អំពើពុករលួយក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនលោក ហ៊ុន សែន
កំពុងតែចាក់ចូលយ៉ាងជ្រៅទៅក្នុងកម្ពុជាបច្ចុប្បន្ន លើគ្រប់ក្រសួង ស្ថាប័ន
និងមន្ទីរផ្សេងៗ ។
ជាថ្មីម្តងទៀតបើតាមសេចក្តីរាយការណ៏ពីខេត្តកំពង់ធំមកបានឲ្យដឹងថា មន្រ្តីឃុំមកពីគណបក្ស
ប្រជាជនកម្ពុជា កំពុងនឹងកំពុងតែនាំគ្នាប្រព្រឹត្តអំពើពុករលួយដែលមានលក្ខណៈជា
ប្រព័ន្ធក្នុងការធ្វើសំបុត្រកំណើត និងលិខិតបញ្ជាក់សំបុត្រកំណើតជូនប្រជាពលរដ្ឋដែលមានតម្លៃ
ខ្ពស់កប់ពពក ។
សូមជំរាបជូនផងដែរថា បន្ទាប់ពីមានរឿងរ៉ាវនេះបានកើតឡើងនៅក្នុងឃុំបឹងល្វា
ស្រុកសន្ទុក ខេត្តកំពង់ធំ ឥឡូវនេះបានធ្លាក់មកដល់ឃុំស្រឡៅ ស្រុកបារាយរណ៏
ខេត្តកំពង់ធំ ហើយ ។ សេចក្តីរាយការណ៏ពីប្រជាពលរដ្ឋមកបានឲ្យដឹងថា ក្នុងការដែលពួកគាត់ទៅធ្វើសំបុត្របញ្ជាក់កំណើតឲ្យកូន
គឺស្មៀនឃុំស្រឡៅ ឈ្មោះ រាយ វិបុល បានទាលុយពីគាត់ក្នុងម្នាក់ចំនួនមួយម៉ឺនរៀល
ហើយមានប្រជាពលរដ្ឋខ្លះដែលជាអ្នកមានធូធារលោក រាយ វិបុល ទារឲ្យបង់រហូតដល់ទៅពីរម៉ឺនរៀល
និងមានអ្នកខ្លះលើសពីនេះក៏មាន ។
សេចក្តីរាយការណ៏ពីប្រជាពលរដ្ឋរស់នៅឃុំស្រឡៅ ស្រុកបារាយរណ៏ ខេត្តកំពង់ធំ ខាងលើដែលប្រាប់ក្នុងលក្ខណសុំមិនបញ្ចេញឈ្មោះនិងសម្លេងបានឲ្យដឹងថា
មានមួយគ្រួសារដែលជាអ្នករកស៊ី មានមុខមានមាត់នៅក្នុងឃុំស្រឡៅ នៅពេលទៅធ្វើ
លិខិតបញ្ជាក់សំបុត្រកំណើតឲ្យកូនត្រូវបានលោក រាយ វិបុល ទារលុយពីគាត់រហូតដល់ទៅប្រាំ
ម៉ឺនរៀល ហើយនៅពេលដែលគាត់សួរនាំត្រូវបានលោក រាយ វិបុល ឆ្លើយថានេះគឺជាការកំណត់ ។ ប្រជាពលរដ្ឋដដែលបន្តថា
នៅក្នុងឃុំស្រឡៅ មានប្រជាពលរដ្ឋជាច្រើន ដែលមិនបានធ្វើសំបុត្របញ្ជាក់កំណើត ព្រោះតែពួកគាត់ពុំមានលុយបង់ឲ្យទៅស្មៀនឃុំឈ្មោះ
រាយ វិបុលនោះ ។
សូមជំរាបជូនផងដែរថា ប្រជាពលរដ្ឋទាំងនោះ
ពួកគាត់ក៏បានសុំណូមពរទៅថ្នាក់លើផងដែរសុំឲ្យជួយអន្តរាគមន៏ចំពោះស្មៀនឃុំ ស្រឡៅ
ដែលបានយកលុយក្នុងការធ្វើសំបុត្របញ្ជាក់កំណើតជូនប្រជាពលរដ្ឋដែលមានតម្លៃថ្លៃ
លើសពីច្បាប់បានកំណត់បែបនេះ ក៏ដូចជាចាត់ការលើមេឃុំស្រឡៅឈ្មោះ ប៉ុល ឈិន
មកពីគណបក្សប្រជាជន ដែលបានបើកដៃឲ្យលោក រាយ វិបុល
ប្រព្រឹត្តអំពើពុករលួយធ្វើបាបប្រជារាស្រ្តបែបនេះដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួនរបស់ពួកគេនោះ
។
ចំណែកឯលោក ម៉ៅ ឆេងអៀម ជំទប់ទី១របស់គណបក្ស សម រង្ស៊ី នៅឃុំស្រឡៅ ស្រុកបារាយ
រណ៏ ខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថា
ចំពោះករណីនេះលោកបានអន្តរាគមន៏ជូនប្រជាពលរដ្ឋផង ដែរ ដើម្បីកុំឲ្យមេឃុំ និងស្មៀនឃុំ
ឃុំឃិតគ្នាប្រព្រឹត្តអំពើពុករលួយធ្វើបាបរាស្រ្តបែបនេះ ហើយ
លោកក៏បានរៀបចំពាក្យបណ្តឹងរួចរាល់ហើយផងដែរ សម្រាប់ដាក់មកខេត្ត-ស្រុក
និងទៅអង្គភាពប្រឆាំងអំពើពុករលួយ
ប្រសិនបើពួកគេមិនព្រមបញ្ឈប់សកម្មភាពប្រព្រឹត្តអំពើពុករលួយបែប នេះ
តាមការស្នើសុំជាថ្មីម្តងទៀតនៅក្នុងកិច្ចប្រជុំសប្តាហ៏ក្រោយនេះ ។ ជាមួយគ្នានេះលោក
ម៉ៅ ឆេងអៀម ជំទប់ទី១របស់គណបក្ស សម រង្ស៊ី តាមពិតការងារនេះគឺត្រូវលោកជាអ្នកកាន់
តែមេឃុំឈ្មោះ ប៉ុល ឈិន តាមដកតួនាទីនេះពីលោកយកទៅឲ្យលោក រាយ វិបុល ធ្វើតាំងពីប្រ
កាសបុពលភាពចូលកាន់តំណែងមកម្លេះ ។
សូមជំរាបជូនផងដែរថា ករណីខាងលើនេះក៏បានកើតមាន នៅឃុំបឹងល្វា ស្រុកសន្ទុក ផងដែរ
។ កាលណោះបើតាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋមកបានឲ្យដឹងថា នៅពេលដែលពួកគាត់
នាំគ្នាទៅធ្វើសំបុត្រកំណើតឲ្យកូន និងធ្វើលិខិតបញ្ជាក់សំបុត្រកំណើត ដើម្បីឲ្យកូនយកទៅធ្វើ
ការរោងចក្រ និងសម្រាប់ប្រើប្រាស់ការងារផ្សេងៗ ស្រាប់តែស្មៀនឃុំឈ្មោះ សែម
ភេទ មកពីគណបក្សប្រជាជន បានតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ក្នុងម្នាក់ចំនួនពីរម៉ឺនរៀល
និងមានអ្នកខ្លះត្រូវបានស្មៀនឃុំឈ្មោះ សែម ភេទនេះ ទារលើសពី ពីរម៉ឺនរៀល ក៏មានផងដែរ
។
ប្រភពពីប្រជាពលរដ្ឋខាងលើក៏បានឲ្យដឹងបន្តទៀតថា
សព្វថ្ងៃនេះពួកគាត់អស់ជំនឿលើមន្រ្តីឃុំបឹងល្វា មកពីគណបក្សប្រជាជនទាំងអស់នោះហើយ
ព្រោះពួកគេទាំងអស់នោះធ្វើការមិនបំរើ
រាស្រ្តដូចជាការ
សន្យារបស់ពួកគេនៅមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ បែជាមកជំរិតទារប្រាក់ពីប្រជាពលរដ្ឋក្រីក្របែបនេះទៅវិញ
ដែលការចូលកាន់ដំណែងរបស់ពួកគេមិនបានប៉ុន្មានផងនោះ ។
ចំណែលឯមន្រ្តីក្រុមប្រឹក្សាខេត្តកំពង់ធំ ជាប់ឆ្នោតមកពីគណបក្ស សម រង្ស៊ី លោក
ស៊ុន ធុន បានមានប្រសាសន៏ពាក់ព័ន្ធទៅនិងការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីឃុំមកពីគណបក្សប្រជាជន
ទាំងអស់នោះថា នេះគឺជាការប្រព្រឹត្តអំពើពុករលួយមួយយ៉ាងខ្លាំង ដែលមន្រ្តីទាំងអស់នោះបានធ្វើខុសទៅនិងច្បាប់ទាំងស្រុងក្នុងនាមខ្លួនជាអាជ្ញាធរឃុំ
។ លោកបន្តថា មន្រ្តីឃុំរបស់គណបក្សប្រជាជនទាំងនោះ ត្រូវតែប្រគល់តួនាទីមកជំទប់ឃុំរបស់គណបក្ស
សម រង្ស៊ី វិញដើម្បីឲ្យពួកលោកធ្វើការងារបំរើប្រជាពលរដ្ឋក្នុងតួនាទីរបស់លោក ដែលជាប់ឆ្នោតក្រោមការគាំទ្រ
និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងឃុំ ។ ហើយលោកថា
មន្រ្តីឃុំរបស់គណបក្សប្រជាជន មិនត្រូវយកការងាររបស់ជំទប់ឃុំគណបក្ស សម រង្ស៊ី
ទៅប្រព្រឹត្តអំពើពុករលួយ ធ្វើបាបរាស្រ្តបែបនេះនោះទេ ។
សូមជំរាបជូនផងដែរថា ការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីឃុំមកពីគណបក្សប្រជាជន
មិនមែន កើតមានត្រឹមតែពីរឃុំដែលបានរៀបរាប់មកខាងលើនេះទេ
គឺនៅមានជាច្រើនឃុំទៀតនៅទូទាំង ខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេសផងដែរ ។
ជាមួយគ្នានោះការចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ
ពួកគេទាំងនោះក៏បានឆ្លាតឱកាសប្រព្រឹត្តអំពើពុករលួយនេះផងដែរ ដោយមិនខ្វល់ពីការរិះគន់របស់ប្រជាពលរដ្ឋមកលើពួកគេនោះឡើយ
។
ដូចនេះចំពោះការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីឃុំមកពីគណក្សប្រជាជន លោក ឈុន
ឈន ដែលជាអភិបាលខេត្តកំពង់ធំ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ ជាពិសេសលោករដ្ឋមន្រ្តីក្រសួងមហាផៃ្ទ
ស ខេង ត្រូវតែចាត់វិធានការចំពោះការប្រព្រឹត្តអំពើរពុករលួយរបស់មន្រ្តីឃុំគណបក្សប្រជាជនទាំងនោះ
ឲ្យបានឆាប់ជៀសវាងកុំឲ្យប្រជាពលរដ្ឋទទួលរងនូវភាពអយុត្តិធម៌
និងរងគ្រោះពីការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីពុករលួយខិលខូចទាំងអស់នោះទៀត
ដែលគេបានរៀបចំឡើងមានលក្ខណៈជាប្រព័ន្ធនោះ ៕
No comments:
Post a Comment
yes