មន្ត្រីរដ្ឋាភិបាលស្នើឲ្យលោក ប៊ុន រដ្ឋា ចេញមុខតទល់ចំពោះមុខច្បាប់ បន្ទាប់ពីលោក ប៊ុន រដ្ឋា បានអះអាងថា រដ្ឋាភិបាលប្រឌិតរឿងមូលបង្កាច់រូបលោកថាជាមេខ្លោងដឹកនាំបង្កើតតំបន់អបគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះ។
រដ្ឋាភិបាលស្វាគមន៍ចំពោះលោក ប៊ុន រដ្ឋា ក្នុងការចូលខ្លួនមកតតាំងរកការពិត ជុំវិញការចោទប្រកាន់ចំពោះមុខច្បាប់ និងតុលាការ។
លោក ប៊ុន រដ្ឋា ជាតំណាងប្រជាពលរដ្ឋប្រមាណជាងមួយពាន់គ្រួសារ ដែលមានវិបត្តិដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ក្រោយមកត្រូវរដ្ឋាភិបាលចោទថា បានបង្កើតតំបន់អបគមន៍ ហើយត្រូវបានរត់គេចខ្លួនទៅក្រៅប្រទេសនៅពេលដែលរដ្ឋាភិបាលដាក់កម្លាំងចុះបង្ក្រាបតំបន់នោះរហូតដល់សព្វថ្ងៃនេះ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍នៅថ្ងៃអង្គារ ទី២១ សីហា ថា ករណីរបស់លោក ប៊ុន រដ្ឋា មិនមែនជាការឆ្លើយឆ្លងពាក្យសម្ដីតាមប្រព័ន្ធផ្សព្វផ្សាយនោះទេ វាគឺជារឿងមានការចោទប្រកាន់តាមផ្លូវច្បាប់ ហើយត្រូវតែមានការបកស្រាយមួយជាផ្លូវការនៅចំពោះមុខតុលាការ។
លោក ផៃ ស៊ីផាន៖ «ករណីនេះជាករណីវិវាទរវាងអ្នកប្តឹង ឬជាអ្នកដាក់បន្ទុកជាមួយអ្នកត្រូវដោះបន្ទុក ឬជាជនជាប់ចោទ។ នេះជាការងារយុត្តិធម៌សុទ្ធសាធ ជាការងារបច្ចេកទេសទេ។ អ្វីដែលផ្សព្វផ្សាយតាមវិទ្យុអាស៊ីសេរីហ្នឹង អាហ្នឹងគ្រាន់តែជាព័ត៌មានដែលមិនអាចយកជាផ្លូវការបាន ដូច្នេះយើងទុកការងារនេះជូនតុលាការវិនិច្ឆ័យមើលថា តើចុងចម្លើយ និងអ្នកដោះបន្ទុកចុងក្រោយវាទៅជាយ៉ាងណា?»។
អភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង មានប្រសាសន៍ដែរថា រដ្ឋាភិបាលមានភស្តុតាង មានសាក្សីគ្រប់គ្រាន់ក្នុងការដាក់បន្ទុកលើលោក ប៊ុន រដ្ឋា ដែលបានប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ៖ «បើគាត់មិនបង្កើតអបគមន៍ ម៉េចគាត់ទៅចាប់ប៉ូលិសហែកឯកសារចោល របស់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលមិនឲ្យគេស្រង់ស្ថិតិ គាត់ទៅចាប់យោធា។ ហៅគេមកប្រជុំ ហើយគាត់គំរាមកំហែងអាយុជីវិតអ្នកមិនមកប្រជុំស្រែកថា ចង់ស៊ីថ្លើមអត់? គាត់ទៅដាក់បារាសយកលុយគេ គំរាមកំហែងវ៉ៃគេ បង្ខាំងមនុស្សខុសច្បាប់។ គាត់មានកាំភ្លើង មានស្នា ទៅជាហ្វូង ទៅជាក្បួន ប្រឆាំងជាមួយនឹងរដ្ឋអំណាច។ យើងមានភស្តុតាង មានឯកសារត្រឹមត្រូវទុកនៅតុលាការ»។
ប៉ុន្តែលោក ប៊ុន រដ្ឋា បានហៅការចោទប្រកាន់លើរូបលោក និងអ្នកដទៃទៀត ដូចជាលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការអាដហុកនោះ គឺជារឿងរៀបចំទុកជាមុនរបស់អាជ្ញាធរមន្ត្រីរដ្ឋាភិបាលដែលខុសពីការពិតទាំងស្រុង៖ «រដ្ឋាភិបាលគាត់អាចនិយាយថាអ៊ីចឹងបាន។ ទីមួយគាត់មានវិទ្យុ មានទូរទស្សន៍ គាត់អាចផ្សព្វផ្សាយលឿនជាងខ្ញុំ ប៉ុន្តែផ្ទុយមកវិញ អាវុធដែលគាត់ថា ប្រជាពលរដ្ឋកាន់នោះ គឺជាអាវុធបុរាណ គឺគាត់រៀបចំតែបីថ្ងៃប៉ុណ្ណោះ បូករួមទាំងបារាសកុងត្រូល គឺពីមុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់កម្លាំងទៅនោះ គឺអត់មានអាវុធ អត់មានអីទេ ប៉ុន្តែរយៈពេល ៣ថ្ងៃដែលលោក ហ៊ុន សែន បានទៅព័ទ្ធតំបន់នោះមិនឲ្យអង្គការសង្គមស៊ីវិល មិនឲ្យអ្នកសារព័ត៌មាន មិនឲ្យអង្គការសហប្រជាជាតិចូល គឺនៅក្នុងពេលនោះហើយគាត់ខំប្រមែប្រមូលដឹកអាវុធយកទៅគរដាក់តំបន់នោះ ហើយចាប់បង្ខំប្រជាពលរដ្ឋឲ្យកាន់អាវុធទាំងអស់ហ្នឹង ដើម្បីបំភ័ន្តភ្នែកសាធារណជនថា ពិតជាមានអាវុធមែន។ ប៉ុន្តែផ្ទុយមកវិញ បើលោក ហ៊ុន សែន កុំបិទឃុំកំពង់ដំរី បីថ្ងៃក្រោយពីគាត់បាញ់ប្រហារប្រជាពលរដ្ឋនោះ គឺគាត់អាចចោទប្រកាន់ខ្ញុំបានមួយរយភាគរយ»។
លោក ប៊ុន រដ្ឋា អះអាងទៀតថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការងារសមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ និងលោក ចាន់ សុវ៉េត នោះឡើយ។
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ស្រី មូរ សុខហួរ មានប្រសាសន៍ដែរថា មកដល់ពេលនេះហើយរដ្ឋាភិបាលគួរតែបង្ហាញភស្តុតាងពិតប្រាកដដើម្បីកុំឲ្យមានការចោទប្រកាន់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត៖ «តើការស៊ើបអង្កេតនោះដល់ណាហើយ? ហើយត្រូវតែយកមកបង្ហាញនូវភស្តុតាងទាំងអស់ ហើយភស្តុតាងដែលយើងដឹងនោះ ស្ទើរតែអត់មានទេ គឺអត់មានតែម្តង»។
អភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង មានប្រសាសន៍ថា រឿងនេះជាបច្ចេកទេសរបស់តុលាការ ដូច្នេះភាគីពាក់ព័ន្ធបើយល់ថាខ្លួនស្អាតស្អំនោះ គួរតែចូលខ្លួនមកតុលាការជាការស្រេច៖ «ម៉េចមិនចូលមក គេបង្ហាញភស្តុតាង ម៉េចចាំបាច់រត់ ហើយស្រែកពីចម្ងាយមកធ្វើអី? ចូលមកក្នុងមក ហើយតតាំងគ្នាតាមផ្លូវច្បាប់។ គេមានធ្វើអីយើងឲ្យតែយើងគោរពច្បាប់ គេធ្វើតែអ្នកមិនគោរពច្បាប់តើ!»។
លោក ប៊ុន រដ្ឋា មានប្រសាសន៍ពីក្រៅប្រទេសថា លោកមិនខ្លាចមកតតាំងចំពោះមុខតុលាការនោះទេ ប៉ុន្តែអ្វីដែលលោកបារម្ភនោះ គឺបញ្ហាតុលាការមិនទាន់មានភាពឯករាជ្យ៖ «ខ្ញុំចង់ណាស់ ខ្ញុំមិនចង់រស់នៅរបៀបគេចខ្លួនដូចសព្វថ្ងៃទេ ខ្ញុំចង់មានសេរីភាព ហើយខ្ញុំចង់ជួយប្រជាពលរដ្ឋដែលមិនទាន់រស់នៅស្របច្បាប់ មិនទាន់មានដីធ្លីឲ្យបានច្រើនទៅមុខទៀត មិនគួរណាខ្ញុំឆាប់បញ្ចប់ភារកិច្ចរបស់ខ្ញុំសោះ។ ហេតុផលដែលខ្ញុំមិនអាចទៅបកស្រាយនៅតុលាការបាន ដោយសារតុលាការនៅក្នុងប្រទេសកម្ពុជា វាអត់ឯករាជ្យ។ នៅថ្ងៃទី២៦ លោក ហ៊ុន សែន គាត់បាននិយាយច្បាស់ថា លោកអាចបង្វែរពីដីកាចាប់ខ្លួនទៅជាសាក្សីបាន លោកហ៊ានធានាជនណាដែលធ្វើខុសនៅឃុំកំពង់ដំរីហ្នឹង ឲ្យចេញមករួមដៃជាមួយលោក ដើម្បីទម្លាក់កំហុសទៅលើអ្នកដទៃ គាត់ឲ្យគេរួចខ្លួន។ អ៊ីចឹងបានន័យថា តុលាការនៅក្នុងស្រុកខ្មែរហ្នឹង ស្ថិតនៅក្រោមគាត់បញ្ជាទាំងអស់ ដូច្នេះបើខ្ញុំទៅបំភ្លឺនៅតុលាការ តើផលវិជ្ជមាន ឬអវិជ្ជមាន?»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ លោក អំ សំអាត គាំទ្រឲ្យមានការរកខុសត្រូវដោយសន្តិវិធី និងតាមផ្លូវច្បាប់ដើម្បីបញ្ចប់បញ្ហា ប៉ុន្តែលោកក៏បារម្ភចំពោះឯករាជភាពរបស់តុលាការដែរ ដែលអាចធ្វើឲ្យជនជាប់ចោទរងគ្រោះដោយអយុត្តិធម៌។
លោក អំ សំអាត៖ «ប៉ុន្តែបើយើងក្រឡេកមើលទៅតុលាការ យើងតែងតែឮហើយ ទាំងមតិជាតិ អង្គការអន្តរជាតិ ជាពិសេសអ្នករាយការណ៍ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មកទស្សនកិច្ច ហើយទៅវិញតែងតែសុំឲ្យរដ្ឋាភិបាលកម្ពុជា កែទម្រង់ប្រព័ន្ធតុលាការ ធ្វើយ៉ាងណាធ្វើឲ្យមានភាពឯករាជ»។
ទោះយ៉ាងណាលោកយល់ថា ការបកស្រាយរបស់លោក ប៊ុន រដ្ឋា អាចជាការសម្រាលបន្ទុកមួយដល់លោក ម៉ម សូណង់ដូ និងលោក ចាន់ សុវ៉េត បើសិនជាតុលាការធ្វើការប្រកបដោយវិជ្ជាជីវៈ និងពុំមានសម្ពាធពីភាគីណាមួយនោះ។
រឿងរ៉ាវនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នោះ តុលាការខេត្តក្រចេះ បានចាប់ឃុំខ្លួនជនជាប់ចោទ ៣នាក់ និងបានចេញដីកាចាប់ខ្លួនមនុស្ស ៥នាក់ទៀត ដែលគេចាត់ទុកថា ជាមេដឹកនាំចលនាបំបែករដ្ឋ។ តែរដ្ឋាភិបាលប្រកាសឲ្យពួកគេទាំងនោះចូលសារភាព ដោយសន្យាថា គ្មានការយកទោសពៃរ៍នោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី១ ខែសីហា ថា មនុស្ស ៤នាក់ ដែលមានដីកាចាប់ខ្លួននោះ បានសារភាពអស់ហើយ គឺនៅសល់តែឈ្មោះ ប៊ុន រដ្ឋា ប៉ុណ្ណោះដែលជាមេខ្លោង។
ការចោទប្រកាន់ថា មានការបង្កើតតំបន់អបគមន៍របស់រដ្ឋាភិបាលធ្វើឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដោយថា លោក ម៉ម សូណង់ដូ ត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់កុមារី ហេង ចន្ថា និងចលនាចង់បំបែករដ្ឋនៅភូមិប្រម៉ា។
ករណីដដែលនេះក៏បានបន្លាយទាញយកមន្ត្រីអង្គការសង្គមស៊ីវិលឲ្យជាប់ពាក់ព័ន្ធផងដែរ ដោយតុលាការក្រុងភ្នំពេញ បានកោះហៅលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការអាដហុក (Adhoc) ឲ្យចូលបំភ្លឺក្រោមបទចោទថា ផ្ដល់ជំនួយដល់ចារីជាអាទិ៍ ឬផ្ដល់ជំនួយដល់ជនជាប់ចោទគេចខ្លួន។ ការចោទប្រកាន់នេះត្រូវបានលោក ចាន់ សុរ៉េត ប្រកែក ហើយអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ចាត់ទុកថា ជារឿងនយោបាយ៕
No comments:
Post a Comment
yes