សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 21, 2012

ក្មេង​មួយ​ក្រុម​ប្រទះ​ឃើញ​ពុទ្ធ​បដិមា​៦​អង្គ

120821_08
ពុទ្ធ​បដិមា ៦ អង្គ ដែល​ក្មេង​ប្រុស​មួយ​ក្រុម​ នៅ​ក្នុង​ស្រុក​កំពង់​លែង បាន​ប្រទះ​ឃើញ​​

កំពង់ឆ្នាំងៈ ពុទ្ធដិមា​ធ្វើ​ពី​សំរឹទ្ធ ចំនួន ៦ អង្គ ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ ត្រូវ​បាន​រក​ឃើញ ដោយ​ក្មេង​ៗ​មួយ​ក្រុម កាល​ពី​ចុង​សប្តាហ៍។ នេះ​បើ​យោង​តាម​ក្រុម​អាជ្ញាធរ ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ។
ក្មេង​ប្រុស​មួយ​ក្រុម ដែល​ទៅ​លេង​ទឹក​នៅ​ស្រះ​មួយ ​ជិត​ផ្ទះ​របស់​ពួកគេ ក្នុង​ស្រុក​កំពង់​លែង បាន​ប្រទះ​ឃើញ​បដិមា​ធ្វើ​ពី​លោហៈ នៅ​ក្នុង​គំនរ​ដី ដែល​ទើប​កាយ​ពី​ក្នុង​ទឹក​ថ្មីៗ។
អភិបាល​ស្រុក កំពង់លែង​លោក​ ម៉ោន ​អៀងលី បាន​ថ្លែង​ថា៖ «ក្មេងៗ​ទាំង​នោះ កំពុង​ហែល​ទឹក​លេង នៅ​ក្នុង​ស្រះ​ ដែល​ទើប​ជីក​ថ្មីៗ នៅ​ជិត​ផ្ទះ​របស់ពួក​គេ ហើយ​នៅ​ពេល​ពួក​គេ​ចេញ​ពី​ស្រះ​នោះ ក្មេង​ប្រុស​ម្នាក់ ​បាន​ឃើញ​វត្ថុ​ធ្វើ​ពី​លោហៈ​មួយ នៅ​ក្នុង​គំនរ​ដី ទើប​ជីក​ចេញ​ពី​ស្រះ​នៅ​ជិត​នោះ។ ក្រុម​ក្មេង​ប្រុស​ទាំង​នោះ គិត​ថា វា​ប្រហែល​ជា​លោហៈ ដែល​អាច​យក​ទៅ​លក់​បាន​»។ ​ក្រុម​ក្មេងៗ​ទាំង​នោះ​បាន​នាំ​គ្នា​ជីក​ដី​នោះ ហើយ​បាន​ប្រទះ​ឃើញ​ពុទ្ធ​បដិមា​ចំនួន ៦ អង្គ​ដែល ៣ អង្គ​ជា​បដិមា​ឈរ និង ៣​ អង្គ​ទៀត ជា​បដិមា​អង្គុយ​ហើយ​ដែល​ទំនង​ជា​ត្រូវ​បាន​ផលិត​ឡើង នៅ​សតវត្សរ៍​ទី ១១ និង​ទី ១២។ ក្មេងៗ​ទាំង​នោះ បាន​យក​ពុទ្ធ​បដិមា​ទាំង​នោះ ទៅ​ឲ្យ​ឪពុក​ម្តាយ​របស់​ពួក​គេ។
លោកអៀង​លី បន្ត​ថា​៖«​ខ្ញុំ​បាន​ទទួល​ព័ត៌​មាន ពី​គ្រួសារ​ក្មេងៗ​ទាំង​នោះ ហើយ​បន្ទាប់​មក ខ្ញុំបាន​ទាក់​ទង​ទៅ​មន្រ្តី​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត ដើម្បី​ឲ្យ​មក​មើល​បដិមា​ទាំង​នោះ ​ហើយ​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ខេត្ត»។

អភិបាល​ស្រុក​រូប​នេះ​ បាន​បន្ត​ទៀត​ថា សម័យ​បុរាណ ស្រុក​កំពង់លែង មាន​ប្រាសាទ​មួយ​ចំនួន។ លោក​បន្ត​ថា​៖ «យើង​បាន​ផ្តល់​ប្រាក់​ និង​អង្ករ​មួយ​ចំនួន ជា​រង្វាន់ សម្រាប់​ការ​នាំ​យក​បដិមា​ទាំង​នោះ ដើម្បី​មក​រក្សា​ទុក​នៅ​សារមន្ទីរ ចៀស​វាង​ការ​បាត់​បង់​ឬ​លួច»។
លោក សុក ធួក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់​ឆ្នាំង បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា មន្ត្រី​របស់​លោក បាន​យក​បដិមា​ទាំង​នោះ ទៅ​រក្សា​ទុក ​នៅ​សារមន្ទីរ​ខេត្ត​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ប្រាកដ​នោះ​ទេ ថា​តើ​នឹង​ត្រូវ​ទុក​នៅ​សារ​មន្ទីរ​នេះ ជា​អចិន្រៃ្តយ៍ ឬ​យ៉ាង​ណា​នោះ​ទេ។
លោក សឺន ស៊ូប៊ែរ្តិ៍ អតី​ត​សមាជិក​ក្រុម​ប្រឹក្សា នៃ​អង្គការ​ឃ្លាំ​មើល​បេតិកភណ្ឌ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្ន បាន​ថ្លែង​ប្រាប់​ភ្នំ​ពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា ស្រុក​កំពង់​លែង ជា​តំបន់​ប្រវត្តិសាស្រ្ត​សំខាន់​មួយ​មុន​សម័យ​អង្គរ។ លោក ថ្លែង​បន្ត​ថា៖ «​ក្នុង​អំឡុង​សម័យ​ព្រះ​បាទ​នរោត្តម សីហនុ ​ប្រជាជន​បាន​យក​វត្ថុ​បុរាណ ដែល​ពួក​គេ​ប្រទះ​ឃើញ​បែប​នេះ ទៅ​ទុក​នៅ​វត្ត ហើយ​ព្រះ​ចៅ​អធិការ រក្សា​ទុក​វត្ថុ​បុរាណ​ទាំង​នោះ។ ប៉ុន្តែ​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម និង​អំឡុង​សម័យ​សង្គ្រាម​ស៊ីវិល ព្រះ​ចៅ​អធិការ​វត្ត​មួយ​ចំនួន បាន​យក​វត្ថុ​បុរាណ​ទាំង​នោះ​ទៅ​លាក់​ទុក​ដោយ​បោះ​ចូល​ទៅ​ក្នុង​ស្រះ​ឬ កប់​ក្នុង​ដី ដើម្បី​កុំ​ឲ្យ​វត្ថុ​បុរាណ​ទាំង​នោះ ទទួល​​រង​ការ​បំផ្លិច​បំផ្លាញ»។
លោក​បន្ត​ថា​៖ «ប្រភេទ​បដិមា​ទាំង​នេះ មាន​តម្លៃ​ជា​ប្រាក់​យ៉ាង​ខ្លាំង សម្រាប់​ឈ្មួញ​បដិមា​ឬ​កន្លែង​ផ្សេងៗ ដូច​ជា កន្លែង​ទិញ​វត្ថុ​បុរាណ»។ លោក​ថ្លែង​ទៀត​ថា លោក​អបអរ​សាទរ ចំពោះ​អាជ្ញាធរ​មូល​ដ្ឋាន​ដែល​ចង់​អភិរក្ស​វត្ថុ​បុរាណ​ទាំង​នោះ៕

No comments:

Post a Comment

yes