សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 17, 2012

លោក សួន សេរីរដ្ឋា បដិសេធ​ថា​មិន​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ម សូណង់ដូ


ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ថា លោក​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដូច​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​នោះ​ទេ។
RFA/Mom Sophon
ប៉ូលិស​ឈរ​ការពារ​មិន​ឲ្យ​អ្នក​គាំទ្រ​លោក ម៉ម សូណង់ដូ ចូល​ទៅ​បរិវេណ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០១២។
សវនាការ​ជំនុំជម្រះ​ក្តី​សំណុំ​រឿង លោក ម៉ម សូណង់ដូ បាន​ប្រើប្រាស់​រយៈពេល ៣​ថ្ងៃ​កន្លះ ហើយ​បាន​បញ្ចប់​កាល​​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។ កាល​ពី​ថ្ងៃ​បញ្ចប់​នៃ​សវនាការ ព្រះរាជអាជ្ញា​បាន​ចោទ​ថា លោក ម៉ម សូណង់ដូ ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍​ក្នុង​គោលដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​សហការ​ជាមួយ​លោក សួន សេរីរដ្ឋា។
លោក សួន សេរីរដ្ឋា កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា បាន​ថ្កោលទោស​តុលាការ​កម្ពុជា និង​ចោទ​ថា បាន​ធ្វើ​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​ចោទ​ប្រកាន់​ថា រូប​លោក​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ម សូណង់ដូ ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក សួន សេរីរដ្ឋា ដើម្បី​បញ្ជាក់​ប្រាប់​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ម សូណង់ដូ បង្កើត​តំបន់​អបគមន៍​នៅ​ក្នុង​ឃុំ​កំពង់ដំរី ខេត្ត​ក្រចេះ បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កញ្ញា នេះ។

ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​របស់​លោក សួន សេរីរដ្ឋា បាន​អះអាង​ថា លោក ម៉ម សូណង់ដូ នៅ​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស បាន​ទៅ​ចូល​រួម​យក​ព័ត៌មាន​ពី​សកម្មភាព​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២ នា​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។ ចលនា​នេះ​ចោទ​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដោយ​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ពី​លំនៅឋាន។
ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុអាស៊ីសេរី កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០១២ ប្រធាន​​ចលនា​​អំណាច​​ពលរដ្ឋ​​ខ្មែរ លោក សួន សេរីរដ្ឋា បាន​​ឲ្យ​ដឹង​ថា បន្ទាប់​​​ពី​តុលាការ​​ព្រហ្មទណ្ឌ​​អន្តរជាតិ​​ទទួល​​ពាក្យ​​បណ្ដឹង ការិយាល័យ​​រាជអាជ្ញា​​​ក៏​​បាន​បង្គាប់​​អោយ​​លោក​​ផ្តល់​​ភស្តុតាង​​បន្ថែម៖ «បន្ទាប់​​​ពី​​យើង​​ដាក់​​ពាក្យ​​បណ្ដឹង​​នៅ​​ថ្ងៃ​​​ទី​២២ ខែ​​មិថុនា ឆ្នាំ​​២០១២ ទាម​ទារ​​អោយ​​តុលាការ​​ឧក្រិដ្ឋកម្ម​​អន្តរជាតិ​​នេះ ធ្វើ​ការ​​អង្កេត​​អំពី​​បទ​ឧក្រិដ្ឋ អំពី​​បទ​ឧក្រិដ្ឋកម្ម​​ប្រឆាំង​​មនុស្ស​​ជាតិ ដែល​ប្រព្រឹត្ត​​ដោយ​​រដ្ឋាភិបាល​​ក្រុង​​ភ្នំពេញ ហើយ​​មក​​ដល់​​ថ្ងៃ​​នេះ ក្រុម​​មេធាវី​​របស់​​យើង កំពុង​​ធ្វើ​​កិច្ចការ​​នេះ​​ជាមួយ​​ខាង​​ផ្នែក​​រដ្ឋអាជ្ញា នៃ​​តុលាការ​​ឧក្រិដ្ឋកម្ម​​អន្តរជាតិ ហើយ​​​គេ​​បាន​​ស្នើ​សុំ​​​​ឯកសារ​ភស្តុតាង​បន្ថែម​​ទៀត ដើម្បី​​ជំរុញ​​​លើ​​ការ​​ស៊ើប​​អង្កេត…»
ក្នុង​សវនាការ​លោក ម៉ម សូណង់ដូ បាន​ប្រាប់​ចៅក្រម​ថា លោក​ស្គាល់​លោក សួន សេរីរដ្ឋា ក្នុង​ឋានៈ​ជា​អ្នក​សារព័ត៌មាន​តែប៉ុណ្ណោះ។
ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ នេះ លោក អៀ ចាន់ណា បញ្ញវន្ត​ខ្មែរ​ម្នាក់​រស់​នៅ​ប្រទេស​ន័រវេសន៍ (Norway) បាន​មាន​ប្រសាសន៍​ថា តុលាការ​កម្ពុជា មិន​មាន​ឯករាជភាព និង​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ។
លោក​អះអាង​ថា ការ​ចោទ​ប្រកាន់​ទាំង​នេះ ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់៖ «ទង្វើ​របស់​រដ្ឋាភិបាល​នេះ ដោយ​ចាប់​លោក ម៉ម សូណង់ដូ និង​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ស្លូតត្រង់ គឺ​ជា​ការ​ព្យាយាម​ការពារ​ជន​ខិលខូច ការពារ​កំហុស​ផ្ទាល់​ខ្លួន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​យួន ទៅ​វិនិយោគ​នៅ​ទី​នោះ ប៉ះពាល់​ដី​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ទ្រាំ​អត់​បាន​ក៏​នាំ​គ្នា​តវ៉ា​ឡើង។ ប្រជាពលរដ្ឋ​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា ធ្វើ​អបគមន៍ បំបែក​រដ្ឋ​ក្នុង​រដ្ឋ​នោះ ថា​តើ​គាត់​មាន​អ្វី? ការ​ដែល​បំបែក​រដ្ឋ​ក្នុង​រដ្ឋ គឺ​ឈរ​លើ​មូលដ្ឋាន ទី​១ ផ្នែក​សេដ្ឋកិច្ច និង​ទី​២ ផ្អែក​លើ​កង​កម្លាំង​ប្រដាប់​អាវុធ…»
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​នៅ​មិន​ទាន់​បាន​ដឹង​អំពី​ជោគវាសនា​របស់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ ពីព្រោះ​តុលាការ​នឹង​ប្រកាស​សាលក្រម​កាត់​ទោស​ករណី​លោក នៅ​ថ្ងៃ​១ ខែ​តុលា ឆ្នាំ​២០១២។
ប៉ុន្តែ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក សួន សេរីរដ្ឋា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ គឺ​ជា​ចលនា​នយោបាយ​ស៊ីវិល ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ប្រមូល​ស្នាម​មេដៃ និង​ហត្ថលេខា​ចំនួន ៣៦​ម៉ឺន​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស ដើម្បី​គាំទ្រ​លោក ម៉ម សូណង់ដូ ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​កម្ពុជា៕

No comments:

Post a Comment

yes