សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 29, 2012

ពលរដ្ឋ​ព្រមាន​បិទ​ផ្លូវ​ចេញ​ចូល​ក្រុមហ៊ុន​សុកហ្វីន នៅ​មណ្ឌលគិរី


ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី អះអាង​ថា អ្នក​ភូមិ​នឹង​លើក​គ្នា​ទៅ​បិទ​ផ្លូវ​ចេញ​ចូល​កសិដ្ឋាន​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ សុកហ្វីន ខេស៊ីឌី (Socfin KCD) ដើម្បី​ជា​លក្ខខណ្ឌ​ឲ្យ​ក្រុម​មន្ត្រី អាជ្ញាធរ​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន ឲ្យ​ប្រគល់​ដី​ប្រជាពលរដ្ឋ ដើម្បី​ចុះ​បញ្ជី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។
តំណាង​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៦ ក្នុង​ឃុំ​ប៊ូស្រា បាន​កំណត់​ពេល​រហូត​ដល់​ដើម​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ទុក​ពេល​ឲ្យ​អាជ្ញាធរ​ដោះស្រាយ ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច សុកហ្វីន ខេស៊ីឌី យល់​ព្រម​ឲ្យ​ក្រុម​និស្សិត​វាស់វែង​ដី​ប្រជាពលរដ្ឋ​ជាង​មួយ​រយ​គ្រួសារ ដែល​មាន​ដី​ជាប់​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន។
ការ​ព្រមាន​ដាក់​លក្ខខណ្ឌ​របស់​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែ​សីហា ឆ្នាំ​២០១២ ខណៈ​ពេល​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ​រស់នៅ​ភូមិ​ចំនួន​៦ ក្នុង​ឃុំ​ប៊ូស្រា បាន​នាំ​គ្នា​មក​សាលា​ឃុំ និង​ដាក់​លក្ខខណ្ឌ​ឲ្យ​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ ដោះស្រាយ​ការ​តវ៉ា​របស់​ពួក​គាត់។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៧ លោក ង៉េះ ណាំ មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នឹង​នាំ​គ្នា​បិទ​ផ្លូវ​ចេញ​ចូល​ទៅ​ការដ្ឋាន​ក្រុមហ៊ុន ប្រសិន​បើ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​អូស​បន្លាយ​លើស​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ​នេះ។ លោក​បន្ត​ថា ក្រុម​ការងារ​វាស់វែង​ដី ជាពិសេស​ក្រុម​និស្សិត​របស់​រាជ​រដ្ឋាភិបាល​កំពុង​វាស់វែង​ដី​នៅ​ឃុំ​ប៊ូស្រា ពួក​គេ​បដិសេធ​មិន​វាស់វែង​ដី​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​នោះ​ឡើយ៖«គេ​ថា​ចូល​ទាមទារ​បិទ​ផ្លូវ​ក្រុមហ៊ុន កុំ​ឲ្យ​ក្រុមហ៊ុន​ចេញ​ចូល។ មិន​មែន​មេឃុំ​ថា​ទេ ប្រជាពលរដ្ឋ​ចាំ​មើល​ដល់​ក្រុមហ៊ុន​ឆ្លើយ​តប​ថា ថ្ងៃ​បួន​ដោះស្រាយ គេ​រង់ចាំ​ដែរ»
មេឃុំ​ប៊ូស្រា លោក យឿន សារីន មិន​ធ្វើ​អត្ថាធិប្បាយ​ពិស្ដារ​ពី​លក្ខខណ្ឌ​របស់​ប្រជាពលរដ្ឋ​ទេ ក៏ប៉ុន្តែ​លោក​អះអាង​ថា ក្រុម​អាជ្ញាធរ​នឹង​ដោះស្រាយ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ៖ «គេ​កំពុង​រៀបចំ​ហើយ​ការងារ​ហ្នឹង សប្ដាហ៍​ក្រោយ​ហ្នឹង»
ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​៧ភូមិ នៅ​ឃុំ​ប៊ូស្រា តាំង​ពី​ឆ្នាំ​២០០៧ មក បាន​តវ៉ា​ជាច្រើន​លើក​ជាមួយ​ក្រុមហ៊ុន​សុកហ្វីន បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ទៅ​លើ​ដី​ស្រែ ដី​ចម្ការ​វិល​ជុំ ដី​តំបន់​ទី​សក្ការៈ និង​ដី​កប់​សព​ប្រពៃណី​ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ឆ្នាំ​២០១០ ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ចុះ​កិច្ច​ព្រមព្រៀង​បី​ចំណុច គឺ​ផ្តល់​សំណង​ជា​ប្រាក់ ឬ​ប្ដូរ​ដី​សង​ប្រជាពលរដ្ឋ​តាម​ទំហំ​ដី និង​គុណភាព​ដី​របស់​ប្រជាពលរដ្ឋ ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ និង​ដាំ​កៅស៊ូ​ប្រវាស់​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​តាម​ទំហំ​ដី​របស់​ប្រជាពលរដ្ឋ​មាន​ជាក់ស្តែង។
មន្ត្រី​កម្មវិធី​ចងក្រង​សហគមន៍ នៃ​សមាគម​អាដហុក លោក នី សុខា ឲ្យ​ដឹង​ថា លក្ខខណ្ឌ​បិទ​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ជា​ថ្នូរ​ការ​ទាមទារ​មិន​ប្រសើរ​ទេ ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​គ្មាន​ជម្រើស។ លោក​បន្ត​ថា ការ​អង្កេត​បឋម​របស់​លោក រក​ឃើញ​ថា ក្រុមហ៊ុន​ហាក់​ដូច​មិន​មាន​ចេតនា​ដោះស្រាយ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ៖ «អាជ្ញាធរ​ត្រូវ​តែ​មាន​ការ​ដោះស្រាយ​ឲ្យ​មាន​តម្លាភាព កុំ​ឲ្យ​ឈាន​ទៅ​ដល់​បិទ​ផ្លូវ ពីព្រោះ​រឿង​ហ្នឹង មិន​មែន​ជា​រឿង​ល្អ​ទេ ទាំង​ប្រជាជន​ក៏​គាត់​ខាត​ដែរ ខាត​ទាំង​ពេល​វេលា ខាត​ទាំង​អ្វី​ទាំង​អស់។ តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន មាន​១១៧​គ្រួសារ ដែល​គាត់​មិន​ទទួល​យក​លុយ ហើយ​ដី​របស់​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ ហើយ​ដាំ​កៅស៊ូ​រួច​ទៀត»
របាយការណ៍​អង្កេត​របស់​មន្ត្រី​កម្មវិធី​ចងក្រង​សហគមន៍ នៃ​សមាគម​អាដហុក ឲ្យ​ដឹង​ថា ដី​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន មាន​ជាង​៣០០​ហិកតារ។ ចំណែក​ប្រជាពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​កំពុង​រំលោភ​កិច្ច​សន្យា ពីព្រោះ​ក្រុមហ៊ុន​បាន​ធ្វើ​កិច្ច​សន្យា​ថ្មី​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ដែល​មិន​ព្រម​ទទួល​ប្រាក់ ឲ្យ​ជួល​ដី​ដែល​ក្រុមហ៊ុន​ដាំ​កៅស៊ូ​រួច​ហើយ​ពី​ក្រុមហ៊ុន​វិញ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ ក្រុមហ៊ុន​មិន​យល់​ព្រម​ឲ្យ​ក្រុម​និស្សិត​វាស់វែង​ដី​ប្រជាពលរដ្ឋ ដែល​ក្រុមហ៊ុន​ចុះ​កិច្ច​សន្យា​ដាំ​កៅស៊ូ​ប្រវាស់​នោះ​ឡើយ៕

No comments:

Post a Comment

yes