កង្វះសាលាឃុំសម្រាប់បំពេញការងារ នៅឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវក្រុមប្រឹក្សាឃុំនោះត្អូញត្អែរថា មានការលំបាកក្នុងការបម្រើប្រជាពលរដ្ឋ និងបើកការប្រជុំក្នុងឃុំ។
ជំទប់ទី១ឃុំចារ លោក ផាន់ ធួន ថ្លែងនៅថ្ងៃទី៣០ ខែសីហា ថា ក្រោយការប្រកាសសុពលភាពឲ្យចូលធ្វើការងារនៅក្នុងឃុំចារ គាត់គ្មានកន្លែងអង្គុយធ្វើការឡើយ ព្រោះសាលាឃុំបានដាក់នៅក្នុងទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា៖ «សព្វថ្ងៃហ្នឹង គឺខ្ញុំទ្រាំចូលទៅក្នុងកន្លែងស្នាក់ការរបស់គណបក្សគេ ព្រោះកាលពីអាណត្តិទី២ហ្នឹង គេបានជួលស្នាក់ការរបស់គណបក្សប្រជាជននោះមួយសាររួចទៅហើយ ឥឡូវផុតអាណត្តិ ខ្ញុំចង់ពិភាក្សា គឺប្ដូរទីស្នាក់ការ»។
ជំទប់ទី២ ឃុំចារ លោក ឈឹម ម៉េងលី ថ្លែងថា ពួកគាត់មិនអាចបម្រើប្រជាពលរដ្ឋពេញលក្ខណៈ ដូចជាបញ្ជាក់ឯកសារ ទទួលពាក្យបណ្ដឹង ឬដោះស្រាយការងារផ្សេងៗបានឡើយ ដោយសារសាលាឃុំគ្មាន ហើយកន្លែងធ្វើការនៅក្រោមផ្លាកគណបក្សប្រជាជនកម្ពុជា៖ «ហើយមន្ទីរបក្សហ្នឹង ផ្លាកធំនោះ គេដាក់កន្លែងគណបក្ស ហើយគេដាក់ផ្លាកតូចមួយទៀត គេដាក់សាលាឃុំជាប់គ្នានឹងហ្មង ប៉ុន្តែមន្ទីរនោះ គឺផ្ទះហ្នឹងតែមួយទេ»។
ប្រជាពលរដ្ឋភូមិស្រែពោធិ៍ សុំមិនប្រាប់ឈ្មោះបានថ្លែងថា កាលពីអាណត្តិមុនៗ សាលាឃុំស្ថិតនៅក្នុងភូមិនេះ ប៉ុន្តែនៅចុងអាណត្តិទី២នៃឃុំ-សង្កាត់ សាលាឃុំបានប្ដូរទីតាំងទៅដាក់ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។ ពួកគាត់មានការលំបាកក្នុងការទៅរកមន្ត្រីឃុំ ដើម្បីបញ្ជាក់ឯកសារនានា។ គាត់ត្រូវដើររកមេឃុំ ជំទប់ ស្មៀន តាមផ្ទះ៖ «អាថ្មីៗហ្នឹង ធ្វើដាក់នៅកន្លែងបក្ស។ អ៊ីចឹង ប្រជាពលរដ្ឋរកអត់ឃើញ។ ដល់ពេលអ៊ីចឹង ឃើញតែកន្លែងបក្ស វាមិនអព្យាក្រឹតទេ។ សាលាឃុំនោះ បើឃើញតែផ្លាកគណបក្សប្រជាជន ហើយប៉ុស្តិ៍រដ្ឋបាលនោះ ក៏នៅក្នុងបក្សជាមួយគ្នាដែរ រួមគ្នា»។
ប្រជាពលរដ្ឋម្នាក់ទៀត នៅភូមិចន្ទមង្គល ថ្លែងថា ក្រសួងមហាផ្ទៃគួរតែផ្ដល់កន្លែងធ្វើការសម្រាប់ក្រុមប្រឹក្សាឃុំ ដែលពលរដ្ឋបានបោះឆ្នោតឲ្យ បើមិនដូច្នេះទេ ការងារក្នុងឃុំនឹងរយីករយោក ហើយមើលទៅហាក់ដូចធ្វើការតែមន្ត្រីគណបក្សប្រជាជនកម្ពុជាមួយ នាំឲ្យមិនអព្យាក្រឹតការងារឡើយ។
មេឃុំចារ លោក សាត់ សាអែម ថ្លែងថា ក្រុមប្រឹក្សាទាំងអស់មានការលំបាកដែរ ដោយពលរដ្ឋចោទថា ពួកគាត់ធ្វើការប្រកាន់គណបក្សនយោបាយទៅវិញ។ លោកបន្ថែមថា កាលពីអាណត្តិមុនៗ សាលាឃុំមាន ប៉ុន្តែចាស់ទ្រុឌទ្រោម ទើបរើមកដាក់ធ្វើការនៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាបណ្ដោះអាសន្ន។ នៅក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ មន្ត្រីក្រុមប្រឹក្សាជាប់ឆ្នោតទាំងអស់ រង់ចាំក្រសួងមហាផ្ទៃសង់សាលាឃុំឲ្យ ដើម្បីមានកន្លែងធ្វើការ។ លោកថា ដីសម្រាប់សង់សាលាឃុំចារ គឺបានទុកនៅក្នុងដីសាលាឃុំចាស់ នៅក្នុងភូមិស្រែពោធិ៍។
ទីតាំងសម្រាប់សង់សាលាឃុំថ្មីនោះ បានចាក់ដីត្រៀមទុករួចហើយ ប៉ុន្តែរដ្ឋាភិបាលមិនទាន់ផ្ដល់លុយមកឲ្យសង់។ លោកថា ទោះជាយ៉ាងណា មន្ត្រីជាប់ឆ្នោតនៅក្នុងឃុំចារ គ្រប់គណបក្សបានចូលធ្វើការក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា។ រីឯការប្រជុំជាមួយប្រជាពលរដ្ឋ គឺធ្វើនៅក្នុងវត្តចារ នៅក្បែរស្នាក់ការគណបក្សប្រជាជនកម្ពុជាដែរ៖ «សុខចិត្តយកកន្លែងស្នាក់ការគណបក្សធ្វើការបណ្ដោះអាសន្ន រង់ចាំរដ្ឋាភិបាលធ្វើសាលាឃុំឲ្យ បានយើងមានលទ្ធភាពចេញពីកន្លែងហ្នឹង ខ្ញុំគិតថា ទោះបីតូចធំអីឆ្នាំនេះ បើសិនជាមហាផ្ទៃគេអត់ធ្វើឲ្យ ខ្ញុំគិតថា ធ្វើតូចតាចអីធ្វើឲ្យដាច់ទៅ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ ថ្លែងថា ការសាងសង់សាលាឃុំមានក្នុងផែនការរបស់ក្រសួងជារៀងរាល់ឆ្នាំ។ លោកថា ការសង់សាលាឃុំ ត្រូវធ្វើជាជំហានៗ ពីព្រោះតម្រូវទៅតាមថវិកាដែលរដ្ឋាភិបាលមាន។ ដូច្នេះ សាលាឃុំមិនអាចសង់ឲ្យបានគ្រប់ខេត្ត នៅទូទាំងប្រទេសបានភ្លាមទេ។ ក្នុងឆ្នាំនីមួយៗ ក្រសួងត្រូវសង់សាលាឃុំច្រើនរយខ្នងទៅតាមដំណាក់កាល៖ «ព្រោះធម្មតា យើងមិនមែនបានលុយភ្លាមធ្វើទាំងអស់ទូទាំងប្រទេសទេ យើងធ្វើបានតាមជំហានៗទៅ»។
នៅក្នុងប្រទេសកម្ពុជា គេឃើញសាលាឃុំមួយចំនួន ស្ថិតនៅក្បែរទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងនៅក្បែរប៉ុស្តិ៍នគរបាលឃុំ៕
No comments:
Post a Comment
yes