មន្ត្រីព្រំដែនកម្ពុជា-ថៃ និងមន្ត្រីសង្គមស៊ីវិល បានអះអាងថា សមត្ថកិច្ចថៃបានបន្តប្រើហិង្សាបាញ់សម្លាប់ប្រជាពលរដ្ឋកម្ពុជា តាមព្រំដែនមិនទាន់មានសញ្ញាថយចុះទេ។ មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា ៦ខែដើមឆ្នាំ២០១២ សមត្ថកិច្ចថៃបានបាញ់សម្លាប់ និងចាប់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ដាក់ពន្ធនាគារមានជាង២០០នាក់។
មន្ត្រីព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១២ សមត្ថកិច្ចថៃ បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរតាមព្រំដែនកម្ពុជា-ថៃ មានចំនួន៣៨នាក់។
លោកឧត្តមសេនីយ៍ត្រី ពេជ្រ វណ្ណា ជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោកបានឲ្យដឹងនៅថ្ងៃទី១៤ ខែសីហា ថា ៦ខែដើមឆ្នាំ២០១២ ករណីពលរដ្ឋចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ឬតាមព្រំដែនកម្ពុជា-ថៃ ត្រូវសមត្ថកិច្ចថៃបាញ់ស្លាប់ជិត៤០នាក់ របួសចំនួន១០នាក់ ចាប់ដាក់ពន្ធនាគារ១៩៤នាក់ និងបាត់ខ្លួនម្នាក់ សរុបមានចំនួន២៤៣នាក់ ប៉ុន្តែ ថៃបានដោះលែងឲ្យមានសេរីភាពវិញចំនួន៨០នាក់។
លោក ពេជ្រ វណ្ណា៖ «យើងមានតែទប់ស្កាត់ប្រជាពលរដ្ឋយើងកុំឲ្យចូលទៅក្នុងទឹកដីគេ ទៅកាប់ព្រៃ កាប់ឈើ របស់គេ។ យើងមិនដឹងជាទៅឃាត់គេមិនឲ្យបាញ់មិនកើតទេ បើប្រជាពលរដ្ឋយើងចេះតែលួចចូលកាប់ព្រៃកាប់ឈើគេអ៊ីចឹងនោះ។ យើងគ្រាន់តែមានសិទ្ធិសំណូមពរគេឲ្យមានការយោគយល់ កុំឲ្យមានការបាញ់សម្លាប់ទៀត ត្រូវធ្វើទៅតាមច្បាប់ប្រទេស។ ព្រោះប្រជាពលរដ្ឋយើងបានទប់ស្កាត់គ្រប់បែបយ៉ាង តែមិនដឹងជាលួចចូលតាមណា ទប់មិនជាប់»។
មន្ត្រីព្រំដែនឲ្យដឹងថា ភាគច្រើននៃជនរងគ្រោះខ្មែរ ដែលត្រូវថៃបាញ់សម្លាប់ និងចាប់ដាក់ពន្ធនាគារ ជាប់ទាក់ទងករណីចូលកាប់ឈើ និងករណីឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។
ទាក់ទិនបញ្ហានេះ លោក ស៊ុំ ចន្ទគា ប្រធានសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានទទួលស្គាល់ថា សមត្ថកិច្ចថៃ ពិតជាបន្តប្រើហិង្សាបាញ់សម្លាប់ពលរដ្ឋខ្មែរ នៅតាមព្រំដែនពិតមែន ទោះមន្ត្រីប្រទេសទាំងពីរបានជួបពិភាក្សាគ្នាច្រើនលើកបែបណាក្តី។
លោក ស៊ុំ ចន្ទគា៖ «គ្រាន់តែចរចាបានតែពីរថ្ងៃ នាពេលកន្លងទៅ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្រែកកុំឲ្យមានការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែ ពីរថ្ងៃក្រោយមក គឺមានការបាញ់សម្លាប់កើតឡើង។ យើងឃើញថា ទាក់ទិនបញ្ហាហ្នឹង ថៃបានគឃ្លើនហាក់ដូចជាមិនបានយកចិត្តទុកដាក់គិតអំពីសិទ្ធិមនុស្ស ចំពោះប្រទេសរបស់ខ្លួនដែលមានច្បាប់។ មិនបានគិតទៅលើជីវិតរបស់មនុស្សត្រូវការរស់រានមានជីវិត ត្រូវការសេចក្តីថ្លៃថ្នូរ ត្រូវការគេយកចិត្តទុកដាក់ និងការពារ ប៉ុន្តែថៃ នៅតែបន្តបាញ់សម្លាប់ ធ្វើទុក្ខបុកម្នេញធំដុំ រហូតប៉ះពាល់ដល់ជីវិតខ្មែរយ៉ាងនេះ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ថ្កោលទោសចំពោះរដ្ឋាភិបាលថៃ ដែលបង្កឲ្យមានអំពើហិង្សាបាញ់សម្លាប់ពលរដ្ឋខ្មែរ តាមព្រំដែន បន្តកើតមានរាប់សិបករណី ជារៀងរាល់ឆ្នាំ។
របាយការណ៍របស់មន្ត្រីព្រំដែនកម្ពុជា-ថៃ បានបង្ហាញថា ៦ខែដើមឆ្នាំ២០១២ នេះ សមត្ថកិច្ចថៃ បានចាប់បញ្ជូនពលរដ្ឋកម្ពុជា ឆ្លងដែនខុសច្បាប់មកកម្ពុជាវិញបានជិត១.៥០០លើក សរុបចំនួនមនុស្សមានជិត៧ម៉ឺននាក់ ស្ត្រីមានជិត២ម៉ឺន៥រយនាក់។
របាយការណ៍ដដែល ក៏បានឲ្យដឹងថា មានប្រជាពលរដ្ឋខ្មែរជាង១លាន៩សែននាក់ បានឆ្លងដែនទៅកាន់ប្រទេសថៃក្នុងរយៈពេល៦ខែ ឆ្នាំ២០១២។
សមត្ថកិច្ចព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា ភូមិសាស្ត្រតាមបណ្តោយព្រំដែនកម្ពុជា-ថៃ សរុបមានជាង៨០០គីឡូម៉ែត្រ គិតចាប់ពីច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង រហូតដល់ច្រកមុំបី ខេត្តព្រះវិហារ។
ខេត្តមានភូមិសាស្ត្រជាប់ព្រំដែនកម្ពុជា-ថៃ មានចំនួន៧ខេត្ត គឺខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ សរុបមានច្រកព្រំដែនចំនួន២២ច្រក និងច្រកព្រំដែនអន្តរជាតិមានចំនួន៦ច្រក៕
No comments:
Post a Comment
yes