គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ី (AHRC) បានលើកឡើងនៅក្នុងលិខិតមួយរបស់ខ្លួកាលពីម្សិលមិញថា គេគ្រោងស្នើទៅអង្គការសហប្រជាជាតិឲ្យជួយអន្តរាគមន៏ដោះលែងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និង ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែលត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញចាប់ឃុំខ្លួនក្នុងព័ន្ធនាគារជាងមួយខែមកហើយ ពាក់ព័ន្ធសំណុំរឿងដីធ្លីនៅខេត្ត ក្រចេះ។
កាលពីម្សិលមិញដែរគណៈកម្មាធិការនេះបានធ្វើការអំពាវនាវឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌គឺលោក អង្គវង្ស វឌ្ឍនា ធ្វើការដោះលែងលោក ម៉ម សូណង់ដូ ជាបន្ទាន់បើសិនពុំមានភស្តុតាងគ្របគ្រាន់ស្របតាមច្បាប់ទេនោះ ។ ជាមួយគ្នា AHRCក៏បានបង្ហាញពីក្ដីកង្វល់អំពីបញ្ហាសុខភាពលោក ម៉ម សូណង់ដូ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលកាន់តែមានស្ថានភាពអាក្រក់ទៅៗ ។
លោក ម៉ម សូណង់ដូ ដែលមានវ័យ៧០ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទ១៥កក្កដា ក្រោមបទ ផ្តើមគំនិតប្រឆាំងនឹងរាជការសាធារណៈ , ការធ្វើកុប្បកម្មប្រឆាំង , ជ្រៀតជ្រែកដោយខុសច្បាប់ក្នុងកិច្ចការសាធារណៈ និង ការញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរ ស្របច្បាប់ ទាក់ទងសំណុំរឿងដីធ្លីមួយនៅភូមិ ប្រមា ឃុំ កំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលរាប់រយនាក់បានបើកការវាយប្រហារយ៉ាងកម្រោលកាលពីថ្ងៃទី ១៦ កុម្ភៈ ធ្វើឲ្យក្មេងស្រីជំទង់ម្នាក់ស្លាប់ និង ចាប់ខ្លួនបុរសអ្នកភូមិមួយចំនួន ជាមួយស្នារ ពីរបី ដើម ដែលគេប្រើដើម្បីបាញ់សត្វជាវត្ថុសំអាង ចំពោះបទចោទដ៏ធំដែលថា មានផែនការអបគមន៏ទឹកដី ៕
No comments:
Post a Comment
yes