សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 29, 2012

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ចំពោះ​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​លោក ស៊ូប៊ែឌី


មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បញ្ចេញ​ប្រតិកម្ម​តប​នឹង​របាយការណ៍​របស់​​​លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ដែល​ចោទ​ការ​ដឹកនាំ​រដ្ឋាភិបាល​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។
RFA/Sok Serey
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ធ្វើ​សន្និសីទ​កាសែត​នៅ​ឯ​ទីស្នាក់ការ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​០១ ខែ​ធ្នូ ឆ្នាំ​២០១០។
ប្រតិកម្ម​នេះ​កើត​មាន​ក្រោយ​ពេល​លោក ស៊ូប៊ែឌី ចេញ​ផ្សាយ​របាយការណ៍​ឆ្នាំ​២០១២ ស្តី​អំពី​ការ​រំលោភ​បំពាន​របស់​រដ្ឋាភិបាល​លើ​​សិទ្ធិ​មនុស្ស សិទ្ធិ​​បញ្ចេញ​មតិ និង​សិទ្ធិ​លំនៅឋាន។
មន្ត្រី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ប្រតិកម្ម​ចំពោ​របាយការណ៍​របស់​​លោក សុរិយា ស៊ូប៊ែឌី ដែល​ទើប​ចែក​ផ្សាយ​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១២ ដែល​ចោទ​​ការ​ដឹកនាំ​របស់​​​រដ្ឋាភិបាល​បច្ចុប្បន្ន ថា​បាន​​រំលោភ​សិទ្ធិ​មនុស្ស និង​បង្ក​ឲ្យ​មាន​ជម្លោះ​​​ដីធ្លី​​ជាដើម។
លោក​​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​កម្ពុជា។ លោក​បាន​ប្រដូច​​​​របាយការណ៍​របស់​លោក ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​​​​​អង្គការ​​សហ​ប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​​កម្ពុជា ដូច​គ្នា​នឹង​សំឡេង​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

លោក ឱម យ៉ិនទៀង​ បាន​ថ្លែង​របៀប​ចំអក និង​ណែនាំ​ឲ្យ​លោក ស៊ូប៊ែឌី គួរ​ទៅ​ធ្វើ​​ជា​ទីប្រឹក្សា​​ឲ្យ​គណបក្ស​ប្រឆាំង​ជាជាង​មាន​នាទី​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ។ លោក​ថ្លែង​ដូច្នេះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​ពេល​ជូន​ដំណើរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូល​រួម​កិច្ចប្រជុំ​នៅ​ប្រទេស​អ៊ីរ៉ង់ និង​​​ប្រទេស​ចិន ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២។ លោក ឱម យ៉ិនទៀង ឲ្យ​ដឹង​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​​កម្ពុជា មិន​មែន​ល្អក់កករ​ដូច​របាយការណ៍​លោក​ សុរិយា ស៊ូប៊ែឌី បាន​ចងក្រង​នោះ​ទេ។
បន្ថែម​លើ​នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​បាន​ច្រានចោល​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ​ដែរ។ លោក​​ថា របាយការណ៍​​លោក ស៊ូប៊ែឌី ជា​រឿង​ចាស់ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កំពុង​វិវឌ្ឍន៍​​វិជ្ជមាន​ក្នុង​ប្រទេស​កម្ពុជា​ទេ។
លោក​​បន្ត​ថា សព្វថ្ងៃ​នេះ​​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​គោរព​សិទ្ធិ​មនុស្ស និង​ធ្វើ​កំណែ​ទម្រង់​ដីធ្លី​ទទួល​បាន​ជោគជ័យ​បំផុត។ ដូច្នេះ​លោក​ថា របាយការណ៍​របស់​លោក ស៊ូប៊ែឌី ដែល​ចោទ​​​កម្ពុជា ថា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស គ្រាន់​តែ​ជា​សារ​បន្ទរ​តាម​​សំឡេង​បន្ត​ពី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​​មួយ​ចំនួន​ទេ។
របាយការណ៍​លោក សុរិយា ស៊ូប៊ែឌី ផ្សព្វផ្សាយ​ថ្ងៃ​ទី​២៧ ខែ​សីហា ​បាន​បង្ហាញ​​រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​ឲ្យ​កើត​មាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស រំលោភ​សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​លំនៅឋាន បង្ក​ឲ្យ​មាន​ជម្លោះ​ដី​ដោយសារ​សកម្មភាព​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច នាំ​ឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​ស្ទើ​ទូទាំង​ប្រទេស​ជាដើម។
​​យ៉ាង​នេះ​ក្តី របាយការណ៍​របស់​លោក ស៊ូប៊ែឌី ទទួល​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​កម្ពុជា។
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា។ លោក​បាន​​ចាត់​ទុក​របាយការណ៍​លោក ស៊ូប៊ែឌី ថា​ពិត​ជា​ឆ្លុះ​ឲ្យ​ឃើញ​នូវ​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា​ពិត​ប្រាកដ។ លោក​ថា ​សព្វថ្ងៃ​នេះ​សិទ្ធិ​ជួប​ជុំ​ធ្វើ​កូដកម្ម-​បាតុកម្ម សិទ្ធិ​សម្ដែង​មតិ ឬ​សិទ្ធិ​មាន​លំនៅឋាន និង​សិទ្ធិ​មាន​ដី​ធ្វើ​កសិកម្ម ត្រូវ​គំរាមកំហែង និង​រង​គ្រោះ​ដោយសារ​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច។ លោក​ថា រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​បាន​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ឬ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ​ទេ។
ដូច​គ្នា​នេះ​ដែរ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី ក៏​បាន​គាំទ្រ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ដែរ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា សព្វ​ថ្ងៃ​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទឹក​ភ្នែក និង​មាន​ទុក្ខ​​ស្ទើរ​រាល់​ថ្ងៃ ព្រោះ​ពួកគាត់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ដីធ្លី និង​ផ្ទះ​សម្បែង​ដោយ​គ្មាន​សំណង​សមរម្យ ព្រោះ​រដ្ឋាភិបាល​ត្រូវ​ការ​ដី​សំរាប់​ធ្វើការ​អភិវឌ្ឍន៍។
លោក យឹម សុវណ្ណ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា សព្វថ្ងៃ ត្រូវ​ទទួល​ខុស​ត្រូវ​រាល់​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ​មិន​ត្រូវ​ពោល​ដោះសា​យក​ល្អ​នោះ​ទេ។
ទាក់ទង​បញ្ហា​នេះ លោក អ៊ូ ចន្ទឫទ្ធិ ជា​សមាជិក​សភា​គណបក្ស​សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា រដ្ឋាភិបាល​មិន​គួរ​មិន​ទទួល​ស្គាល់​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​រដ្ឋាភិបាល​អនុវត្ត​មិន​ទាន់​បាន​នោះ​ទេ។ លោក​បន្ត​ថា រូបភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​គំរាមកំហែង​ទៅ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល ​ប្រជាពលរដ្ឋ ឬ​កម្មករ កម្មការិនី​ជាដើម រដ្ឋាភិបាល​បាន​ប្រើ​ប្រព័ន្ធ​តុលាការ និង​កម្លាំង​ប្រដាប់​អាវុធ​សំរាប់​គាប​សង្កត់​ធ្ងន់ធ្ងរ​បំផុត។
​ទោះយ៉ាងណា ​លោក សុរិយា ស៊ូប៊ែឌី បាន​សរសេរ​ក្នុង​របាយការណ៍​ថា កន្លង​មក​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​​​អនុសាសន៍​ជា​ច្រើន​​ពី​ភាគី​ពាក់ព័ន្ធ​ ប៉ុន្តែ​​គួរ​ឲ្យ​សោកស្តាយ ​អនុសាសន៍​ភាគ​ច្រើន​​រដ្ឋាភិបាល​មិន​បាន​កែ​លម្អ​ទេ ​ដូចជា​បញ្ហា​ស្ថានភាព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​ជាដើម។
លោក​បាន​ចាត់​ទុក សកម្មភាព ឬ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​អ្វី​មួយ ថា​ធ្វើ​ឡើង​ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ ឬ​ជាមួយ​ប្រជាពលរដ្ឋ​រង​ការ​ប៉ះពាល់​ឲ្យ​បាន​សមរម្យ​ជា​មុន​នោះ​ទេ៕

No comments:

Post a Comment

yes