ក្រុមសហគមន៍ការពារព្រៃឈើឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ឲ្យដឹងថា ក្រៅពីកាប់រានព្រៃអនាធិបតេយ្យដើម្បីយកដី ក៏មានសកម្មភាពកាប់ឈើធ្វើអាជីវកម្មខុសច្បាប់បានកើតកាន់តែច្រើននៅក្នុងតំបន់ព្រៃសហគមន៍អភិរក្ស និងមិនមានការបង្ក្រាបពីក្រុមអាជ្ញាធរ។
ប្រជាពលរដ្ឋសហគមន៍ភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១២ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តចាត់វិធានការជាបន្ទាន់ បញ្ឈប់សកម្មភាពកាប់ឈើអនាធិបតេយ្យក្នុងតំបន់ព្រៃឈើសហគមន៍អភិរក្ស។
តំណាងសហគមន៍ លោក ប៊ុន ស្រួច មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះមានម៉ាស៊ីនកាត់ឈើប្រមាណ ១០គ្រឿង ត្រូវបានគេប្រើអារច្រៀកឈើនៅតំបន់ភ្នំឡាវ ភ្នំកាចាង និងអូរជង ហើយដឹកជញ្ជូនតាមរថយន្តកែច្នៃក្នុងមួយថ្ងៃ ៣ ទៅ ៤រថយន្ត ចេញពីក្នុងព្រៃកាត់តាមផ្លូវភូមិតឺន ដោយមិនមានសមត្ថកិច្ចណាបង្ក្រាបឡើយ។
លោកបន្តថា ក្រុមអ្នកនៅពីក្រោយសកម្មភាពអារឈើនេះជាបុគ្គលមានតួនាទីជានគរបាលនៅមូលដ្ឋាន ចំណែកសហគមន៍អ្នកបង្ក្រាបតែងរងការគំរាមកំហែងពីសមត្ថកិច្ចមូលដ្ឋានទាំងនោះ ដោយសំអាងថា ក្រុមសហគមន៍មិនមានសិទ្ធិចាប់ឃាត់រថយន្តដឹកជញ្ជូនឈើនោះបានទេ ពីព្រោះឈើនោះសំរាប់សាងសង់វត្ត៖ «មែនទែនម៉ាស៊ីនច្រើនណាស់ មិនដឹងធ្វើម៉េចទេបានៗហ្នឹង។ ដឹកឈើចេញតាមតឺនហ្នឹង រហូតរាល់យប់រាល់ថ្ងៃៗហ្នឹងអត់មានអ្នកណាចាប់ទេសុទ្ធតែប៉ូលិសគេធ្វើហ្នឹងណា!»។
ព្រះចៅអធិការវត្តភូមិតឺន ព្រះនាម ចាន់វុទ្ធី មានថេរដីកាថា ព្រះអង្គបានស្នើសុំអាជ្ញាធរឃុំទិញឈើពីព្រៃសហគមន៍ ដើម្បីសង់សាលាឆាន់មួយខ្នង ប៉ុន្តែបានផ្អាកទិញឈើតាំងពីខែកុម្ភៈ មកម៉្លេះ ដោយសារវត្តមិនមានបច្ច័យគ្រប់គ្រាន់។ ព្រះអង្គបដិសេធថា ការដឹកឈើអនាធិបតេយ្យនោះមិនមានពាក់ព័ន្ធឈើសាងសង់វត្តនោះទេ៖ «តាំងពីខែ២មក គឺអត់មានឈើចូលទេ ហើយកន្លងមកហ្នឹង ឈើចេញចូលហ្នឹង គឺអាត្មាអត់ដឹងទេ ហើយអ្នកអារឈើវត្តមានតែមួយទេ គឺតា ហ៊ុយ ហើយសាខាទាំងប៉ុន្មានអាត្មាអត់ដឹងទេ»។
ប្រធានភូមិតឺន លោក សាយ វ៉ង មានប្រសាសន៍ទទួលស្គាល់ថា ក្រុមអ្នកដឹកជញ្ជូនឈើបានបង់ប្រាក់ទៅឲ្យអាជ្ញាធរឃុំដើម្បីដឹកជញ្ជូនឈើចេញពីព្រៃដោយសំអាងថា ឈើនោះជាឈើសំរាប់សាងសង់វត្ត ក៏ប៉ុន្តែលោកសង្កេតឃើញថា ចាប់ពីចុងឆ្នាំ២០១១ រហូតបច្ចុប្បន្ន សកម្មភាពដឹកជញ្ជូនឈើនោះមិនទាន់បញ្ចប់ទេ ហើយនៅវត្តតឺន ក៏មិនឃើញមានឈើគ្រប់គ្រាន់សំរាប់សាងសង់សាលាឆាន់មួយខ្នងបាននៅឡើយ។
លោក សាយ វ៉ង៖ «ក្នុងមួយគូបហ្នឹងឲ្យគេបង់ហ្នឹង ៦០.០០០ ឲ្យសាលាឃុំណា! បើគេបង់គេចង់កាប់ហ្នឹង គេមិនខ្លាចបង់យើងទេ អ៊ីចឹងយើងផ្អាកបាន យើងបានលទ្ធផលខ្លះ។ កាប់ឃាត់មិនឈ្នះទេ ពេលយប់គេដឹងហ្នឹងពីណាឈ្នះចាំហ្នឹង»។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភីន បានណែនាំថា សហគមន៍មានតួនាទីចូលរួមបង្ក្រាបបទល្មើសព្រៃឈើសហគមន៍ ឬធ្វើពាក្យប្តឹងពីជនណាមួយបានកាប់បំផ្លាញព្រៃឈើ។លោកបន្តថា ក្នុងករណីបទល្មើសជាក់ស្ដែង ប្រសិនក្រុមសហគមន៍មិនអាចរារាំងសកម្មភាពដឹកជញ្ជូនឈើបាននោះ សហគមន៍ត្រូវធ្វើរបាយការណ៍ពីសកម្មភាព និងអត្តសញ្ញាណអ្នកដឹកជញ្ជូនឈើមកខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់វិធានការបង្ក្រាប។
លោក ផាន់ ភីន៖ «បើសិនជាមានការកាប់ព្រៃឈើក្នុងសហគមន៍ គាត់គួរតែរាយការណ៍មកខណ្ឌរដ្ឋបាលព្រៃឈើដើម្បីមានវិធានការ។ ខ្ញុំជឿថា អ្នកដែលកាប់ហ្នឹងមិនមែនប្រជាជនអត់ស្គាល់នោះទេ ឲ្យគាត់កត់ឈ្មោះវាមើលអ៊ីចឹង យើងទៅធ្វើការយើងទៅម្តងហើយជួនកាលយើងទៅអត់ជួបណា!»។
ឃុំតឺននៅមានសេសសល់ព្រៃពាក់កណ្ដាលស្រោង និងព្រៃឈើសហគមន៍អភិរក្សមួយផ្នែកធំ។ កាលពីដើមឆ្នាំ២០១២ កន្លងទៅ សកម្មភាពកាប់រានព្រៃយកដីបានកើតមានច្រើនករណី និងមានមន្ត្រីកងប្រដាប់អាវុធនគរបាល កងរាជអាវុធហត្ថជាប់ពាក់ព័ន្ធកាប់រានព្រៃនេះ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី គឺលោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍បញ្ជាក់ថា កន្លងទៅនេះបទល្មើសព្រៃឈើនៅតំបន់នោះ មានជាប់ពាក់ព័ន្ធមេឃុំអ្នកចេញលិខិតទិញលក់ដីព្រៃសហគមន៍ ហើយករណីនេះក្រុមសហគមន៍បានដាក់ពាក្យប្តឹងទៅស្ថាប័នអយ្យការរួចហើយ ប៉ុន្តែមិនទាន់ឃើញចំណាត់ការបែបណានៅឡើយ។
លោកអំពាវនាវសុំឲ្យស្ថាប័នតុលាការបំពេញភារកិច្ចរបស់ខ្លួន និងចាត់វិធានការដាក់ទោសទណ្ឌដល់អ្នកប្រព្រឹត្តខុស៖«សហគមន៍បានបង្ហាញភស្តុតាងខ្លះដែរ ដែលមេឃុំបានចុះហត្ថលេខាលក់ទិញដីព្រៃកន្លែងហ្នឹង ហើយការដឹកចេញមានទាក់ទងខាងប៉ុស្តិ៍។ យើងនឹងធ្វើការស្រាវជ្រាវ ហើយយើងនឹងដាក់ពាក្យប្ដឹងបុគ្គលដែលទទួលខុសត្រូវ អាជ្ញាធរមូលដ្ឋាន តាមមាត្រាទី១០០»។
យ៉ាងនេះក្តីសមាជិកសហគមន៍ភូមិតឺន មានគ្នា ១៥នាក់ រួមទាំងប្រធានភូមិ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែសីហា បានជួបប្រជុំគ្នានៅភូមិតឺន និងបានសំរេចចិត្តធ្វើពាក្យប្ដឹងពីករណីនេះជូនខណ្ឌរដ្ឋបាលព្រៃឈើនៅសប្តាហ៍ក្រោយ៕
No comments:
Post a Comment
yes