ខេត្ដរតនគិរី ៖ ករណីចុះបង្ក្រាបប្រមូលគំនរឈើកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ នៅចំណុចផ្លូវបំបែកចេញពីផ្លូវវ៉ឺនសៃខាងជើង ជាប់ ព្រំប្រទល់ដីក្រុមហ៊ុនម៉ានយ៉ាងខេ ស្ថិតនៅភូមិ-ឃុំភ្នំកុក ស្រុកវ៉ឺនសៃ ដោយកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើសង្កាត់វ៉ឺនសៃ និងផ្នែកស្រុកអូរជុំនោះ បែរជារងនូវការរិះគន់ថា ជំនាញរដ្ឋបាលព្រៃឈើប្រមូលតែគំនរឈើដែលមានមុខ កាត់តូចៗ ចំណែកឯឈើដែលមានមុខ កាត់ធំៗ បែរជាទុកឱ្យក្រុមឈ្មួញប្រមូលយក ដែលគេសង្ស័យថា អាចពាក់ព័ន្ធទៅនឹងផលប្រយោជន៍ណាមួយ ។
បើទោះជាសមត្ថកិច្ចមិនបានប្រាប់ អត្ដសញ្ញាណម្ចាស់ឈើ ប៉ុន្ដែឈ្មួញខ្លះបានបញ្ជាក់ថា ឈើដែលគរទុកអនាធិបតេយ្យនៅតាមដងផ្លូវ គឺជាឈើរបស់ឈ្មោះ សុង ពីព្រោះពេលមានវត្ដមានសមត្ថ កិច្ចរដ្ឋបាលព្រៃឈើបញ្ជាឱ្យកម្មករលើកឈើដាក់លើគោយន្ដកែច្នៃ ដើម្បីយកទៅរក្សាទុកនៅក្នុងស្នាក់ការ គេបានឃើញ វត្ដមានឈ្មួញសុង ហ៊ានបញ្ជាទៅលើកម្មករមិនអនុញ្ញាតឱ្យលើកឈើធំៗ នៅចំពោះមុខរដ្ឋបាលព្រៃឈើរហូតដល់ជា លទ្ធផលការប្រមូលគំនរឈើរបស់រដ្ឋ បាលព្រៃឈើប្រមូលតែឈើដែលមាន មុខកាត់តូចៗ ដឹកយកទៅរក្សាទុកនៅ ស្នាក់ការរដ្ឋបាលព្រៃឈើខណ្ឌទាំងយប់ ។ ចំណែកឯឈើដែលមានមុខកាត់ធំៗ បែរជារដ្ឋបាល ព្រៃឈើទុកឱ្យឈ្មោះ សុង ជាអ្នកប្រមូលយកទៅលាក់ទុកនៅក្នុង ក្រុមហ៊ុនម៉ានយ៉ាងខេអស់រលីង ។
សមត្ថកិច្ចខ្លះបានលើកឡើងថា ឈ្មោះ សុង កន្លងទៅគឺជាអ្នកដឹកឈើប្រណីត ដែលសមត្ថកិច្ចនិងរដ្ឋបាលព្រៃឈើទុក ជាប្រយោជន៍ឆ្នាំងបាយ មិនខុសអីក្នុង ករណីចុះមកបង្ក្រាបប្រមូលគំនរឈើនេះ បន្ទាប់ពីដឹងថា ឈើរបស់ឈ្មួញ សុង រដ្ឋបាលព្រៃឈើបែរជាទុកលទ្ធភាពឱ្យ ឈ្មួញ សុង ដឹកយកឈើដែលមានមុខកាត់ធំៗ ហើយខាងជំនាញរដ្ឋបាលព្រៃឈើ ដឹកយកតែឈើមុខកាត់តូចៗមករក្សាទុក ដែលគេចាត់ទុកថា ករណីនេះ អាចនឹង មានការផ្ដល់ប្រយោជន៍ណាមួយ ៕
No comments:
Post a Comment
yes