លោកម៊ឹក ដារ៉ា និងលោកជា ឡេង(ខាងក្រោយ)នៅសាលាឧទ្ទរណ៍កាលពីម្សិលមិញ
ភ្នំពេញៈសាលាឧទ្ទរណ៍កាលពីព្រឹកថ្ងៃសុក្រនេះ បានបន្តសវនាការឧទ្ទរណ៍របស់លោកម៊ឹក ដារ៉ានិងលោកជា ឡេងក្នុងអង្គហេតុទី៦និងទី៧ ដែលក្នុងអង្គហេតុទី៦ លោកម៊ឹក ដារ៉ា និងជា ឡេង ត្រូវបានចោទប្រកាន់ពីបទក្លែងសំណុំរឿង និងដោះលែងជនសង្ស័យគ្រឿងញៀនចំនួនបីនាក់ និងរក្សារថយន្ត ឡង់គ្រូស៊ឺមួយគ្រឿង និងអាវុធពីរដើម និងប្រាក់ដុល្លារក្លែងក្លាយចំនួន៥ម៊ឺនសន្លឹកដែលបង្ក្របបាននៅថ្ងៃទី១៨ខែមិនាឆ្នាំ២០០៧នៅឯស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះបានមានប្រសាសន៍ថា សម្រាប់អង្គហេតុទី៦ លោក ជា ឡេងត្រូវបានចោទប្រកាន់ដោយសាលាដំបូងខេត្តបន្ទាយមានជ័យពីបទក្លែងសំណុំរឿង ដោះលែងជនសង្ស័យចំនួនបីនាក់ មិនបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ និងបំបាត់វត្ថុតាងបទល្មើស។ ចំណែកឯលោកម៊ឹក ដារ៉ាត្រូវបានចោទប្រកាន់ពីបទឃុបឃិតនិងផ្សំគំនិតជាមួយជា ឡេងក្នុងការក្លែងសំណុំរឿង និងចុះហេត្ថលេខាលើសំណុំរឿងក្លែងក្លាយ ដើម្បីបញ្ជូនទៅតុលាការចាត់ការ។
លោកបានបញ្ជាក់ថា សម្រាប់អង្គហេតុទី៧ លោកម៊ឹក ដារ៉ាពុំមានការពាក់ព័ន្ធទេ តែពាក់ព័ន្ធនឹងជា ឡេង និង ម៉ន ឌឿនដែលបានរត់គេចខ្លួន និងដែលបានត្រូវតុលាការដំបូងខេត្តបន្ទាយមានជ័យកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ។
ទាក់ទងនឹងអង្គហេតុទី៧នេះលោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី៣១ខែឧសភា ឆ្នាំ២០០៩ ឈ្មោះជា ឡេង បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបបទឧក្រិដ្ឋគ្រឿងញៀននៅចំណុចផ្សារអូរឫស្សីពីរ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងនៅចំណុចផ្ទះលេខ១៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញចាប់ខ្លួនជនល្មើសបានពីរនាក់ ឈ្មោះប្រាក់ សុភ័ក្រ ភេទស្រី និងឈ្មោះស៊ុន ហៃ ភេទប្រុស នឹងរឹបអូសបានគ្រឿងញៀនប្រភេទ យ៉ាម៉ាទំងន់១១៦ក្រាម ថង់ផ្លាស្ទិកចំនួនមួយដុំ ក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ១០០ដុល្លារចំនួនមួយសន្លឹក។ លុះដល់ថ្ងៃទី១មិថុនា ឆ្នាំ២០០៩ កម្លាំងសមត្ថកិច្ចដឹកនាំដោយព្រះរាជអាជ្ញាររង សាលាដំបូងខេត្តសៀមរាបឈ្មោះហេង ផេង ចូលរួមដោយលោកជា ឡេង និងសហការីចុះបានឆែកឆេរនៅផ្ទះរបស់ឈ្មោះ ថោង វាសនា រឹបអូសបានក្រដាសប្រាក់ដុល្លារក្លែងក្លាយចំនួន១៨០សន្លឹក ថ្នាំពណ៌ផ្កាឈូកចំនួន៤គ្រាប់ ថង់ផ្លាស្ទិកមួយចំនួន ម៉ូតូម៉ាកគ្លិក ពណ៌សរមួយគ្រឿង ម៉ូតូម៉ាកគ្លិក ព័ណខ្មៅ មួយគ្រឿង កាំភ្លើងខ្លី K៥៩ មួយដើម។ ទាក់ទងនឹងករណីខាងលើនេះដែរ នៅខេត្តបន្ទាយមានជ័យថ្ងៃទី៣ មិថុនាឆ្នាំ២០០៩ វេលាម៉ោង១៨ នាទីល្ងាច ឈ្មោះថោង រក្សា, ស្រី មុំ និងឈ្មោះ ពិន សុផលត្រូវឃាត់ខ្លួនដោយអនុសេនីយ៍ឯក ម៉ន ឌឿនហើយបានសួរចម្លើយជនល្មើសខាងលើ ហើយពួកគេបានសារភាពថា បានរកស៊ីគ្រឿងញៀនតាំងពីឆ្នាំ២០០០មកម្ល៉េះដែលថ្នាំញៀនទាំងនោះ បានមកពីឈ្មោះថោង វាសនាហៅអូន។ ឈ្មោះពិន សុផលបានសារភាពថា ខ្លួនជាអ្នកដឹកជញ្ជូនគ្រឿងញៀនឲ្យឈ្មោះថោង វាសនា និងចែកចាយឲ្យម៉ូយ។ ចំណែកឯជនល្មើសស្រី មុំ បានសារភាពថា ខ្លួនបានធា្លប់ជួញដូរគ្រឿងញៀនតាំងពីឆ្នាំ២០០៨មកម្ល៉េះ។ ក្រោយមកនៅថ្ងៃទី៥ មិថុនា ឆ្នាំ២០០៩ វេលាម៉ោង២រសៀល ឈ្មោះជា ឡេង និងម៉ន ឌឿន បានដោះលែងជនល្មើសឈ្មោះស្រី មុំ និងពិន សុផលឲ្យមានសេរីភាពវិញ ដោយមិនបញ្ជូនទៅតុលាការទេ ដើម្បីកាត់ទោសទេ។ ក្នុងពេលធ្វើសកម្មភាពនោះ ឈ្មោះជា ឡេង និងម៉ន ឌឿន បានឆ្លៀតឱកាសប្រមូលយកទ្រព្យសម្បត្តិរបស់ពួកគេទាំងពីរនាក់ដែលរឹបអូសបានចំនួន៣៦ឯកសារ រួមមាន សៀវភៅគ្រួសារ សំបុត្រកំណើត វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណបញ្ជាក់ការសិក្សាសៀវភៅស្នាក់នៅ គយ គឹមលន ពាក្យស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី កិច្ចសន្យាបញ្ចាំដី កិច្ចសន្យាផ្ទេរសិទ្ធិដីឡូត៍ កិច្ចសន្យាផ្ទេរសិទ្ធិចងការប្រាក់ និងកិច្ចសន្យាខ្ចីចងការប្រាក់។ល។ ឯកសារទាំងនេះ ឈ្មោះ ជា ឡេងទាមទារឲ្យដូរជាថ្នូរ និងម៉ូតូបីគ្រឿង ក្រោយមកឯកភាពគ្នា ថ្នូរនឹងម៉ូតូពីរគ្រឿងវិញ លុះដល់ពេលណាត់ជួបធ្វើការដោះដូរគ្នា បែរជាឈ្មោះជា ឡេង ប្រកែកមិនព្រមវិញ ហើយសាក្សីដែលដឹងរឿងនេះគឺលោក ឧត្តមសេនីយ៍ខៀវ សាម៉នដែលបច្ចុប្បន្នជានាយកថ្មីនៃមន្ទីរពិសោធន៍ និងប្រឆាំងគ្រឿងញៀន និងអគ្គលេខាធិកានៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា សវនាការឧទ្ទរណ៍របស់លោក ម៊ឹក ដារ៉ា លោកជា ឡេង និងម៉ន ឌឿន នឹងប្រព្រឹត្តទៅតាមគម្រោងជាបន្តបន្ទាប់ នៅថ្ងៃទី០៤ ដល់ថ្ងៃទី០៧ និងថ្ងៃទី១០ និង ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១២ ខាងមុខ។
No comments:
Post a Comment
yes