អតីតឧត្តមសេនីយ៍ ឈឿន ចាន់ថន ហៅ ម៉ៅ មេអង្គរក្សលោក ជា ស៊ីម
ពេលនាំឡើងតុលាការ
ភ្នំពេញៈ មន្រ្តីតុលាការនិងមេធាវីការពារអះអាងថា អតីតប្រធានអង្គរក្សលោកជា ស៊ីម ប្រធានព្រឹទ្ធសភា ឧត្តមសេនីយ៍ឯក ឈឿន ចាន់ថនហៅ ម៉ៅ វ័យ៤១ឆ្នាំ អតីតនាយរងសេនាធិការចម្រុះកងទ័ពជាតិ ជាប្រធានក្រុមហ៊ុន ឈឿនចាន់ថន អាហរ័ណ-និហរ័ណផងនោះ នឹងឡើងសវនាការឧទ្ធរណ៍នៅខែក្រោយ។
លោក តាន់ សេណារ៉ុង អគ្គព្រះរាជអាជ្ញារងនៃសាលាឧទ្ធរណ៍ បានឲ្យដឹងពីថ្ងៃពុធថា សាលាឧទ្ធរណ៍នឹងលើកយកបណ្តឹងឧទ្ធរណ៍របស់លោក ឈឿន ចាន់ថន មកជំនុំជម្រះនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១២នេះ។
លោកប្រាប់ថា៖«មកដល់ពេល នេះការស៊ើបអង្កេតលើបណ្តឹងឧទ្ធរណ៍របស់ឈឿន ចាន់ថនបានបញ្ចប់ ហើយសាលាឧទ្ធរណ៍នឹងបើកសវនាការករណីគាត់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំនេះ»។ ប៉ុន្តែ លោកមិនធ្វើអត្ថាធិប្បាយលម្អិតអំពីករណីនេះទេ។
លោក ពុធ ធាវី មេធាវីរបស់លោក ឈឿន ចាន់ថន បានប្រាប់ថា លោកទើបតែទទួលបានដីការបស់តុលាការអំពីសវនាការឧទ្ធរណ៍របស់កូន ក្តីលោកនៅឯសាលាឧទ្ធរណ៍ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា។
លោកមេធាវីបញ្ជាក់ថា តាមដីការបស់តុលាការ សវនាការរឿងលោក ឈឿន ចាន់ថន នៅខែក្រោយនឹងត្រូវជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់លោក ដែលជំទាស់នឹងការផ្តន្ទាទោសរបស់តុលាការយោធា ដែលបានកាត់ឲ្យគាត់ជាប់ពន្ធនាគារ២៦ឆ្នាំ។
លោកអះអាងថា បណ្តឹងឧទ្ធរណ៍រដ្ឋប្បវេណីរបស់លោក ឈឿន ចាន់ថន សាលាឧទ្ធរណ៍មិនទាន់កំណត់ពេលបើកសវនាការទេ។ លោកប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា៖ «ដើម្បីការពារនិងស្វែងរកយុត្តិធម៌ឲ្យកូនក្តីរបស់ខ្ញុំ ឲ្យរួចពីការចោទប្រកាន់របស់តុលាការយោធា ខ្ញុំបានរៀបចំរួចជាស្រេចនូវភស្តុតាងថ្មីៗនិងឯកសារ បន្ថែមទៀត។តាមច្បាប់ និងភស្តុតាងជាក់ស្តែងដែលខ្ញុំរកបាន ខ្ញុំ គិតថា កូនក្តីខ្ញុំមិនបានប្រព្រឹត្តខុសដូចតុលាការយោធាចោទ ប្រកាន់នោះទេ»។
លោករំពឹងថា៖ «ប្រសិនបើសាលាឧទ្ធរណ៍ពិចារណាដិតដល់លើបទចោទប្រកាន់លោក ឈឿន ចាន់ថន នោះតុលាការនឹងឃើញថា គាត់ជាមនុស្សស្លូតត្រង់។ ខ្ញុំសង្ឃឹមថា តុលាការនឹងលើកលែងការចោទប្រកាន់ទាំងនេះប្រឆាំងនឹងគាត់ ហើយដោះលែងគាត់ឲ្យមានសេរីភាព»។
ទាក់ ទងនឹងការចោទប្រកាន់លើកូនក្តីរបស់គាត់ លោកមេធាវី ពុធ ធាវី បានបញ្ជាក់ថា រាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោក ឈឿន ចាន់ថន ត្រូវបានធ្វើឡើងដោយគ្មានភស្តុតាងពិតប្រាកដ។ ព្រោះអ្វីដែលលោក ឈឿន ចាន់ថន ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ទាំងនោះ...គឺជាកាតព្វកិច្ច របស់លោកដើម្បីការពារសម្តេចជា ស៊ីម និងថ្នាក់ដឹកនាំផ្សេងទៀតនៅកម្ពុជា។
ឧត្តមសេនីយ៍ យឹម លាង មេបញ្ជាការថ្មីកងអង្គរក្សលោកជា ស៊ីម និងលោកមេធាវី ណាច ទ្រី របស់លោក មិនអាចទាក់ទងសុំបំភ្លឺបានទេកាលពីម្សិលមិញ។
លោក ឈឿន ចាន់ថន ត្រូវចោទប្រកាន់ដោយតុលាការយោធា៥ករណី រួមមាន ការរំលោភសេចក្តីទុកចិត្ត ការបំផ្លាញដោយចេតនានិងការកេងបន្លំដោយទុច្ចរិត ការចែកចាយអាវុធខុសច្បាប់ ការបំផ្លិចបំផ្លាញសម្ភារបម្រើការប្រយុទ្ធ និងការខ្វះស្មារតីទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រងអង្គភាព។ ជាមួយនឹងការចោទប្រកាន់ទាំងនេះតុលាការ
យោធា បានកាត់ឲ្យលោក ជាប់ពន្ធនាគារ២៦ឆ្នាំ និងពិន័យប្រាក់៣លានដុល្លារអាមេរិក។ ក្រៅពីនេះលោក ត្រូវសាលាដំបូងភ្នំពេញចោទប្រកាន់៤ករណី មានការកាន់កាប់អាវុធនិងគ្រាប់រំសេវខុសច្បាប់ ការចេញប័ណ្ណប្រើប្រាស់អាវុធ និងគ្រាប់ទៅឲ្យអ្នកគ្មានសមត្ថកិច្ច ការក្លែងឯកសារសាធារណៈ និងការប្រើប្រាស់ឯកសារសាធារណៈក្លែង។ តុលាការស៊ីវិលផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគារ១០ឆ្នាំ និងពិន័យជាប្រាក់៥លានរៀល៕
No comments:
Post a Comment
yes