្វើដូចយើងដាំឆ្នាំងខ្ទះបួនជ្រុង ចង្ក្រានបីអ៊ីចឹងហ្នឹង ហើយខ្លាចដូចចាស់ថា ពីដើមមកថាមានតែអុងមានអី ហើយចេះតែភ័យទៅ»។
ពាក់ព័ន្ធបញ្ហានេះ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប ខេត្តកំពង់ស្ពឺ ឲ្យដឹងថា ភ្នំចាស់ដែលគេគ្រោងនឹងបង្កើតទៅជារមណីយដ្ឋានបុរាណវិទ្យានេះ មានផ្ទៃដីចំនួន១០៣ហិកតារ ដែលហ៊ុំព័ន្ធទៅដោយព្រៃសហគមន៍ជាង៤០០ហិកតារទៀត សរុបជាងជាង៥០០ហិកតារ ដែលត្រូវរក្សាទុកសម្រាប់ឲ្យពលរដ្ឋនៅសហគមន៍សែនមនោរម្យប្រើប្រាស់ និងគោរពប្រតិបត្តិតាមជំនឿ និងប្រពៃណី។
មជ្ឈដ្ឋាននានាឲ្យដឹងថា ភ្នំចាស់នេះមានប្រវត្តិរាប់ពាន់ឆ្នាំកន្លងមកហើយ ជាពិសេសនោះ ភ្នំដែលមានអាយុកាលដ៏ចំណាស់មួយនេះ ត្រូវបានប្រជាពលរដ្ឋនៅក្នុងឃុំហោងសំណំ បញ្ជាក់ថា ជាទីតាំងគោរពបូជាតាមជំនឿសាសនា និងស័ក្ដិសិទ្ធិ។
ព្រះតេជព្រះគុណ សាន សុត គង់នៅវត្តសុចន្ទគិរី ហៅវត្តភ្នំចាស់ មានសង្ឃដីកាថា ក្រោយពីមានវត្តមានវៀតណាម ដែលបោះតាំងនៅតំបន់នេះ និងព្យាយាមបង្កើតថ្មីនូវរចនាបថជារបស់វៀតណាម ដូចជាធ្វើបង្គន់នៅលើភ្នំ និងរូបសំណាកព្រះនាងគង់ស៊ីអ៊ីម បណ្ដាលឲ្យឃុំហោងសំណំ ជួបគ្រោះរាំងស្ងួតជាដើម។ បន្ថែមពីនេះ ព្រះអង្គមានសង្ឃដីកាបន្តថា វៀតណាម តែងហាមឃាត់មិនឲ្យពលរដ្ឋខ្មែរឡើងចុះទៅលើភ្នំចាស់ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដូចបណ្ដាឆ្នាំកន្លងទៅនោះថែមទៀតផង។
ព្រះតេជព្រះគុណ សាន សុត៖ «ធ្វើទៅដូចជាធ្វើបង្គន់យកទៅដាក់ពីលើកន្លែងជាទីសក្ការបូជារបស់គេ ហើយដូចជារូបសក្ការជនជាតិវៀតណាម ហ្នឹង យកទៅដាក់នៅកន្លែងសក្ការរបស់ខ្មែរ ហើយធ្វើឲ្យប្រជាជននៅក្នុងឃុំហោងសំណំ ទាំងមូលហ្នឹង ពិបាកចិត្ត ដូចជាជួបគ្រោះផ្សេងៗអ៊ីចឹងទៅណាញោម ដូចជាគ្រោះរាំងស្ងួតអីចឹងដែរ គ្រោះរាំងស្ងួតទុក្ខភ័យព្រួយ អារឿងដូចថាយូរៗទៅគេលែងចង់ឲ្យយើងចូលទៅក្នុងទីសក្ការរបស់យើង»។
ក៏ប៉ុន្តែ មន្ត្រីនិយាយថា ការបញ្ឈប់សកម្មភាពនៃការស្ថាបនានៅលើភ្នំចាស់នេះ ធ្វើឡើងនៅគ្រាមានការទាមទារតវ៉ារបស់ពលរដ្ឋ និងក្រោយពីរកឃើញថា ការអនុវត្តគម្រោងខុសគោលការណ៍ណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប តាមបែបជារចនាបថខ្មែរម្ដងជាពីរដង។
ពាក់ព័ន្ធនឹងករណីនេះ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តកំពង់ស្ពឺ លោក សុន ជា បដិសេធថា ពុំមានជនជាតិវៀតណាម ទៅតាំងទីលំនៅ និងចង់បង្កើតតំបន់កាន់កាប់នៅភ្នំចាស់នោះទេ។ លោកបញ្ជាក់ថា អ្វីដែលឈានដល់ការបញ្ឈប់ជាស្ថាពរសកម្មភាព នៃការស្ថាបនាជាបន្តនោះ ក៏ដោយសារតែគម្រោងដែលបានព្រមព្រៀងឡើងរវាងអង្គការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងក្រសួងវប្បធម៌ ដើរបញ្ច្រាសទិសគ្នា។
លោក សុន ជា៖ «ពេលឯកភាពលើកំណត់ហេតុហើយ ពេលដែលធ្វើ គឺអង្គការហ្នឹងគឺបានគោរពតាមលក្ខខណ្ឌដែលកំណត់ហេតុទេ។ គាត់ធ្វើដោយមិនបានប្រាប់ប្រុងយើងជាមុន ហើយគាត់ចេះតែធ្វើៗទៅ វាខុសរចនាបថខ្មែរដែលយើងចង់បាន។ ហើយគាត់ធ្វើតទៅទៀតនោះ ដែលត្រូវគឺសំអាតទីធ្លាបានហើយ កសាងកញ្ចុះសម្រាប់អង្គុយលេងបានហើយ ធ្វើគម្របកសាងគ្របរបស់ព្រះបដិមាបានហើយ ហើយដែលធ្វើការដែលដានសម្រាប់ដើរបានហើយ។ ប៉ុន្តែ អ្វីដែលហួសពីហ្នឹងទៀត គឺគាត់ធ្វើខុសពីរចនាបថខ្មែរ គឺបង្គោលភ្លើងដែលវាមិនមែននិមិត្តរូបរបស់ខ្មែរ អាហ្នឹងហើយដែលយើងប្រឆាំង។ ទីពីរ គាត់ធ្វើអ្វីដែលយើងហាមឃាត់នៅក្នុងតំបន់មួយ តំបន់ស្នូល គេអត់ឲ្យធ្វើអីទេ។ គាត់ទៅកសាងការដែលធ្វើទឹកធ្លាក់សិប្បនិមិត្តមួយ ក្នុងតំបន់ស្នូល។ ហើយនិងគាត់ឡើងទៅតាំងរូបសំណាកផ្សេងៗនៅតាមល្អាងភ្នំ។ អ៊ីចឹង វាការខុសឆ្គងហ្នឹង គឺខុសឆ្គងទីមួយ ដោយមិនបានធ្វើតាមគោលការណ៍ ដែលយើងឲ្យធ្វើ ខុសឆ្គងទី២ គឺមិនអនុវត្តតាមកំណត់ដែលព្រមព្រៀង ខុសឆ្គងទីបី គឺធ្វើមិនប្រាប់យើងជាមុន»។
ទោះជាបែបណា ប្រជាពលរដ្ឋអះអាងថា ក្នុងការអភិវឌ្ឍនៅលើភ្នំចាស់នេះ មិនត្រឹមតែមានពលរដ្ឋវៀតណាម នោះទេ តែថែមទាំងមានព្រះសង្ឃវៀតណាម ផងដែរ។ បញ្ហានេះ ត្រូវបានពលរដ្ឋនៅក្នុងសហគមន៍ដាក់ការសង្ស័យថា ការបោះទីតាំងដ៏រឹងមាំបែបនេះ គឺចេតនាចង់គ្រប់គ្រងផ្ដាច់មុខ ខណៈពលរដ្ឋបញ្ជាក់ថា ជនជាតិវៀតណាម តែងលើកឡើងថាទីតាំងភ្នំចាស់នេះ គឺជាកម្មសិទ្ធិរបស់ពួកគេ និងព្យាយាមរឹតបណ្ដឹងមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចេញចូលបានដោយសេរី ដូចមុនទៀតនោះទេ។
បើទោះជាបែបនេះក្ដី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប ខេត្តកំពង់ស្ពឺ ថ្លែងថា ពុំមានជនជាតិវៀតណាម ដូចការរកឃើញរបស់ពលរដ្ឋនោះទេ។ លោកបញ្ជាក់ថា ការពិត វៀតណាម ដែលមានវត្តមាននៅភ្នំចាស់ គឺផ្នែកមួយនៃគម្រោងរបស់អង្គការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ តាមរយៈមូលនិធិរបស់លោក វ៉ិន សុផាត ជាជនជាតិវៀតណាម កាត់ខ្មែរ ពាក់ផ្កាយពីរនៅក្រសួងមហាផ្ទៃ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះពីប្រធានអង្គការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងលោក វ៉ិន សុផាត មន្ត្រីបម្រើការនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២។
ចាប់តាំងពីការបញ្ឈប់សកម្មភាព នៃការសាងសង់ក្រោយ២ថ្ងៃ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ រមណីយដ្ឋាន និងទីសក្ការបូជាភ្នំចាស់ សំណង់មួយចំនួនដូចជា រូបសំណាកព្រះនាងគង់ស៊ីអ៊ីម ត្រូវគេបំផ្លាញចោល និងសំណង់ដែលនៅសេសសល់មួយចំនួនទៀត ដូចជាបង្គោលភ្លើងតាមបែបរចនាបថវៀតណាម ក៏ប្រឈមនឹងការលុបបំបាត់នៅថ្ងៃខាងមុខដែរ។
វិលមករកលោក យ៉ាន់ យឺន វិញ លោកគិតថា ប្រសិនបើបន្តទុកឲ្យមានជនជាតិវៀតណាម បោះទីតាំងចូលមកដល់ភូមិសាស្ត្រដែលចាត់ទុកថាជាបុរាណស្ថាន សម្រាប់ពលរដ្ឋគោរពបូជារាប់ពាន់ឆ្នាំបែបនេះនោះ មានន័យថាភាពសុខសាន្តរបស់ពលរដ្ឋដែលធ្លាប់មាន ដូចជាជំនឿសាសនា ប្រពៃណី វប្បធម៌ នឹងត្រូវបាត់បង់។
លោក យ៉ាន់ យឺន៖ «នែ! រឿងពិតមុខថា ជាដីគេអ៊ីចឹង ហើយព្រោះគេនិយាយទៅខាងក្រៅៗថា កន្លែងអស់នេះសុទ្ធតែដីរបស់គេទាំងអស់ កន្លែងភ្នំក្ដី ទាំងកន្លែងព្រៃសហគមន៍អីក្ដីបាទ ហ្នឹងសុទ្ធតែរបស់គេទាំងអស់ ម្ល៉េះហើយ យើងខ្ញុំទាំងអស់គ្នាឮអ៊ីចឹងហើយ មានប្រតិកម្មដែរ...»៕
No comments:
Post a Comment
yes