ប្រជាពលរដ្ឋដែលចូលចាក់សាំងនៅស្ថានីយប្រេងតូតាល់នៅរាជធានីភ្នំពេញ
កាលពីថ្ងៃអាទិត្យម្សិលមិញ
«អ្វីដែលយើងចាប់អារម្មណ៍គឺសាំងនៅស្រុកខ្មែរហាក់ដូចជាពាក់ ព័ន្ធនឹងរឿងនយោបាយ ដូចជា មុនបោះឆ្នោត តម្លៃសំាងចុះស្របគ្នានឹងយុទ្ធនាការបោះឆ្នោត។ មន្ត្រីដែលមានបុងចាក់សាំងមិនគិតថ្លៃ គឺគេមិនខ្វល់អ្វីនោះទេ។ របៀបនៃការឡើងថ្លៃសំាងនៅកម្ពុជាគឺឡើងលឿន តែចុះយឺត»។
Monday, 20 August 2012 រ៉ាន់ រើយ
ប្រភព៖ភ្នំពេញបុស្តិ៍
ប្រភព៖ភ្នំពេញបុស្តិ៍
ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈនៅទីផ្សារកម្ពុជាបានហក់ឡើងយ៉ាងខ្ពស់មួយរំពេចកាលពីសប្តាហ៍មុន ចំនួន១៥០រៀល ដែលជាក្តីកង្វល់សម្រាប់អ្នកមានចំណូលទាបក្នុងការតស៊ូនឹងជីវភាពប្រចំាថ្ងៃ។
អ្នកឃ្លាំមើលបានលើកឡើងថា ការឡើងចុះតម្លៃ ប្រេងនៅកម្ពុជាទាក់ទងនឹងហេតុផលនយោបាយខណៈ តម្លៃហក់ឡើងលឿន រីឯការធ្លាក់ចុះវិញយឺត និងតិចតួចបំផុត។
កំពុងអង្គុយក្នុងតុកតុកចាំភ្ញៀវ នៅមុខភោជនីយដ្ឋានមួយនៅរាជធានីភ្នំពេញ ចេវ ចាន់នី ជាអតីតអ្នករត់ម៉ូតូឌុបជាង២០ឆ្នាំមកហើយ និងទើបតែបានប្តូរមករត់រ៉ឺម៉កកង់បីជាងកន្លះឆ្នាំមកនេះ ។
ក្នុងវ័យ៥៦ឆ្នាំ លោក ចាន់នី បាននិយាយថា ការឡើងថ្លៃប្រេងឥន្ធនៈរហូតដល់ទៅជិត៦ពាន់រៀលដូចសព្វថ្ងៃនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពដែលរកបានចំណូលដ៏តិចតួចរបស់គាត់៖ «ពេលសាំងមិនសូវថ្លៃ មួយថ្ងៃខ្ញុំអាចរកប្រាក់ចំណូលសល់បានប្រហែល២ម៉ឺនរៀល តែពេលសាំងឡើងថ្លៃចំណូលបានធ្លាក់មកត្រឹមជាង១ម៉ឺនរៀល ប៉ុណ្ណោះ។ រាល់ថ្ងៃខ្ញុំរកចិញ្ចឹមតែគ្រួសារវាមិនគ្រប់គ្រាន់ទៅទៀត»។ ក្នុងមួយថ្ងៃ អ្នករត់រ៉ឺម៉កកង់បីរូបនេះអាចរកចំណូលបានប្រមាណ៣ម៉ឺនរៀល ប៉ុន្តែលោកក៏ត្រូវប្រើប្រាស់សាំងអស់៣លីត្រផងដែរ ពោលគឺពាក់កណ្តាលទៅលើថ្លៃសាំង។
ទោះបីលោកដឹងថា សាំងនៅកម្ពុជាថ្លៃជាងប្រទេសជិតខាងក៏ដោយ ប៉ុន្តែលោកមិនបានយល់ពីមូលហេតុដែលនាំឲ្យប្រេងឡើងថ្លៃនោះទេ។ លោកនិយាយថា៖
«យើងធ្វើដំណើររាល់ថ្ងៃ យើងអត់ដឹងធ្វើអ្វីទេ គេឡើងក៏ឡើងទៅ! គេចុះក៏ចុះទៅ! បើយើងនាំគ្នាទៅតវ៉ា គេថា យើងទៅប្រឆាំង!»។ សម្រាប់ លោក ចាន់នី តម្លៃសំាងដែលសមរម្យគឺត្រឹម៣ពាន់រៀលក្នុងមួយលីត្រ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអ្នកល្បីខាងការរិះគន់ បានចេញលិខិតមួយចុះថ្ងៃទី១៦ ខែសីហា ដោយស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានចំណាត់ការបញ្ចុះតម្លៃប្រេងសំាងដែលកំពុងតែឡើងថ្លៃដូច សព្វថ្ងៃនេះ។
ក្នុងលិខិតអំពាវនាវនេះ លោក រ៉ុង ឈុន សរសេរថា៖ «ខណៈពេលតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ អ្នកទទួលរងផលប៉ះពាល់មុនគេនោះ គឺអ្នកដែលមានចំណូលប្រចាំថ្ងៃទាប»។ អ្នកដែលមានចំណូលទាបដែលលោកលើកឡើងរួមមាន កម្មករ កម្មការិនី គ្រូបង្រៀន មន្ត្រីរាជការ និងកសិករ។
បច្ចុប្បន្នប្រេងសាំងគឺមានតម្លៃ៥ ៦៥០រៀល សម្រាប់ប្រភេទស៊ូពែរ និង ៥៤៥០រៀលសម្រាប់ប្រភេទសំាងធម្មតា ដែលតម្លៃនេះបានហក់ឡើងម្តងរហូតដល់១៥០ រៀល។
លោក ប៊ិន ម៉ៃ មាលា ប្រធានទីផ្សារក្រុមហ៊ុន ប្រេងឥន្ធនៈថៃ PTT បាននិយាយការពារការដំឡើងថ្លៃសាំងថា មានកត្តាបីយ៉ាងធំៗដែលជះឥទ្ធិពលដល់តម្លៃ ប្រេងឥន្ធនៈនៅកម្ពុជាស្ទុះឡើងវិញ ដែលកត្តាទំាងនោះរួមមាន ភាពអស្ថិរភាពនៅតំបន់ផលិតប្រេងធំនៅមជ្ឈិមបូព៌ា គ្រោះធម្មជាតិកើនឡើងច្រើននៅក្នុងតំបន់អាស៊ីដូចជា ចិន និង ហ្វីលីពីន និង គ្រោះរាំងស្ងួតកើតឡើងនៅអាមេរិក បណ្តាលឲ្យខូចខាតវត្ថុធាតុដើមសម្រាប់ផលិតអេតាណុលយកទៅប្រើ លាយជាមួយសំាង និងម៉ាស៊ូត។ លោក បន្តថា ៖ «តម្លៃប្រេងនឹងមិនថយទេ តាមខ្ញុំមើលទៅ។ និន្នាការតម្លៃប្រេងសំាងនៅកម្ពុជាអាចនឹងឡើងថ្លៃយ៉ាងហោចពី១០០ ទៅ១៥០រៀលក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខទៀត»។
លោកបានទទួលស្គាល់ថា តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជាថ្លៃជាងប្រទេសជិតខាងសូម្បី តែប្រទេសឡាវដែលពុំមានសមុទ្រសម្រាប់ដឹកជញ្ជួនក្ដី។
លោក សន ជ័យ អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ី បូព៌ា និងប៉ាស៊ីហ្វិកប្រចាំកម្ពុជា និយាយថា ជាបទពិសោធសំាងនៅប្រទេសកម្ពុជាឡើងថ្លៃលឿន និងការចុះថ្លៃយឺត។
លោកបន្តថា៖ «អ្វីដែលយើងចាប់អារម្មណ៍គឺសាំងនៅស្រុកខ្មែរហាក់ដូចជាពាក់ ព័ន្ធនឹងរឿងនយោបាយ ដូចជា មុនបោះឆ្នោត តម្លៃសំាងចុះស្របគ្នានឹងយុទ្ធនាការបោះឆ្នោត»។
តម្លៃសំាងឡើងថ្លៃវាបណ្តាលឲ្យប៉ះពាល់រយៈពេលវែងដល់អ្នកប្រកប របរទំាងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ជាពិសេសអ្នកដែលមានចំណូលទាប៖ «មន្ត្រីដែលមានបុងចាក់សាំងមិនគិតថ្លៃ គឺគេមិនខ្វល់អ្វីនោះទេ។ របៀបនៃការឡើងថ្លៃសំាងនៅកម្ពុជាគឺឡើងលឿន តែចុះយឺត»។
លោក សន ជ័យ បានលើកឧទាហរណ៍ថា ពេលពិភពលោកប្រកាសថាសាំងឡើងថ្លៃ ទីផ្សារកម្ពុជាឡើងស្របពេលគ្នា តែពេលតម្លៃទីផ្សារពិភពលោកធ្លាក់ ឈ្មួញនៅកម្ពុជាអះអាងថា សាំងដែលគេទិញមកនោះ លក់មិនទាន់អស់ពីស្តុក៕
No comments:
Post a Comment
yes