លោក អៀង សារី។ លោក នួន ជា។ លោក ខៀវ សំផន ។
ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំបិទទ្វារ កាលពីថ្ងៃសុក្រភាគីនៅសាលាក្តីខ្មែរក្រហម បានដាក់សំណើសុំឲ្យមានការពង្រីកវិសាលភាពនៃសំណុំរឿង ០០២ ដើម្បីឲ្យមានការដាក់បញ្ចូលទីតាំងឧក្រិដ្ឋកម្មចំនួនបីបន្ថែម ទៀត ដែលស្នើឡើងដោយក្រុមព្រះរាជអាជ្ញា។
ថ្លែងមកកាន់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យ លោក Michael Karnavas ដែលជាមេធាវីការពារក្តីលោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស បានគូសបញ្ជាក់ដដែលៗ អំពីជំហររបស់លោកថា ការពិភាក្សាបែបនេះ គួរធ្វើឡើងជាសាធារណៈ។
លោកថ្លែងថា៖ «បញ្ហាទាំងនេះ វាលើសពីភាពគ្រាន់តែជាបញ្ហាគ្រប់គ្រង។ បញ្ហាទាំងនេះ ជាបញ្ហាសំខាន់ខ្លាំង។ បញ្ហាទំាងនេះ គឺជាបញ្ហា ដែលនឹងប៉ះពាល់ផងដែរ ទៅលើអ្វីដែលជាការងារយើងធ្វើកន្លងមក[ក្នុងការជំនុំ ជម្រះ]»។
ចៅក្រមអង្គជំនុំជម្រះ បានចេញសេចក្តីបង្គាប់មួយ ដែលគ្មានការជជែកពិភាក្សា និងមិនអាចប្តឹងឧទ្ធរណ៍បាន កាលពីខែកញ្ញាឆ្នាំមុន ក្នុងរយៈពេលមិនដល់ពីរខែ មុនការចាប់ផ្តើមសវនាការសំណុំរឿង ០០២ ដែលបទចោទប្រកាន់ទៅលើសហចុងចោទទាំងនោះ នឹងត្រូវបានជំនុំជម្រះ នៅក្នុងសវនាការជំនុំជម្រះផ្សេងៗ ដាច់ដោយឡែកពីគ្នា។
លោក Karnavas បានថ្លែងថា របៀបវារៈ ដែលអាចមានភាពចម្រូងចម្រាសនេះ នឹងត្រូវតែជាប្រធានបទ ដែលត្រូវពិភាក្សាជាបន្តនាពេលអនាគត។
ក្រុមព្រះរាជអាជ្ញា ចង់លើកកន្លែងពីឧក្រិដ្ឋកម្មចំនួនបីបន្ថែមទៀត រួមមាន កន្លែងប្រហារជីវិតកំពង់ត្រឡាចលើ កន្លែងប្រហារជីវិតទួលពោធិជ្រៃ និងមណ្ឌលសន្តិសុខ ស‑២១។
ក្រុមព្រះរាជអាជ្ញា បានថ្លែងនៅក្នុងការដាក់សំណើមួយ កាលពីពេលថ្មីៗនេះថា៖ «បញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ៗរបស់ក្រុមសហព្រះរាជអាជ្ញា សម្រាប់មូលហេតុ ដែលត្រូវបង្ហាញទៅអង្គជំនុំជម្រះ នៅក្នុងការដាក់សំណើ កាលពីពេលមុនៗគឺថា វាប្រហែលជាមិនអាចមានការជំនុំជម្រះ លើកទីពីរទៅលើចុងចោទទាំងនេះទេ»។
ពួកគេរំពឹងថា ទីតាំងថ្មីបីបន្ថែមនេះ នឹងត្រូវមានការបន្ថែមពេលវេលាចំនួនពី ៥ ទៅ ៦ សប្តាហ៍ ពីលើនីតិវិធីតុលាការទាំងអស់នៅក្នុងសំណុំរឿង ០០២/១ ហើយដែលត្រូវបញ្ចប់នៅខែសីហា ឆ្នាំ ២០១៣។ ប៉ុន្តែទោះយ៉ាងណាក្តី លោក Karnavas បានថ្លែងថា ពេលវេលាបន្ថែមពិតប្រាកដនឹងអាចមានរយៈពេលរហូតជិត ៦ ខែជាជាងតែ ៦ សប្តាហ៍។
សហមេធាវីអន្តរជាតិនាំមុខ ដើមបណ្តឹងរដ្ឋប្បវេណីលោកស្រី Elizabeth Simonneau Fort ថ្លែងថា ដើមបណ្តឹងរដ្ឋប្បវេណី បានយល់ស្រប ជាមួយក្រុមព្រះរាជអាជ្ញា ដែលថា គួរតែមានការបន្ថែមទំហំនៃសំណុំរឿង ០០២/ ១ ហើយបានថ្លែងថា ការកាត់សំណុំរឿង ដើម្បីជំនុំជម្រះដោយឡែកៗ របស់អង្គជំនុំជម្រះ គឺមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ។
លោកស្រីបន្តថា៖ «យើងចង់ឃើញអ្វីមួយ ជានិមិត្តរូប[ចំពោះឧក្រិដ្ឋកម្មទាំងនោះ នៅក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះ]។ យើងយល់ស្រប ជាមួយនឹងការពង្រីកបន្ថែមនេះ ប៉ុន្តែយើងមិនទាន់អាចសម្រេចថា តើក្រុមជនរងគ្រោះណា ត្រូវស្ថិតនៅក្នុងទំហំពង្រីកថ្មីនេះ ហើយក្រុមជនរងគ្រោះណា មិនស្ថិតនៅក្នុងទំហំពង្រីកថ្មីនេះទេ»។
លោកស្រី Elizabeth Simonneau Fort បានថ្លែងកាលពីថ្ងៃអាទិត្យថា៖ «ការកាត់សំណុំរឿងដើម្បីជំនុំជម្រះ ដោយឡែកៗគឺពិបាកទទួលយកណាស់សម្រាប់ក្រុមជនរងគ្រោះ ហើយវាមិនមានការពិភាក្សាជាមួយភាគីដើមបណ្តឹងរដ្ឋប្បវេណី មុនពេល[ការធ្វើសេចក្តីសម្រេចកាត់សំណុំរឿង ដើម្បីជំនុំជម្រះដោយឡែកៗនោះ]ទេ»។ លោកស្រីបន្តថា៖ «ចំពោះសវនាការ ជំនុំជម្រះ សម្រាប់ទំហំពង្រីកថ្មីនេះ យើងចង់ឲ្យវាធ្វើឡើងជាសាធារណៈ ពីព្រោះវាសំខាន់ខ្លាំងណាស់»៕
No comments:
Post a Comment
yes