ភ្នំពេញ: មកដល់ថ្ងៃចន្ទ ទី៦សីហា ឆ្នាំ២០១២ មេធាវីរបស់លោក ម៉ម សូណង់ដូ មិនទាន់បានទទួលសេចក្តីសម្រេចរបស់ចៅក្រមចំពោះការបដិសេធ លើស្នើសុំនៅក្រៅពន្ធនាគារបណ្តោះអាសន្ន។ ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣សីហា ឆ្នាំ២០១២ បានសម្រេច មិនអនុញ្ញាតឲ្យលោកម៉មសូណង់ដូ នៅក្រៅឃុំឡើយ។
លោក សុក សំអឿន មេធាវីការពារក្តីឲ្យលោកម៉មសូណង់ដូ បានមានប្រសាសន៍នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ ថា លោកនៅមិនទាន់បានទទួលនូវការឆ្លើយតបមកវិញ ពីតុលាការក្រុងភ្នំពេញទេ រហូតដល់ពេលនេះ ( ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ ) ចំពោះការស្នើសុំឲ្យលោកម៉មសូណង់ដូ នៅក្រៅមន្ទីរឃុំឃាំងជាបណ្តោះអាសន្ន។
លោកមេធាវី សុក សំអឿន បានមានប្រសាសន៍ថា "ខ្ញុំអត់ទាន់បានទទួលការឆ្លើយតបពីតុលាការផង ក្នុងការស្នើសុំឲ្យកូនក្តីខ្ញុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ននោះ ដែលតាមច្បាប់ ក្នុងរយៈពេល ៥ថ្ងៃ គឺអាចថ្ងៃហ្នឹង ឬស្អែក ចៅក្រមស៊ើបសួរ ត្រូវឆ្លើយតបនឹងសំណើរបស់ខ្ញុំ ដែលបានដាក់ទៅកាន់តុលាការ កាលពីថ្ងៃទី៣១កក្កដា ឆ្នាំ២០១២”។
លោកមេធាវី សុក សំអឿន បានមានប្រសាសន៍បន្តថា លោកបានដាក់ពាក្យស្នើសុំទៅតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២។ ក្នុងករណី ដែលសាលាដំបូង មិនអនុញ្ញាតឲ្យកូនក្តីរបស់លោក ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ហើយបន្តដាក់បន្តឹងទៅសាលាឧទ្ធរណ៍ គឺលោកមេធាវី ត្រូវការពិគ្រោះយោបល់ ជាមួយកូនក្តី (ម៉មសូណង់ដូ)ជាមុនសិន ដើម្បីដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ នៅពេលខាងមុខនោះ។
លោកមេធាវី សុក សអឿន បានឲ្យដឹងផងដែរ អំពីសុខភាពកូនក្តីរបស់លោក គឺលោកម៉មសូណង់ដូ កំពុងស្ថិតនៅក្នុងពន្ធនាគារនោះ មានសុខភាព នៅមិនទាន់ស្រួលបួលនៅឡើយទេ ពីព្រោះគាត់មានអាយុជាង ៧០ ឆ្នាំ ដូច្នេះសុខភាពគាត់ មិនដូចមនុស្សក្មេងទេ។
លោកមេធាវី បានឲ្យដឹងបន្តថា លោកមានសំអាងមួយចំនួន ក្នុងការតតាំងនៅក្នុងសវនាការ នឹងការស្នើសុំឲ្យកូនក្តីរបស់លោក បានស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន។
នៅថ្ងៃទី៦ ខែសីហានេះ អ្នកស្រី ឌិន ផាណារ៉ា ភរិយាលោក ម៉ម សូណង់ដូ បានទៅពន្ធនាគារព្រៃស ដើម្បីសូរសុទុក្ខប្តីរបស់អ្នកស្រី និងមើលអំពីសុខភាព លោក ម៉ម សូណង់ដូ ផងដែរ។
អ្នកស្រី ឌិន ផាណារ៉ា ភរិយាលោកម៉មសូណង់ដូ បានឲ្យដឹងថា ចំពោះការស្នើសុំឲ្យគាត់ បាននៅក្រៅឃុំ អត់ទាន់បានទទួលការឆ្លើយតបមកវិញពីតុលាការទេ។
អ្នកស្រី ផាន់ណារ៉ា បានមានប្រសាសន៍បញ្ជាក់ថា "យើងអត់ទាន់បានដំណឹងអីទេ។ មេធាវីអត់ទាន់ទទួលដំណឹងពីតុលាការទេ។ បើមានអីថ្មីគេផ្ញើសំបុត្រជូនមេធាវីគាត់ បើតវ៉ាយ៉ាងម៉េចទៀត មេធាវី គេនឹងធ្វើទៅតាមច្បាប់ទៀត ក្នុងការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ននោះ"។
អ្នកស្រី ឌិន ផាណារ៉ា បានមានប្រសាសន៍បន្តថា មកដល់ពេលនេះ មានប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានា ដែលផ្តិតមេដៃគាំទ្រឲ្យមានការដោះលែងលោក ម៉មសូណង់ដូ ដោយគិតមកដល់ពេលនេះ បានចំនួនជិត ៩ ម៉ឺននាក់ ហើយនៅតាមខេត្តមួយចំនួន អាជ្ញាធររារាំង មិនឲ្យប្រជាពលរដ្ឋចូលរួមផ្តិតមេដៃគាំទ្រឲ្យមានការដោះលែងលោកម៉មសូណង់ដូ តែនៅតែមានអ្នកស្មគ្រ័ចិត្តចូលរួមផ្តិតមេដៃគាំទ្របន្តបន្ទាប់។
សូមបញ្ជាក់ថា សមត្ថកិច្ចបានចាប់ខ្លួនលោកម៉មសូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ កាលពិថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ គឺបន្ទាប់ពីលោកបានវិលត្រឡប់ពីប្រទេសអាមេរិក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។
លោក ម៉ម សូណង់ដូ ត្រូវបានចៅក្រមស៊ើបសួរនៃលាសាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់ និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់។
ការចោទប្រកាន់ទាំងនោះ អាជ្ញាធរបានភ្ជាប់ទៅនឹងករណីជម្លោះដីធ្លី នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ជម្លោះដីធ្លីនោះ មានប្រជាពលរដ្ឋមួយក្រុម ដែលដឹកនាំដោយឈ្មោះ ប៊ុតរដ្ឋា ជាសាខាសមាគមអ្នកប្រជាធិបតេយ្យ របស់លោក ម៉មសូណង់ដូ ត្រូវបានរដ្ឋាភិបាល ចោទប្រកាន់ថា បានចាប់ដីខុសច្បាប់ និងបង្កើតតំបន់អបគមន៍ លើដីជម្លោះនោះ រហូតដល់កងកម្លាំងរដ្ឋាភិបាល ចុះបង្ក្រាប និងបណ្ថេញចេញដោយអាវុធ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ បណ្តាលឲ្យក្មេងស្រីម្នាក់ ស្លាប់ និងមនុស្សជាច្រើននាក់ទៀត រត់គេចខ្លួន៕
No comments:
Post a Comment
yes