ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ពីអាជ្ញាធរថា ភ្លៀងបានបង្អុរខ្លាំង ក្នុងរយៈពេលខ្លី កាលពីល្ងាចថ្ងៃទី២៣ សីហា ដែលមានខ្យល់បោកបក់យ៉ាងខ្លាំងផង បានប៉ះទង្គិចទៅលើស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង ដែលបង្កឱ្យខូចខាតលំនៅឋានប្រជាពលរដ្ឋយ៉ាងតិចជិត២០ខ្នង ខណៈតាមបណ្តាស្រុកភាគច្រើនក្នុងខេត្តនេះ គ្មានទឹកមួយដំណក់ក្នុងស្រែ ។
សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ភ្លៀងលាយឡំនឹងខ្យល់កួចផង បានបោកបក់ខ្លាំងទៅលើស្រុកមោងប្ញស្សី និងប៉ះជាមធ្យមទៅលើស្រុកសង្កែ ។ តាមការផ្តល់ព័ត៌មានពីសមត្ថកិច្ចស្រុកមោងប្ញស្សីថា ភ្លៀងនិងខ្យល់ បានបោកបក់ទៅលើឃុំចំនួន៣ គឺឃុំគារ ឃុំជ្រៃ និងឃុំតាលាស់។ ប្រភពបន្តថា ភ្លៀងនិងខ្យល់កួចដ៏គំហុកនេះ មានរយៈពេលប្រហែលកន្លះម៉ោងប៉ុណ្ណោះ និងបានបំផ្លាញលំនៅឋានអ្នកភូមិសរុប១៨ខ្នង ក្នុងនោះផ្ទះ១ខ្នងត្រូវរលំទាំងស្រុង និងមនុស្សម្នាក់បានរងរបួស ។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ដែរថា បុរសម្នាក់ដែលរបួសនេះ គឺដោយសារតែគាត់លោតចុះពីលើផ្ទះ ខណៈផ្ទះរបស់គាត់កំពុងរងនូវខ្យល់កួចបំប៉ើង ហើយលំនៅឋានភាគច្រើន គឺរបើកដំបូល និងជញ្ជាំង ។
No comments:
Post a Comment
yes