តំណាងសហគមន៍ការពារព្រៃឈើឡាវកា ក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឲ្យដឹងថា មន្ត្រីបរិស្ថានចំនួន៤នាក់មានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពលួចកាប់ឈើធ្វើអាជីវកម្ម នៅក្នុងតំបន់ជម្រកសត្វព្រៃភ្នំព្រេច ដែលបានប្រគល់មកសហគមន៍អភិរក្ស។
មន្ត្រីបរិស្ថានទាំង៤នាក់រួមមាន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ឈិត សុផល អនុប្រធានមន្ទីរ លោក ហាន សាខន ប្រធានដែនជម្រកសត្វព្រៃភ្នំព្រេច លោក សំរ៉ង ឌីវិចិត្រ និងប្រធានការិយាល័យនៃមន្ទីរបរិស្ថានខេត្ត លោក រត្ន សុវណ្ណ។
ប្រធានសហគមន៍ឡាវកា លោក ផ្លឹក ម៉ាល់ មានប្រសាសន៍ឲ្យដឹងនៅថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១២ ថា ក្រុមសហគមន៍បានដាក់ពាក្យប្ដឹងមន្ត្រីទាំង៤រូប ទៅក្រសួងបរិស្ថាន តាំងពីខែកក្កដា ឆ្នាំ២០១២ ក៏ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ មិនឃើញមានចំណាត់ការបែបណាចំពោះមន្ត្រីទាំងនោះទេ ហើយសកម្មភាពកាប់ឈើក្នុងព្រៃសហគមន៍អភិរក្ស នៅតែបន្តកើតមាន។
លោកអំពាវនាវឲ្យក្រសួងបរិស្ថាន ដែលជាអ្នកបង្កើតសហគមន៍ការពារព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ចាត់វិធានការស៊ើបអង្កេត និងទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើ ដែលមានជាប់ពាក់ព័ន្ធមន្ត្រីជំនាញទាំងនោះ៖ «មុនដំបូង ខ្ញុំចុះទៅស្រែ ដល់ទៅដល់កន្លែងហ្នឹង ពួកក្រុមហ៊ុនហ្នឹង ឃើញគេកាប់ឈើ ហើយគេដឹកពីនោះមកទុកនៅក្រុមហ៊ុនហ្នឹង។ គេឡាំងពីព្រៃហើយស្រេច ដូចថាទទឹងហ្នឹងមុខ២០ ឬ៣០ ឬ៥០ ឬ១០០ ហើយគេដឹកតាមឡានយកមក។ ខែ៦ ថ្ងៃ៧ លោក ម៉ុក ម៉ារ៉េត គាត់ផ្ទេរទៅឲ្យសហគមន៍ឡាវកា ដល់អ៊ីចឹង ខ្ញុំទៅកន្លែងហ្នឹងខ្ញុំឃើញគេកាប់អ៊ីចឹង»។
សេចក្តីរាយការណ៍ពីប្រធានសហគមន៍ឡាវកា ឲ្យដឹងថា ទីតាំងកាប់ឈើនេះ ក្រុមអ្នកកាប់ឈើដឹកជញ្ជូនឈើតាមរថយន្ត ទៅស្តុកទុកនៅកសិដ្ឋានក្រុមហ៊ុនសម្បទានចម្ការកៅស៊ូ មានទីតាំងនៅជាប់ព្រៃនោះ ហើយម្ចាស់កសិដ្ឋាន គឺអភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច ដែលបានផ្ទេរសិទ្ធិទៅឲ្យឧកញ៉ាម្នាក់ឈ្មោះខ្នារ ហើយឈើទាំងនោះគេបន្តដឹកជញ្ជូនចេញទៅទីផ្សារ។
វិទ្យុអាស៊ីសេរី នៅថ្ងៃពុធ ទី២៩ ខែសីហា មិនអាចទាក់ទងប្រធានដែនជម្រកសត្វព្រៃភ្នំព្រេច លោក សំរ៉ង ឌីវិចិត្រ និងមន្ត្រីបរិស្ថានជាប់ចោទផ្សេងទៀត ដើម្បីបំភ្លឺករណីនេះបានទេ។
យ៉ាងនេះក្តី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក គល់ មីឌី មានប្រសាសន៍បញ្ជាក់ថា សមាគមលោកបានទទួលឯកសារពាក្យប្ដឹងស្ដីពីករណីនេះដែរ ក៏ប៉ុន្តែលោកមិនទាន់បានស៊ើបអង្កេតករណីនេះនៅឡើយ។ លោកបន្តថា តាមឯកសារពាក្យប្ដឹងដែលលោកទទួលបាន គឺមានប្រជាពលរដ្ឋសហគមន៍ប្រមាណ៨០នាក់ បានផ្ដិតមេដៃលើពាក្យប្ដឹងមន្ត្រីទាំង៤នាក់ ទៅស្ថាប័នតុលាការខេត្ត ក្នុងបទស៊ីសំណូក រួមគំនិតប្រព្រឹត្តបទល្មើស និងរួមគំនិតបំផ្លាញធនធានព្រៃឈើ។
លោក គល់ មីឌី៖ «ខ្លឹមសារពាក្យបណ្ដឹងនេះ ហាក់ដូចមានខ្លឹមសារបញ្ជាក់ច្បាស់ណាស់ ទាក់ទងទៅនឹងប្រភេទជនល្មើស និងតួនាទី បញ្ជាក់ពីចំនួនឡានចេញដឹកប៉ុន្មាន ឡានចេញពីណាទៅណា។ ការសរសេរពាក្យបណ្ដឹងនេះ ហាក់ដូចជាបញ្ជាក់ថា មានអ្នកដឹងមួយដែលអាចដឹងច្បាស់លាស់ មានការបង្ហាញច្បាស់ ការបំផ្លាញព្រៃឈើ ដែលមានរូបថត១០សន្លឹក។ សមាគមអាដហុក សំណូមពរដោយទទូចសុំឲ្យស្ថាប័នជំនាញ មេត្តាធ្វើម៉េចស្វែងរកមុខជនល្មើស ដែលបានបំផ្លិចបំផ្លាញសម្បត្តិព្រៃឈើនៅក្នុងតំបន់ដែលប្រជាពលរដ្ឋបានប្ដឹងហ្នឹង ធ្វើម៉េចរកការពិតឲ្យឃើញ ថាតើអ្នកណាជាអ្នកបំផ្លាញ ជាអ្នកប្រព្រឹត្តបទល្មើសនោះ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃពុធ ទី២៩ ខែសីហា បានព្យាយាមភ្ជាប់ទូរស័ព្ទទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារ៉េត និងមន្ត្រីសំខាន់ៗផ្សេងទៀត នៃស្ថាប័ននេះ ក៏ប៉ុន្តែទូរស័ព្ទមិនអាចភ្ជាប់បាន។
យ៉ាងនេះក្តី ប្រធានសហគមន៍លោក ផ្លឹក ម៉ាល់ ឲ្យដឹងថា រហូតមកទល់នឹងបច្ចុប្បន្ន ពាក្យប្ដឹងមន្ត្រីទាំង៤ ទៅស្ថាប័នតុលាការមិនទាន់បានធ្វើនៅឡើយ ដោយសារសមាជិកសហគមន៍ខ្លះ រងការគំរាមកំហែង មានការភ័យខ្លាច ខ្លះបានសុំដកឈ្មោះចេញពីពាក្យប្ដឹងនេះ៕
No comments:
Post a Comment
yes