រថយន្តទំនើបចតនៅខាងក្រៅទីស្នាក់ការគណបក្សប្រជាជនកាលពីថ្ងៃសៅរ៍
«បើគ្មានមន្ទីរពេទ្យកុមារទេ កុមារតូចៗរាប់ពាន់នាក់បានស្លាប់បាត់ទៅហើយនៅក្នុងខែ កក្កដាកន្លងទៅនេះ»។ នេះគឺជាការដង្ហោយហៅសុំរកជំនួយ ពីលោកវេជ្ជបណ្ឌិតប៊ីត រីចន័រ ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា កាលពីដើមខែសីហា ឆ្នាំ ២០១២ ឲ្យជួយសង្គ្រោះជីវិតកុមារខ្មែរផង។
កុមារអើយ កុមារ! ហេតុតែឯងមិនចេះនិយាយតវ៉ានឹងគេ ហើយត្រូវបានគេចាត់ទុកថា ជាមនុស្សគ្មានប្រយោជន៍ សម្រាប់គេក្នុងការផ្តល់សំឡេងឆ្នោត ឲ្យគណបក្សនយោបាយនានា និងឧកញ៉ាៗ បានជាគេមិនសូវយកចិត្តទុកដាក់ចំពោះពួកឯងប៉ុន្មាននោះ។ ចង់ឯងរស់ក៏រស់ទៅ ចង់ឯងស្លាប់ក៏ស្លាប់ទៅ គេមិនខ្វល់ពីឯងនោះទេ បើទោះបីជាគេមានលុយសម្រាប់បក្សនយោបាយរបស់គេដល់ទៅ ១០០ឆ្នាំទៀតចាយមិនអស់ក៏ដោយ។ ឯចំពោះឧកញ៉ាៗ សេដ្ឋីៗមួយចំនួនធំ សល់លុយចាយមិនអស់ នំាគ្នាទៅចាញ់ល្បែងស៊ីសងនៅកាស៊ីណូអស់រាប់លានដុល្លារ ឯខ្លះទៀតយកលុយទៅចិញ្ចឹមស្រីក្មេង តារាៗ ទាំងស្រី ទាំងប្រុសមួយចំនួនធំ ទិញតាំងពីវិឡា ឡាន និងសម្ភារទំនើបៗឲ្យ ក៏មានដើម្បីបំប៉នតណ្ហារបស់ខ្លួនម្នាក់ឯងរៀងខ្លួននោះ ដោយមិនស្រណោះលុយអ្វីបន្តិចសោះ។ តែគ្មានលុយទេ សម្រាប់សង្គ្រោះជីវិតកុមារខ្មែរនោះ? ហេតុអ្វីបានជាអ្នកនយោបាយ និងឧកញ៉ាៗភាគច្រើនតែងតែភ្លេចខ្លួន កាលពីនៅកុមារក្រីក្រតោកយ៉ាក ខ្លះហូបតែបាយវត្ត ខ្លះហូបតែត្រីឆ្អើរ ខោអាវមួយចង្កេះមករស់នៅភ្នំពេញក៏មានដែរនោះ? តើពេលណាទើបអ្នកនយោបាយ ឧកញ៉ាៗទាំងឡាយនៅស្រុកខ្មែរយកចិត្តទុកដាក់សង្គ្រោះជីវិតកុមារ ខ្មែរ? ឬមួយក៏ចាំស្តាប់សូរភ្លើងខៀវចេញពីឆន្ទៈនយោបាយរបស់លោកនាយ ករដ្ឋមន្ត្រី ហ៊ុន សែន សិន សឹមនាំគ្នាទៅជួយផ្តល់មូលនិធិដល់មន្ទីរពេទ្យគន្ធបុប្ផា?
ជាក់ស្តែង នៅពេលណាបក្សកាន់អំណាចសព្វថ្ងៃនេះ មានការប្រជុំ ឬក៏មានពិធីជប់លៀងម្តងៗ ចាំមើលរថយន្តដែលចតនៅខាងក្រៅ សុទ្ធតែទំនើបៗ ដូចជា ឡង់គ្រីស័រ ឡិចស៊ីស ប្រាដូ មែរសឺដេស ជាដើម... ហើយពេលក្បួនរថយន្តចេញមកវិញ គឺស្ទះផ្លូវអស់ហើយ។ ដូចកាលពីថ្ងៃសៅរ៍ម្សិលម្ង៉ៃ មានការប្រជុំនៅស្នាក់ការធំ របស់គណបក្សប្រជាជន គ្រាន់តែរថយន្តទំនើបទាំងនោះចតតម្រៀបគ្នា នៅលើមហាវិថីនរោត្តម តាំងពីភ្លើងស្តុបមុខក្រសួងកសិកម្ម រហូតមកទល់ខាងត្បូងក្រសួងមហាផ្ទៃ។ មើលទៅ នរណាថា ស្រុកខ្មែរក្រីក្រនោះ? ហើយសម្រាប់កម្មវិធីជប់លៀងវិញ គឺហូបចុកបរិបូរណ៍ចាក់ច្រាស ខ្ចះខ្ចាយក៏មានដែរ។
រីឯអ្នកធំៗ ឧកញ៉ាៗខ្លះ មានលុយច្រើនពេកទៅ រហូតដល់លែងហ៊ានទុកលុយនៅធនាគាទាំងក្នុងស្រុក ទាំងក្រៅស្រុក ព្រោះខ្លាចគេតាមដានលុយបានមកពីណាអីក៏ច្រើនម្ល៉េះ? សុខចិត្តយកលុយដុល្លារ ច្រកបាវដាក់ក្នុងផ្ទះវិញប្រសើរជាង។ ពេលខ្លះឡើងអាមេរិកាំងចង់ឆ្ងល់ណាស់ថា ហេតុអ្វីបានជាពួកគេខំផលិតលុយដុល្លារច្រើនណាស់ដែរ តែមិនដឹងជាទៅណាអស់មួយចំនួនធំរកមិនឃើញ។
បច្ចុប្បន្ននេះ ឃើញថា មន្រ្តីរដ្ឋាភិបាលជាច្រើន បានគិតគូរទៅលើអ្វីដែលជាផលប្រយោជន៍របស់បក្សជាធំ គឺយកម៉ោងរដ្ឋប្រជុំ ឬក៏ចុះមូលដ្ឋាន គឺមិនទៅជួបកុមារទេ ទៅជួបតែមនុស្សពេញវ័យដែលមានសិទ្ធិបោះឆ្នោតបាន ជាពិសេសចាស់ៗនោះ ធ្វើយ៉ាងណា ដើម្បីឲ្យពួកគេគាំទ្របក្សរបស់ខ្លួន។ ឯបក្សស្របតាមគេ តាមឯង និងបក្សប្រឆាំងក៏ដូចបក្សកាន់អំណាចដែរទេ គឺចង់ជួបតែមនុស្សចាស់ប៉ុណ្ណោះទេ។
យ៉ាងណាមិញ រាជរដ្ឋាភិបាល បានខិតខំធ្វើសកម្មភាព គឺផ្តោតទៅលើអ្វីដែលគេមើលឃើញ ដូចជាការសាងសង់ ស្ពាន ថ្នល់ វត្តអារាម អគារមន្ទីរពេទ្យ និងសាលារៀន ប្រព័ន្ធធារាសាស្រ្តកសិកម្ម និងទំនប់វារីអគ្គិសនី ជាដើម។ ដើម្បីឲ្យឃើញថា រាជរដ្ឋាភិបាល ធ្វើបានច្រើន បើទោះបីជាថវិកាសាងសង់ បានមកពីជំនួយ ឬក៏ជាកម្ចី ឬក៏សប្បុរសជន ឧកញ៉ាៗ ក៏ដោយ។ តែរបស់មើលមិនឃើញដូចជាការជួយសង្គ្រោះជីវិតកុមាររាប់ម៉ឺននាក់ ក្នុង ១ ឆ្នាំៗ នៅមន្ទីរពេទ្យគន្ធបុប្ផា ហើយចំណាយតែ ៣៧ លានដុល្លារក្នុង ១ ឆ្នាំៗនោះទេ? ឬមួយក៏គិតថាមន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យបានជំនួយបរទេសហើយ មិនចាំបាច់ជួយទេ ទុកលុយទិញសព្វាវុធ គ្រាប់រំសេវធ្វើសង្រ្គាមជាមួយបច្ចាមិត្តវិញ?
តាមពិតទៅ មន្ទីរពេទ្យគន្ធបុប្ផា ដំណើរការបាន ២០ ឆ្នាំហើយ គឺជំនួយស្ទើរទាំងស្រុងពីបរទេស ចំណែកឯរាជរដ្ឋាភិបាលចូលរួមបដិភាគតែ ២ លានដុល្លារក្នុង១ ឆ្នាំទេ។ មកឥឡូវនេះ មន្ទីរពេទ្យនេះ ត្រូវការទឹកប្រាក់ប្រមាណជា ៣៧ លានដុល្លារទៀត ក្នុង១ ឆ្នាំៗ ដើម្បីបន្តប្រតិបត្តិការសង្គ្រោះជីវិតកុមារខ្មែរ ជាពិសេសជំងឺថ្មី EV71។ ដោយសារតែជិតអស់មូលនិធិជំនួយ បានជាលោកវេជ្ជបណ្ឌិត រីចន័រ ប្រកាសអាសន្ន និងអំពាវនាវរកជំនួយធំៗនោះ តាំងពីខែមិថុនាមកម្ល៉េះ។ មកទល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផាទើបតែទទួលបានទឹកប្រាក់ ២,៥ លាន ហើយ ដែល ១ លាន បានមកពីក្រសួងសុខាភិបាល ១ លាន បានមកពីកាកបាទក្រហម ៣០ ម៉ឺន បានមកពីមូលនិធិទូរទស្សន៍បាយ័ន ក្រៅពីនោះក៏មានសប្បុរសជននានាផងដែរ។ តែទឹកប្រាក់ទាំងនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
តើពេលណាទើបគណបក្សនយោបាយនានាជាពិសេសបក្សកាន់អំណាចសព្វថ្ងៃ ផ្តោតលើគោលនយោបាយសង្គ្រោះជីវិតកុមារខ្មែរ? តើឧកញ៉ាៗ សេដ្ឋីៗ អាចកាត់បន្ថយការចំណាយការកម្សាន្តណាគ្មានប្រយោជន៍ យកលុយទាំងនោះ មកជួយមន្ទីរពេទ្យគន្ធបុប្ផាបានទេ?
កន្លងមក មានការរិះគន់យ៉ាងចាស់ដៃ ពីជនបរទេស ដែលមកធ្វើការក្តី មកដើរកម្សាន្តទេសចរណ៍នៅស្រុកខ្មែរថា ស្រុកខ្មែរក្រទេ តែមានរថយន្តជិះទំនើបៗជាងពួកគេនៅប្រទេសជឿនលឿនដែលជាម្ចាស់ ជំនួយទៅទៀត ហើយសុទ្ធតែទិញយកមកដាច់ៗ មិនដូចពួកគេភាគច្រើន សុទ្ធតែបង់រំលស់នោះ ហើយពួកគេធ្វើដំណើរកម្សាន្តមកស្រុកខ្មែរខ្លះ មកតែ ១ បង្វេចៗ រកដេកតែផ្ទះសំណាក់ណាថោកៗទៀត។ រីឯជំនួយស្រុកខ្មែរ ភាគច្រើន បានមកពីរដ្ឋាភិបាលរបស់ពួកគេ យកពន្ធអាករពីពួកគេ ដូច្នេះជនបរទេសទាំងនោះ ដាក់សំណួរថា ហេតុអ្វីបានជាអ្នកធំៗ អ្នកមានៗស្រុកខ្មែរ មិនព្រមជួយអ្នកក្រជាប្រជាជាតិខ្លួនឯងនោះ? ឬមួយក៏ចំាតែបើកភ្នែកឡើង លើកដៃសុំលុយពីប្រទេសពួកគេនោះ? ពេលណាបានខ្មែរចេះជួយខ្លួនឯង? ឬមួយក៏មួយថ្ងៃៗ ដេកគិតតែពីហែកហួរខាំគ្នាតែជនជាតិខ្មែរគ្នាឯង ជាជាងគិតគូរពីការសង្គ្រោះជីវិតកុមារនោះ?
សរុបមកវិញតាមធម្មជាតិរបស់មនុស្ស នរណាៗ ក៏ធ្លាប់ឆ្លងកាត់ពីជីវិតកុមារភាពដែរ។ តែមនុស្សនៅពេលដែលបានឡើងធំៗ ជាអ្នកមានៗ អ្នកឧកញ៉ាៗ បានកា្លយទៅជាមេអំបៅ ដែលមានរោមឆោមពណ៌ល្អផូរផង់ តែច្រើនតែភ្លេចកាលពីខ្លួននៅជាដង្កូវនោះ។ ឥឡូវនេះ ទឹកដល់ច្រមុះហើយ តើមេអំបៅអាចជួយបរិច្ចាគដើម្បីសត្វដង្កូវគ្នាឯងផងបានទេ?
No comments:
Post a Comment
yes