រូបភាពអាសអាភាស តែងតែវិវត្តទៅតាមសម័យកាលនៃបច្ចេកវិទ្យា និងការបង្កើតថ្មី នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់លោក បែកខេមពីរ ក្នុងឆ្នាំ២០០៧ ក្រោមចំណងជើងថា «ពីស៊ីឌីរូបទៅជាឌីវីឌី»។ ខណ:ពេលបណ្ដាញអ៊ីនធឺណិតកំពុងតែពេញនិយមនៅកម្ពុជា រូបភាព និងរឿងអាសអាភាស ក៏បានវិវត្ដខ្លួនពីសៀវភៅ ទស្សនាវដ្ដី ឬវីដេអូ រហូតដល់អ៊ីនធឺណិតថែមទៀត។ ទាំងនេះបញ្ជាក់ថា រូបភាព និងរឿងអាសអាភាស កាន់តែងាយស្រួលសម្រាប់ប្រជាជនខ្មែរ ពិសេសយុវវ័យក្នុងការចូលទស្សនានៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។
ប្រសិនបើពួកគេលួចមើលនៅទីកន្លែងស្ងាត់ណាមួយ វាមិនថ្វីនោះទេ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យយើងមិនអាចទ្រាំនឹងរិះគន់មិនបាននោះ គឺថាយុវជនខ្លះបាននាំគ្នាមើលរឿងក្ដៅសាច់ទាំងនេះនៅក្នុងពេល សិក្សា ជាពិសេសនៅបរិវេណសាលារៀនតែម្តង។
ប្អូនប្រុសដែលប្រាប់ឈ្មោះហៅក្រៅថា ប្រុសស្អាត អាយុ១៧ឆ្នាំ រៀននៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានរៀបរាប់ថា៖ «ខ្ញុំមើលវីដេអូសិចនៅក្នុងថ្នាក់រៀនតាមរយៈទូរស័ព្ទដៃ របស់ខ្ញុំ ពីព្រោះខ្ញុំមានអារម្មណ៍ធុញទ្រាន់នឹងគ្រូបង្រៀនណាស់ ។ គាត់បង្រៀនតែគាត់ ប៉ុន្ដែគាត់មិនបានដឹងថា ខ្ញុំ កំពុងតែធ្វើអ្វីទេ ពីព្រោះខ្ញុំយកសៀវភៅបាំងទូរស័ព្ទមិនឲ្យគាត់មើលឃើញឡើយ។ មិនមែនមានតែខ្ញុំទេដែលមើលរឿងក្ដៅសាច់ក្នុងថ្នាក់នោះ នៅមានសិស្សជាច្រើនទៀតក៏មើលដែរ»។
អ្វីដែលគួរឲ្យហួសចិត្ដបំផុត ប្អូនប្រុសរូបនេះ បានបន្ថែមទៀតថា ពួកគេមិនខ្មាសអៀនអ្វីឡើយ ដោយក្រុមប្រុសៗមើលជាមួយប្រុសៗ ហើយក្រុមស្រីៗនាំគ្នាមើលមួយបក្ខទៀត។
រីឯយុវនិស្សិតម្នាក់ឈ្មោះកញ្ញា ស.ស.រ ដែលនេះជាឈ្មោះអក្សរកាត់ វ័យ១៩ឆ្នាំ រៀននៅសាកល វិទ្យាល័យឯកជនមួយក្នុងរាជធានីភ្នំពេញ បានបង្ហើបពីអាថ៌កំបាំងក្នុងពេលសិក្សានៅវិទ្យាល័យថា ក្រុមប្រុសៗរមែងនាំគ្នាមើលវីដេអូសិចតាមទូរស័ព្ទរបស់ពួកគេ ហើយជួនកាលពួកគេបានបោះឲ្យសិស្សស្រីមើលទៀតផង។
កញ្ញាបានឃើញសិស្សប្រុសខ្លះលួចមើលរឿងសិចដោយត្រូវបិទបាំងពី ភ្នែកគ្រូបង្រៀន ដោយពួកគេលាក់ទូរស័ព្ទនៅក្រោមតុ ឬយកសៀវភៅបាំង ខណៈគ្រូកំពុងសរសេរមេរៀនលើក្ដារខៀន។
ទង្វើអសីលធម៌របស់សិស្ស-និស្សិតមួយចំនួនតូច បានជះឥទ្ធិពលអាក្រក់ដល់សាលា និងប៉ះពាល់ដល់អារម្មណ៍របស់សិស្ស-និស្សិតដទៃដែលមករៀនពិត ប្រាកដទៀតផង។
យោងតាមរបាយការណ៍សារណាថ្នាក់បញ្ចប់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ របស់ខ្ញុំផ្ទាល់ក្នុងឆ្នាំ២០១២នេះ ដែលបានសិក្សាអំពី «រូបភាព ឬរឿងអាសអាភាស និងអ្នកមើល» បានរកឃើញថា អ្នកមើលរូបភាព ឬក៏រឿងទាំងនោះ គឺជាចំណង់ចំណូលចិត្ដរបស់បុគ្គលផ្ទាល់ខ្លួន និងបានឃើញដោយចៃដន្យតាមរយៈឌីសវីដេអូ ទូរស័ព្ទដៃ និងកុំព្យូទ័រ។ ប៉ុន្តែក្នុងចំណោមឧបករណ៍បច្ចេកវិទ្យាទាំងនោះ ទូរស័ព្ទដៃជាឧបករណ៍ទំនើបពេញនិយមជាងគេ ដោយសារតែវាតូច និងងាយស្រួលកាន់មើលនៅពេលណាក៏បាន។
យ៉ាងណាមិញ ការញៀនមើលរឿនក្ដៅសាច់ វាជះឥទ្ធិពលអាក្រក់ដល់យុវជនកម្ពុជា និងសង្គមជាតិ។ ការស្រាវជ្រាវរបស់ខ្ញុំ បានបង្ហាញថា ក្រោយពីមើលរឿងអាសអាភាសរួច អ្នកឆ្លើយសំណួររបស់ខ្ញុំខ្លះ បានឲ្យដឹងថា ពួកគាត់មានអារម្មណ៍ផ្លូវភេទយ៉ាងខ្លាំង តែអាចគ្រប់គ្រងបាន ប៉ុន្តែក៏មានយុវជនដទៃទៀត ដែលទ្រាំមិនបាន ក៏ស្វះស្វែងរកសេវាកម្មផ្លូវភេទ ឬក៏ដៃគូស្នេហាដែលងាយប្រឈមនឹងការឆ្លងមេរោគអេដស៍ និងជំងឺផ្សេងៗ។ រីឯស្ដ្រីវិញ អាចមានផ្ទៃពោះដោយមិនបានព្រាងទុក ដែលបង្កឲ្យមានការរំលូតកូនចោល និងអាចប្រព្រឹត្ដបទឧក្រិដ្ឋទៀតផង។ លទ្ធផលនេះ ក៏បានឆ្លុះបញ្ចាំងនៅក្នុង របាយការណ៍របស់អង្គការទស្សន:ពិភពលោកកាលពីឆ្នាំ២០០៥ ដល់២០០៦ និងរបាយការណ៍របស់អង្គការដើម្បីសុខុមាលភាពរបស់កុមារកាល ពីឆ្នាំ២០០៣ ផងដែរ។
អ្វីដែលកាន់តែអស្ចារ្យថែមទៀត ពួកគេមិនត្រឹមតែមើលខ្លួនឯងទេ ប៉ុន្តែបានចែករំលែករឿង និងគេហទំព័រក្ដៅសាច់ផ្សេងៗដល់មិត្ដរួមថ្នាក់ស្រីៗដោយ គ្មានអៀនខ្មាសអីទាល់តែសោះ។
ជាក់ស្ដែង ម៉ៅជាឈ្មោះហៅក្រៅរបស់យុវសិស្សវិទ្យាល័យមួយ វ័យ២២ឆ្នាំ បានរៀបរាប់ថា៖ «ខ្ញុំចូលចិត្តមើលវីដេអូសិចបែបហិង្សា ហើយខ្ញុំពិតជាចង់អនុវត្តវាខ្លាំងណាស់ ពីព្រោះវាធ្វើឲ្យខ្ញុំមាន អារម្មណ៍ត្រេកត្រអាលបំផុត។ ខ្ញុំបានកុហកឪពុកម្តាយថា ខ្ញុំត្រូវការលុយដើម្បីរៀនគួរបន្ថែម ប៉ុន្ដែខ្ញុំបានចំណាយពី ៥ ទៅ១០ដុល្លារ ទៅបន្ធូរអារម្មណ៍ជាមួយស្ត្រីរកស៊ីផ្លូវភេទវិញ»។
បើនិយាយពីបញ្ហារបស់វាវិញ វាពិតជាប៉ះពាល់យ៉ាងខ្លាំងដល់សិស្ស-និស្សិតដែលរៀននៅក្នុង ថ្នាក់ជាមួយគ្នា។ វាធ្វើឲ្យបាត់បង់នូវសេចក្ដីថ្លៃថ្នូរ និងកិត្ដិយសរបស់បុគ្គលផ្ទាល់ គ្រួសារ និងសង្គមជាតិ ព្រមទាំងខាតពេលវេលារៀនសូត្រ និងរំខានអ្នកដទៃផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ អ្នកស្រីពុង ឈីវកេក ជាប្រធានអង្គការលីកាដូ និងជាប្រធានក្រុមអនុសញ្ញាស្តីពីការលុបបំបាត់រាល់់ទម្រង់ នៃការរើសអើងលើស្រ្តីភេទ មានប្រសាសន៍ថា វាជាសកម្មភាពអសីលធម៌ នៅពេលដែលកូនសិស្សមួយចំនួន មើលរូបភាព ឬរឿងអាសអាភាសក្នុងថ្នាក់។ វាជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំង ទាំងពេលវេលា លុយកាក់ និងកិត្តិយស។
អ្នកស្រី បានបន្ដថា៖ «សាលារៀនជាថ្នាលបណ្តុះបណ្តាល វាមិនមែនជាកន្លែងសម្រាប់មើលរឿងអាសអាភាសទេ។ ក្រសួងអប់រំគួរតែបង្កើតបទបញ្ជាឲ្យតឹងរ៉ឹងសម្រាប់ដាក់ទណ្ឌកម្មដល់សិស្សទាំងនោះ។ ម្យ៉ាងវិញទៀត គ្រូបង្រៀនគួរតែប្រុងប្រយ័ត្ន ហើយប្រមូលនូវឧបករណ៍អេឡិចត្រូនិកមករក្សាទុកនៅលើតុដើម្បីទប់ស្កាត់នូវបញ្ហាទាំងនេះ ប្រសិនបើអាចទៅរួច»។
អ្នកស្រី បានឲ្យដឹងថា នៅប្រទេសបារាំង កូនសិស្ស មិនត្រូវបានអនុញ្ញាតឲ្យយករាល់សម្ភារ អេឡិចត្រូនិក ចូលបន្ទប់រៀននោះទេ ដើម្បីឲ្យពួកគេយកចិត្តទុកដាក់ទៅលើមេរៀន។
អ្នកស្រី ពុង ឈីវកេក បានលើកឡើងទៀតថា៖ «ប្រទេសយើង គួរតែមានមុខវិជ្ជាអប់រំផ្លូវភេទ ដើម្បីអប់រំយុវជនយើងកុំឲ្យប្រព្រឹត្តអំពើអសីលធម៌នៅ ក្នុងថ្នាក់រៀនបែបនេះទៀត»។
ឆ្លើយតបនឹងសំណូមពរនេះដែរ លោក ថោង កែវប៊ុនណាត ដែលជាមន្រ្តីការិយាល័យផែនការនៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានអះអាងថា ក្រសួងអប់រំ និងសាលាមានបទបញ្ជាផ្ទៃក្នុងដើម្បីទប់ស្កាត់រាល់បញ្ហាអសីលធម៌របស់សិស្ស-និស្សិតមួយចំនួនតូច ដែលលួចមើលរូបភាព ឬរឿងអាសអាភាសក្នុងថ្នាក់។ រឿងនេះវាពាក់ព័ន្ធទៅនឹងការធ្លាក់ចុះនៃសីលធម៌សង្គម និងការវិវត្ដនៃប្រព័ន្ធបច្ចេកវិទ្យាទំនើប។
លោក បានគូសបញ្ជាក់ថា៖ «យើងទាំងអស់គ្នាត្រូវតែអប់រំណែនាំ និងផ្សព្វផ្សាយពីបញ្ហានេះ ឲ្យបានទូលំទូលាយ។ យើងមិនអាចទប់ស្កាត់ ក្រុម យុវជនកុំឲ្យមើលរឿងអាសអាភាសទេ ពីព្រោះវាជាសិទិ្ធរបស់ពួកគេ ប៉ុន្តែយើងអាចកាត់បន្ថយពួកគាត់ពីការប្រើប្រាស់នូវរូបភាពអាសអាភាស តាម រយៈការណែនាំរបស់លោកគ្រូអ្នកគ្រូ។ ម្យ៉ាងវិញទៀត យើងអាចបង្កើតជាកម្មវិធីអប់រំសីលធម៌សង្គម»។
លោក បានឲ្យដឹងថា នៅពេលនេះក្រសួងមិនអាចទាន់បង្កើតនូវកម្មវិធីអប់រំសុខភាព ផ្លូវភេទនៅឡើយទេដោយសារតែសង្គមខ្មែរនៅកាន់ទំនៀមទម្លាប់ប្រពៃណី។
លោកបានបន្ថែមថា៖ «យើងអាចបញ្ជ្រាបបញ្ចូលកម្មវិធីម្តងបន្តិចៗ ចៀសវាងការបើកចំហហួសហេតុ ដែលអាចធ្វើឲ្យយុវជនមានការភ្លើតភ្លើនខ្លាំង ដូចជា ករណីបុណ្យនៃសេចក្តីស្រឡាញ់ជាដើម។ ជាដំបូងយើងអាចបញ្ចូលកម្មវិធីអប់រំផ្លូវភេទបែបស្រាលៗ ស្ដីពីសីលធម៌សង្គម។
ចំពោះទង្វើអសីលធម៌របស់និស្សិតមួយចំនួន លោកគ្រូ សម ចាន់សុវណ្ណដារ៉ា បានបង្ហើបប្រាប់ថា មាននិស្សិតតិចតួចណាស់ ដែលមើលរឿងអាសអាភាស ប៉ុន្ដែនិស្សិតដែលលេងហ្គេម និងមើលរូបតារាពេលកំពុងរៀនមានច្រើន។
លោកគ្រូ បានបង្ហាញពីចំណាត់ការថា៖ «ខ្ញុំតែងតែប្រមូលឧបករណ៍អេឡិចត្រូនិកពីកូនសិស្ស ដើម្បីឲ្យពួកគេផ្តោតតែទៅលើមេរៀនរបស់ខ្ញុំប៉ុណ្ណោះ។ ប្រសិនបើមានអ្វីខុសប្លែក ខ្ញុំនឹងត្រួត ពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការលួចមើលរឿងសិចក្នុងថ្នាក់។
ដើម្បីទប់ស្កាត់ទង្វើអសីលធម៌ក្នុងសាលារៀន ក្រសួងអប់រំ គួរតែបង្កើតបទបញ្ជាដ៏តឹងរ៉ឹងបំផុតសម្រាប់ដាក់ទណ្ឌកម្ម។ ពិសេស លោកគ្រូអ្នកគ្រូ គួរតែយកចិត្តទុកដាក់ឲ្យមែនទែនពីសកម្មភាពសិស្សានុសិស្សរបស់ ខ្លួនទាំងអស់។ ប្រសិនបើអាចធ្វើទៅបាន លោកគ្រូអ្នកគ្រូ គួរតែសំណូមពរឲ្យកូនសិស្សបិទ ឬក៏រក្សាទុកឧបករណ៍អេឡិចត្រូនិកឲ្យឃ្លាតឆ្ងាយពីខ្លួន ដើម្បីទុកពេលឲ្យពួកគេអាចយកចិត្តទុកដាក់ទៅលើមេរៀន។
ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា សិស្ស-និស្សិតខ្លួនឯង គួរគម្បីកុំមើលរឿងអាសអាភាសនៅក្នុងសាលា ដែលអាចបំផ្លាញដល់កិត្តិយសខ្លួនឯង ថ្នាក់រៀន មិត្តភក្ដិ សាលារៀន និងសង្គមជាតិទាំងមូល។ រដ្ឋាភិបាល ក៏គួរតែពិចារណាពីការដាក់បញ្ចូលមុខវិជ្ជាអប់រំផ្លូវភេទ សម្រាប់កម្មវិធីសិក្សា របស់ជាតិក្នុងគោលបំណងបំបាត់នូវបញ្ហាដែលបានកើតឡើងខាង លើ៕
No comments:
Post a Comment
yes