ខេត្តកំពង់ឆ្នាំង ៖ នារីក្រមុំម្នាក់ត្រូវរន្ទះបាញ់ប្រល័យជីវិតនាង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ខណៈដែលនាងកាន់ចានដែកត្រងទឹកភ្លៀងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី៥ សីហា ២០១២ នៅក្រោមផ្ទះរបស់នាង ស្ថិតក្នុងភូមិអង្គរជ្រុំ ឃុំកោះថ្កូវ ស្រុកជលគីរី ។
នារីរងគ្រោះមានឈ្មោះជុំ ភិញ អាយុ១៩ឆ្នាំ មានបងប្អូន៣នាក់ ។ តាមការរៀបរាប់របស់លោកប្រធានភូមិបាននិយាយថា មុនពេលកើតហេតុមានភ្លៀងធ្លាក់យ៉ាងខ្លាំង ពេលនោះនារីរងគ្រោះបានយកចានដែកចេញទៅត្រងទឹកភ្លៀងនៅក្រោមរងទឹក និងក្រោមបង្គោលដាក់បន្ទះពន្លឺព្រះអាទិត្យ (សូលែ) ស្រាប់តែពេលនោះមានរន្ទះបាញ់ចំបន្ទះសូលែ និងបាញ់ចំនារីរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច ។ ប្រភពដដែលបានបន្តថា នារីរងគ្រោះត្រូវរន្ទះបាញ់ចំដើមទ្រូង និងមានចេញឈាមតាមមាត់ទៀនផង។ ក្រៅពីបាញ់ត្រូវមនុស្សរន្ទះក៏បានបាញ់បាក់សសរផ្ទះមួយដើម និងមួយដើមទៀតបាញ់រយះពីលើដល់ក្រោមចំណែកបន្ទះពន្លឺព្រះអាទិត្យ បានខ្ទេចទាំងស្រុង សូម្បីតែខ្សែភ្លើងក៏បានឆេះខ្ទេចផងដែរ ។ នៅមានដងអង់តែនទូរទស្សន៍ក៏បាក់ដោយសាររន្ទះកំណាចនេះដែរ ។
នៅព្រឹកថ្ងៃទី៦ សីហា នេះដែរ លោកម៉ម ហុន អធិការនគរបាលស្រុកជលគីរី បាននាំយកនូវអំណោយសាខាកាកបាទក្រហមស្រុកយកទៅប្រគល់ជូនគ្រួសារសពខាងលើនេះដោយមានការចូលរួមពីលោកមេភូមិ លោកមេឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ទៀតដែលអំណោយនោះមានអង្ករ៥០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល ចំណែកក្រុមការងារគណបក្សប្រជាជនចុះជួយឃុំកោះថ្កូវក៏បានជួយឧបត្ថម្ភគ្រួសារជនរងគ្រោះនូវទឹកប្រាក់១៥ម៉ឺនរៀលផងដែរ ។
No comments:
Post a Comment
yes