សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 20, 2012

គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំបន់​អបគមន៍​អំពាវនាវ​ឲ្យ​ដោះលែង​សាច់ញាតិ


គ្រួសារ​ជន​ជាប់​ចោទ ៣​នាក់ ដែល​អាជ្ញាធរ​ចោទ​ប្រកាន់​ពី​បទ​បង្កើត​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​ជន​ជាប់​ចោទ​ទាំង​នោះ​វិញ ដើម្បី​អាច​រក​ស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​ខ្ចី និង​កូន​តូចៗ​ដែល​កំពុង​តែ​មាន​ជំងឺ។
Provided photo
ពលរដ្ឋ ២​នាក់​ដែល​ត្រូវ​កម្លាំង​ប្រដាប់​អាវុធ​ចាប់​បាន​ក្នុង​យុទ្ធនាការ​ការ​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។
កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ កង​កម្លាំង​ចម្រុះ​រាប់​រយ​នាក់ បាន​ចុះ​បង្ក្រាប និង​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ ១​ពាន់​គ្រួសារ ដែល​កំពុង​រស់នៅ​លើ​ដី​ក្នុង​តំបន់​សម្បទាន នៅ​ភូមិ​ប្រម៉ា ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ក្រុម​បង្កើត​តំបន់​អបគមន៍។ អាជ្ញាធរ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​កុមារី​អាយុ ១៤​ឆ្នាំ​ម្នាក់ ឈ្មោះ ហេង ចន្ថា បាន​ស្លាប់។ ភ្លាមៗ​នោះ​សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ឃាត់​ខ្លួន​មនុស្ស ៨​នាក់​ទៅ​សាកសួរ ហើយ​ក្រោយ​មក​ដោះ​លែង ៥​នាក់ និង ៣​នាក់​ទៀត រួម​មាន​ឈ្មោះ ចាន់ សុវណ្ណ ឈ្មោះ ភ័ណ្ណ ស្រឿន និង​ឈ្មោះ ទូច រិន ត្រូវ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ក្រចេះ ពី​បទ​ធ្វើ​កុបកម្ម​ប្រឆាំង​មន្ត្រី​សាធារណៈ និង​ដឹក​អាវុធ​ខុស​ច្បាប់។
អ្នកស្រី សុខ គា ប្រពន្ធ​ជន​ជាប់​ចោទ​ឈ្មោះ ទូច រិន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ថា ប្តី​អ្នកស្រី​មិន​មាន​ជាប់​ព័ន្ធ​នឹង​ក្រុម ប៊ុន រដ្ឋា ដែល​ចង់​បំបែក​រដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

អ្នកស្រី​ចង់​ឲ្យ​តុលាការ និង​រដ្ឋាភិបាល ជួយ​ផ្ដល់​យុត្តិធម៌​ដល់​ប្ដី​អ្នកស្រី និង​សង្ឃឹម​ថា ប្តី​គាត់​នឹង​មាន​សេរីភាព​វិញ អាច​ជួយ​រក​ស៊ី​ចិញ្ចឹម​គាត់ និង​កូន ត្បិត​សព្វថ្ងៃ​អ្នកស្រី​កំពុង​ជួប​បញ្ហា​ជីវភាព ដោយសារ​តែ​គាត់​កូន​ខ្ចី​មិន​អាច​រក​ស៊ី​ចិញ្ចឹម​ខ្លួន និង​កូន ២​នាក់​បាន៖ «ខ្ញុំ​សូម​សំណូមពរ​ឲ្យ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះលែង​ប្ដី​ខ្ញុំ​មក​វិញ បើ​មិន​ដោះ​លែង​ប្ដី​ខ្ញុំ​មក​វិញ​ទេ គឺ​ខ្ញុំ​បី​នាក់​ម៉ែ​កូន​រង់ចាំ​តែ​ថ្ងៃ​ស្លាប់​ទេ»
អ្នកស្រី ប៉ាត ធន ប្រពន្ធ​ជន​ជាប់​ចោទ ភ័ណ្ឌ ស្រឿន ឲ្យ​ដឹង​ដែរ​ថា ប្តី​របស់​គាត់​កំពុង​ឈឺ​ក្នុង​ពន្ធនាគារ ហើយ​គាត់​គ្មាន​លទ្ធភាព​ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​ក្នុង​ពន្ធនាគារ​នោះ​ទេ។
អ្នកស្រី​បន្ត​ថា កូន ៥​នាក់ ក្នុង​បន្ទុក​មាន​ជំងឺ​គ្រប់​គ្នា គាត់​គ្មាន​លុយ​យក​កូន​ទៅ​មន្ទីរពេទ្យ ដោយសារ​តែ​ជីវភាព​ពិបាក រក​មួយ​ពេល​សម្រាប់​តែ​មួយ​ពេល​ប៉ុណ្ណោះ។ អ្នកស្រី​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះ​លែង​ប្ដី​គាត់​មក​វិញ ដើម្បី​អាច​ឲ្យ​គាត់ និង​កូន​មាន​ទី​ពំនាក់​ដូច​មុន។
អ្នកស្រី សុវណ្ណ ថ្លង់ កូនស្រី​ជន​ជាប់​ចោទ​ម្នាក់​ទៀត ឈ្មោះ ចាន់ សុវណ្ណ ឲ្យ​ដឹង​ស្រដៀង​គ្នា​ដែរ ដោយ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ពី​ករណី​នេះ​ឡើង​វិញ ព្រោះ​ថា ឪពុក​របស់​គាត់​មិន​ដែល​ស្គាល់​ឈ្មោះ ប៊ុន រដ្ឋា ដែល​ចង់​បំបែក​រដ្ឋ​នោះ​ឡើយ៖ «ជីវភាព​ខ្ញុំ​ពិបាក​ណាស់ ខ្វះ​ខាត ម្ដាយ​ខ្ញុំ​ក៏​ឈឺ ពុក​ក៏​ជាប់​ពន្ធនាគារ ហើយ​លុយ​ក៏​គ្មាន»
វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ចុក ងួន ចៅក្រម​ស៊ើប​សួរ​ខេត្ត​ក្រចេះ បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។
តែ​បើ​តាម​លោក ឡុង លន់ មេធាវី​របស់​អង្គការ​អាដហុក ជួយ​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​ទាំង ៣​នាក់​នោះ ប្រាប់​ថា សំណុំ​រឿង​នេះ​ត្រូវ​បាន​តុលាការ​ខេត្ត​ក្រចេះ ផ្ទេរ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ ហើយ​លោក​មិន​ច្បាស់​ថា ករណី​នេះ​បញ្ចប់​ការ​ស៊ើបសួរ​ហើយ ឬ​នៅ​នោះ​ទេ។
ក្រៅ​ពី​ឃុំ​ខ្លួន​ជន​ជាប់​ចោទ ៣​នាក់​នោះ តុលាការ​ខេត្ត​ក្រចេះ ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មនុស្ស ៥​នាក់​ទៀត ដែល​គេ​ចាត់​ទុក​ថា ជា​មេដឹកនាំ​ចលនា​បំបែក​រដ្ឋ។ តែ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ពួក​គេ​ទាំង​នោះ​ចូល​សារភាព ដោយ​សន្យា​ថា គ្មាន​ការ​យក​ទោសពៃរ៍​នោះ​ទេ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ថា មនុស្ស ៤​នាក់ ដែល​មាន​ដីកា​ចាប់​ខ្លួន​នោះ បាន​សារភាព​អស់​ហើយ គឺ​នៅ​សល់​តែ​ឈ្មោះ ប៊ុន រដ្ឋា ប៉ុណ្ណោះ ដែល​ជា​មេខ្លោង៖ «៧​នាក់​ដែល​ចេញ​មក​តាម​បទបញ្ជា ចេញ ៦ ហើយ​រាប់​ទាំង​អ្នក​មួយ​ទៅ​ដល់​ថៃ ក្នុង​នោះ ៥​នាក់​មាន​ដីកា​ចាប់​ខ្លួន ចេញ​មក ៤​ហើយ អ្នក​ដែល​មាន​ដីកា​ចាប់​ខ្លួន​នៅ​តែ ប៊ុន រដ្ឋា ទេ ឥឡូវ​អ្នក​ឯង​យ៉ាង​ម៉េច​ពន្យល់​ច្បាប់​ទៅ»
ការ​ចោទ​ប្រកាន់​ថា មាន​ការ​បង្កើត​តំបន់​អបគមន៍​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដោយ​ថា លោក ម៉ម សូណង់ដូ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​កុមារី ហេង ចន្ថា និង​ចលនា​ចង់​បំបែក​រដ្ឋ​នៅ​ភូមិ​ប្រម៉ា។
ករណី​ដដែល​នេះ​ក៏​បាន​បន្លាយ​ទាញ​យក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ជាប់​ពាក់ព័ន្ធ​ផង​ដែរ ដោយ​តុលាការ​ក្រុង​ភ្នំពេញ បាន​កោះ​ហៅ​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​អាដហុក ឲ្យ​ចូល​បំភ្លឺ​ក្រោម​បទ​ចោទ​ថា ផ្ដល់​ជំនួយ​ដល់​ចារី​ជាអាទិ៍។ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​លោក ចាន់ សុរ៉េត ប្រកែក ហើយ​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចាត់​ទុក​ថា ជា​រឿង​នយោបាយ៕

No comments:

Post a Comment

yes