មេភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានបំណងលាឈប់ពីតំណែង ដោយសារតែលោកពុំអាចការពារដីធ្លីរបស់លោក និងរបស់អ្នកភូមិបាន។
លោក នុត សាមឿន មេភូមិទឹកល្អក់ លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ សីហា ថា ដីស្រែរបស់លោកទំហំជាង៦០អារ ព្រមទាំងដីស្រែរបស់អ្នកភូមិ២គ្រួសារទៀត សរុបជិត២ហិកតារ ត្រូវបានក្រុមហ៊ុនមួយដែលលោកគ្រាន់តែដឹងថាជារបស់ជំទាវភរិយាមន្ត្រីជាន់ខ្ពស់មួយរូប ក្នុងរាជរដ្ឋាភិបាល បានរំលោភយក៖ «វាអយុត្តិធម៌ពេកសម្រាប់ខ្ញុំ។ ក្រុមហ៊ុននេះឈ្មោះថៃថេរៈគុណ ជារបស់ជំទាវម្នាក់ដែលខ្ញុំក៏មិនស្គាល់ឈ្មោះដែរ។ ខ្ញុំបានធ្វើលិខិតសំណូមពរទៅស្រុក ទៅខេត្ត ឲ្យជួយដោះស្រាយ ព្រោះអ្នកភូមិនេះគ្មានអ្នកណាមានដីស្រែច្រើនទេ។ គ្រួសារខ្ញុំក៏ដូច្នោះដែរ»។
លោកមេភូមិបន្តថា ដីនេះលោក និងអ្នកភូមិ២គ្រួសារទៀត បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ មក ហើយបានបង្កបង្កើនផលលើដីនេះជាប់លាប់ មិនដែលខកខាននោះទេ។ ស្រាប់តែកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២ មានលោកជំទាវម្នាក់បានយកគ្រឿងចក្រមកឈូសឆាយរំលោភយក។ លោក ថៃ ហ៊ី ដែលជាតំណាងឲ្យលោកជំទាវរូបនោះ គ្រាន់តែប្រាប់ថា ដីនេះជាដីរបស់លោកជំទាវមានប្លង់កាន់កាប់រួចហើយ។
ប្រភពពីអ្នកភូមិបានឲ្យដឹងថា កាលពីឆ្នាំ២០០៧ លោក ថៃ ហ៊ី ជាតំណាងឲ្យលោកជំទាវម្នាក់ ដែលអ្នកភូមិមិនស្គាល់ឈ្មោះ បានមកទិញដីនៅតំបន់នេះ មានអ្នកភូមិជាច្រើនបានយល់ព្រមលក់។ ប៉ុន្តែមាន៣គ្រួសារ ដែលមិនព្រមលក់ ក្នុងនោះមានលោក នុត សាមឿន មេភូមិទឹកល្អក់ ផងដែរ។
ទោះបីជាគ្រួសារទាំង៣មិនបានលក់ដីនេះក៏ដោយ ក៏លោកជំទាវរូបនោះបានធ្វើប្លង់គ្របដណ្ដប់ទាំងដីរបស់គ្រួសារទាំង៣នេះដែរ។
លោកមេភូមិទឹកល្អក់ សំដែងការងឿងឆ្ងល់ថា ក្នុងនាមលោកជាអាជ្ញាធរភូមិ លោកគួរតែបានដឹងថា នរណាជាម្ចាស់ដីនៅទីណា ក្នុងភូមិរបស់លោក ផ្ទុយទៅវិញ មានគេធ្វើប្លង់ដីដោយលោកពុំបានដឹងផង។ លោកបន្តថា លោកបានដាក់បណ្ដឹងទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តហើយ តែហាក់គ្មានប្រសិទ្ធភាព ទើបលោកអាក់អន់ចិត្ត និងចង់លាឈប់ពីតំណែង៖ «ចំពោះខ្ញុំជាមេភូមិ ដល់តែក្រុមហ៊ុនមួយសោះមករំលោភយកដីធ្លីបានដោយគ្មានទំនាក់ទំនងសោះ មើលរំលងអាជ្ញាធរភូមិអ៊ីចឹង ខ្ញុំយល់ថា ធ្វើមេភូមិវាអត់ប្រយោជន៍ដដែល។ គេមកយកដីធ្លីរបស់ខ្ញុំ ដោយគ្មានសមត្ថកិច្ចថ្នាក់លើជួយរកខុសត្រូវ អ៊ីចឹង ខ្ញុំដូចជាហួសចិត្តពេក»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីលោក ថៃ ហ៊ី ដែលជាតំណាងឲ្យលោកជំទាវដែលអ្នកភូមិមិនស្គាល់ឈ្មោះនោះបានទេ នៅល្ងាចថ្ងៃទី២៨ សីហា នេះ។
យ៉ាងនេះក្ដី អភិបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល ច័ន្ទថូ មានប្រសាសន៍ថា អាជ្ញាធរស្រុកកំពុងស្រាវជ្រាវបញ្ហាទំនាស់ដីធ្លីនេះ ដើម្បីបញ្ជូនករណីនេះទៅឲ្យខេត្តជាអ្នកសម្រេច៖ «យើងស្រាវជ្រាវ ហើយធ្វើរបាយការណ៍លាយលក្ខណ៍អក្សរទៅឲ្យខេត្ត។ រឿងនេះ យើងត្រូវតែដោះស្រាយហើយ។ រឿងនេះយឺតយ៉ាវបន្តិច ដោយសារវាមានភាពស្មុគស្មាញ ព្រោះបញ្ហាបានកើតឡើងតាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ដូច្នេះ យើងត្រូវការពេលវេលាស្រាវជ្រាវឲ្យបានល្អិតល្អន់»។
ទាក់ទិនចំពោះបញ្ហាទំនាស់ដីធ្លីនេះ អភិបាលរងទទួលបន្ទុកដោះស្រាយវិវាទដីធ្លីខេត្តកំពង់ឆ្នាំង គឺលោក ចេង ញ៉ាន់ សំណូមពរឲ្យលោកមេភូមិអត់ធ្មត់។ លោកថា នៅពេលទទួលបានរបាយការណ៍លំអិតពីអាជ្ញាធរស្រុក លោកនឹងធ្វើការដោះស្រាយបញ្ហានេះភ្លាម៕
No comments:
Post a Comment
yes