ភ្នំពេញ ៖ សន្និសីទស្តីពីទំនាក់ទំនងមិត្តភាពរវាងរដ្ឋសភាកម្ពុជា និងសភាវៀតណាមអបអរសាទរឆ្នាំមិត្តភាព២០១២ និងខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៦៧-២០១២) បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ង្វៀង ស៊ីញហ៊ុង ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល អាជ្ញាធររាជធានីខេត្ត ក្រុង ក្រុមយុវជន និងក្រុមសិល្បៈនៃប្រទេសទាំងពីរនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២នៅសាលប្រជុំទីក្រុងហូជីមិញ ប្រទេសវៀតណាម។
លោកង្វៀង ស៊ីញហ៊ុង បានថ្លែងថា សន្និសីទនេះមិនត្រឹមតែជាឱកាសសម្រាប់យើងទាំងអស់គ្នារំលឹកឡើងវិញនូវចំណងមិត្តភាពដ៏ជិតស្និទ្ធ ជាប្រពៃណីរវាងប្រជាជាតិទាំងពីរវៀតណាម និងកម្ពុជា ដែលបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រនៃការតស៊ូការពារជាតិមាតុភូមិ ព្រមទាំងបន្តបង្ហាញការប្តេជ្ញាចិត្ត រួមចិត្តរួមថ្លើម ពួតដៃគ្នាជំរុញចំណងសាមគ្គីភាព មិត្តភាពនេះឲ្យបានខ្លាំងក្លាថែមទៀត រួមវិភាគទានក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ
ក៏ដូចជាសហប្រតិបត្តិការ ឈានឡើងមួយកំរិតថែមទៀត។ លោកជឿជាក់យ៉ាងមុតមាំថា សន្និសីទនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ រួមចំណែកបង្កើនទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរក៏ដូចជាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យបន្តមានការវិវត្តន៍រីកចម្រើនដោយស៊ីជម្រៅថែមទៀត។ រឹតបន្តឹងនូវចំណងមិត្តភាព តាមទិសដៅអ្នកជិតខាងភូមិផងដ៏ល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យរឹងមាំយូរអង្វែង រួមគ្នាកសាងអាស៊ានមួយសាមគ្គីរឹងមាំគោរពគ្នា និងជួយគាំទ្រគ្នាទៅវិញទៅមករួមវិភាគទានដល់ទិសដៅរួម គឺសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ប្រការទាំងនេះ នឹងឆ្លើយតបនឹងបំណងប្រាថ្នាយ៉ាងទទូច និងផលប្រយោជន៍នៃប្រជាជនទាំងពីរ ប្រទេសវៀតណាម និងកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា សន្និសីទសភាកម្ពុជា-វៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០១២ និងខួបអនុស្សាវរីយ៍៤៥ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជាវៀតណាម(២៤/០៦/១៩៦៧-២៤/០៦/២០១២) ជាឱកាសសម្រាប់សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាននិងយុវជននៃប្រទេសទាំងពីរជួបជុំផ្លាស់ប្តូរព័ត៌មាននិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសំដៅជំរុញទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យបានរឹងមាំយូរអង្វែងរវាងស្ថាប័នរដ្ឋាភិបាល និងរដ្ឋសភាទាំងពីរបណ្តាអាជ្ញាធរមូលដ្ឋានព្រមទាំងប្រជាជននៃប្រទេសទាំងពីរ។
សម្តេចបានសង្កត់ធ្ងន់ថា សន្និសីទដ៏ឱឡារិកនិងអធិកអធមនេះ ជាព្រឹត្តិការណ៍មានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ និងជាសក្ខីកម្មដ៏រស់រវើកគូសបញ្ជាក់ពីចំណងសាមគ្គីភាពស្អិតរមួត មិត្តភាពស្និទ្ធស្នាល និងសហប្រតិបត្តិការរឹងមាំយូរលង់រវាងប្រទេស និងប្រជាជនកម្ពុជាវៀតណាម។ កម្ពុជាសូមសំដែងនូវទឹកចិត្ត សោមនស្សរីករាយយ៉ាងខ្លាំងប្រកបដោយ មោទនភាពខ្ពស់ចំពោះទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការរឹងមាំលើគ្រប់វិស័យ សម្រាប់ជាឧត្តមប្រយោជន៍និងវិបុលភាពរបស់ប្រជាជនយើងទាំងពីរ។ ជានិច្ចកាលកម្ពុជាតែងបានចាត់ទុកវៀតណាមជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អនិងជាដៃគូល្អ។
សម្តេចបានសម្តែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងខ្លាំងចំពោះការប្រែប្រួលមុខមាត់ថ្មីវឌ្ឍនភាពដ៏អស្ចារ្យ និងឆាប់រហ័សនិងការរីកចម្រើនលើគ្រប់វិស័យដែលវៀតណាមសម្រេចបានក្នុងបុព្វហេតុលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការពារទឹកដីនិងអភិវឌ្ឍន៍ប្រទេសដែលធ្វើឱ្យសាធារណរដ្ឋសង្គមនិយមវៀតណាមល្បីល្បាញលើឆាកអន្តរជាតិ។
សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងជួយជួយឧបត្ថម្ភ មិនអាចកាត់ថ្លៃបាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដែលថ្នាក់ដឹកនាំ និងប្រទេសទាំងពីរបានផ្តល់ជូនគ្នាទៅវិញទៅមកទាំងក្នុងការតស៊ូរំដោះជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង ការពារប្រទេស និងពង្រឹងសន្តិភាព។
សម្តេចប្រធានរដ្ឋសភាក្នុងនាមសភាកម្ពុជា សូមគាំទ្រនិងអបអរសាទរចំពោះការខិតខំអនុវត្តប្រកបដោយជោគជ័យនូវសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សម្តេចបានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមកម្ពុជាវៀតណាម ដែលបានចុះហត្ថលេខានាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១១ នៅរាជធានីភ្នំពេញ គឺជាឯកសារប្រវត្តិសាស្ត្រសំរាប់បន្តពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការទូលំទូលាយ សំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនយើង និងការអភិវឌ្ឍប្រទេសទាំងពីរ និងដើម្បីបុព្វហេតុសុខសន្តិភាពនៅក្នុងតំបន់ និងលើសកលលោក៕
No comments:
Post a Comment
yes