ព្រះវិហារ ៖ កំលាំងសមត្ថកិច្ចជំនាញចំរុះ១ក្រុមដឹកនាំដោយលោកអ៊ិត ភូម្រា នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារទទួលបន្ទុករួមសហការគ្នាចុះបង្ក្រាបបទល្មើសព្រៃឈើ ដោយចាប់ឃាត់បានរថយន្ដបែនល្មើស១គ្រឿងម៉ាកហ៊ីណូ ពណ៌ស ដឹកជញ្ជូនគ្រញូងពេញណែនចេញពីស្រអែមឆ្ពោះទៅខេត្តកំពង់ធំ ពាក់ស្លាកលេខខេត្តព្រះសីហនុ៣A-០៧២៧ កាលពីវេលាម៉ោង៩និ១០នាទីព្រឹកថ្ងៃទី១១ សីហា ២០១២ នៅចំណុចច្រក.កដបភ្នំដែក ស្រុករវៀង ស្ថិតនៅភូមិរំចេកឃុំរមណីយស្រុករវៀង ចំណែកតៃកុងបានរត់គេចខ្លួន។
បន្ទាប់ពីបង្ក្រាបបានភ្លាមសមត្ថកិច្ចជំនាញរួមមានមេព្រៃមន្ដ្រីបរិស្ថានដែនជំរកសត្វព្រៃបឹងពែរ កំលាំងកងរាជអាវុធហត្ថបានបញ្ជូនយកមករក្សាទុកនៅទីកន្លែងខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីរើទំលាក់ឈើពីរថយន្ដធ្វើការរាប់និងវាស់វែង ហើយរឹបអូសទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ។
ការចរាចរគ្រញូងប៉ុន្មានថ្ងៃនេះនៅតំបន់ព្រំដែនប្រាសាទព្រះវិហារកក្រើកខ្លាំងទ្បើងវិញជាពិសេសនៅច្រកអានសេះដែលមានច្រករបៀងជាប់ទឹកដីថៃ សំបូរប្រភពដើមគ្រញូងដូចជាចំណុចច្រកពងចាបច្រកអណ្ដូងរយច្រកព្រលានតាសេកនិងច្រករបៀងនៅចំពីមុខប៉ុស្ដិ៍ស្នាក់ការដឺបេកងទ័ពជើងគោក។ ឈ្មួញឈើឈ្មោះណាក់ តែងប្រមូលឈើទាំងនោះបន្ដយកទៅស្ដុកទុកក្នុងឃ្លាំងក្រុមហ៊ុន១កន្លែងនៅជាប់ផ្លូវជាតិលេខ៦២ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ប៉ុន្ដែគ្មានសមត្ថកិច្ចជំនាញណាម្នាក់ហ៊ានទៅក្បែរនិងប៉ះពាល់បានទ្បើយ។ នេះតាមការរាយការណ៍និងអះអាងច្បាស់ពីប្រជាពលរដ្ឋរស់នៅស្រអែម។
ទោះបីជាយ៉ាងណាថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារនៅតែខំព្យាយាមតាមដានបង្ក្រាបបទល្មើសព្រៃឈើអោយអស់ពីសមត្ថភាពផងដែរ៕
No comments:
Post a Comment
yes