សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 21, 2014

មេធាវី​លោក ​វ​ន់ ពៅ ប្រតិកម្ម​នឹង​ចៅក្រម​ដែល​បង្ហាញ​ភ័ស្តុតាង​ថ្មី​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គហេតុ​​

ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ ភ្នំពេញ បានបង្ហាញ​ខ្សែអាត់​សំឡេង និង​ខ្សែ​វីដេអូ​ចំនួន​៣​ដែល​មិន​ទាក់ទង​នឹង​អង្គហេតុ ជា​ហេតុ​ធ្វើ​ឲ្យ​មេធាវី​ការពារ​ក្តី​លោក ​វន់ ពៅ ប្រតិកម្ម​ចំពោះ​ភ័ស្តុតាង​ថ្មី​នោះ ថា​អាច​ធ្វើឲ្យ​កូនក្តី​របស់ខ្លួន​មាន​ការភ័ន្តច្រឡំ និង​ច្របូកច្របល់​។​

​សេចក្តីរាយការណ៍​ពី​សវនាកា​រលើ​ជនជាប់ចោទ ​២៣​នាក់ ឲ្យដឹងថា នៅ​ព្រឹក​មិញ​នេះ ចៅក្រម​ជំនុំជម្រះលោក កែវ មុនី បាន​សួរដេញដោល​ទៅលើ លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​បាន​ដាក់​បង្ហាញ​នូវ​ភ័ស្តុតាង​ជា​ខ្សែអាត់​សំឡេង និង​ខ្សែ​វីដេអូចំនួន៣​បន្ថែមទៀត​។

លោក សំ សុគ​ង់ មេធាវី​លោក វ​ន់ ពៅ បាន​លើកឡើង​ថា ការដាក់​បង្ហាញ​នូវ​ភ័ស្តុតាង​ថ្មី​នេះ គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នោះទេ ព្រោះ​ភស្តុតាង​ជា​ខ្សែអាត់​វីដេអូ និង​ខ្សែ​វីដេអូ​ទាំង​៣​នោះ គឺជា​សកម្មភាព​របស់ លោក វ​ន់ ពៅ ចូលរួម​ក្នុង​ការតវ៉ា​មួយ នៅក្បែរ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១៣ ដែល​ទីតាំង​នោះ មិនមែន​ជា​ទីតាំង​កើតហេតុ​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង​នៅ​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៤​។ លោក​មេធាវី​បន្ត​ថា ការបង្ហាញ​ភ័ស្តុតាង​ថ្មី​នេះ អាច​ជា​ការ​អូស​បន្លយ​ពេលវេលា និង​បង្ក​ឲ្យ​កូនក្តី​របស់​លោក​មានកា​រ​ភ័ន្តច្រលំ និង​អារម្មណ៍​ច្របូកច្របល់​។​


តែ​ទោះជា​យ៉ាងណា ចៅក្រម លោក កែវ មុនី បានលើកឡើង​ពី​មាត្រា ៣២៥​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ថា ខ្លួន​មាន​ឆន្ទានុសិទ្ធិ​របស់​ខ្លួន ក្នុងការ​សួរ​នូវ​រាល់​សំណួរ ដែល​ខ្លួន​យល់ឃើញថា​មាន​សារៈសំខាន់ ក្នុង​ការជួយ​ដោះ​បន្ទុក និង​ដាក់បន្ទុក​ទៅលើ​ជនជាប់ចោទ​។​

​នៅពេល​ដែល​ចៅក្រម​បង្ហាញ​ភស្តុតាង​ថ្មី​ នេះ បាន​ធ្វើឲ្យ​អង្គ​សវនាការ​ទាំងមូល មាន​សភាព​តាង​តឹង ហើយ​ចៅក្រម​បាន​សម្រេច​ឲ្យ​សម្រាក​រយៈពេល ១៥​នាទី​ទៀត នៅ​ម៉ោង ១០:២៥​នាទី​ព្រឹក​នេះ​។
លោក​អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ដែល​ឃ្លាំមើល​ដំណើរការ​សវនាការ ចាត់ទុក​ការដាក់​ភ័ស្តុតាង​ថ្មី​មិន​ជាប់​ទាក់ទង​នឹង​អង្គ​ហេតុ​នេះ​ថា មាន​ភាពលម្អៀង និង​ហាក់​បង្ហាញ​នូវ​ចេតនា​អ្វី​មួយ​ផ្សេង​មួយ ក្នុងការ​ទាញ​អង្គហេតុ​ទៅរក​គោលដៅ​អ្វីមួយ​។ លោក​អំ សំអាត បន្តថា ការដែល​លោក​គិតថា​មាន​ភាពលម្អៀងនោះ ព្រោះ​ក្នុង​សវនាការ​កន្លងមក នៅពេល​មេធាវី និង​ជនជាប់ចោទ ស្នើ​សុំ​បញ្ជាក់​បន្ថែម​លើ​អង្គហេតុ ចៅក្រម​តែង​បដិសេធ​។​
គួរបញ្ជាក់​ថា នៅ​ព្រឹក​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​បន្ត​សវនាការ​ជំនុំជម្រះ​ក្តី លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជនជាប់ចោទ ២២​នាក់​ទៀត ករណី​ហិង្សា​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​នៅ​​មុខ​​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវវ៉េងស្រេង កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា​៕

No comments:

Post a Comment

yes