សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 17, 2012

តុលាការ​ខេត្ត​ស្វាយរៀង​បន្ត​នីតិវិធី​ពិនិត្យ​លទ្ធផល​ស៊ើប​អង្កេត​លោក ឈូក បណ្ឌិត


តុលាការ​ខេត្ត​ស្វាយរៀង បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណុំ​រឿង​បាញ់​ប្រហារ​លើ​ហ្វូង​កម្មករ​នៅ​ក្រុង​បាវិត ដែល​មាន​ជន​ជាប់​ចោទ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត នោះ​រួច​រាល់​ហើយ។
RFA/Hum Chamroeun
១៨-ឧសភា-២០១២៖ កម្មការិនី ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា បង្ហាញ​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង ក្នុង​ពេល​កញ្ញា​តវ៉ា នៅ​ខេត្ត​ស្វាយរៀង។
មក​ដល់​ពេល​នេះ សំណុំ​រឿង​ក្ដី​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា ដើម្បី​បន្ត​នីតិវិធី​មុន​ពេល​បញ្ជូន​ទៅ​អោយ​ចៅក្រម​ជំនុំ​ជម្រះ ដើម្បី​កំណត់​ពេល​វេលា​បើក​សវនាការ។
ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង កំពុង​បន្ត​នីតិវិធី​ពិនិត្យ​លទ្ធផល​ស៊ើប​អង្កេត​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ជាប់​ចោទ​ក្នុង​ការ​បាញ់​អោយ​របួស​កម្មការិនី​បី​នាក់​នៅ​រោងចក្រ​កាត់​ដេរ​កៅវ៉េ (Kao Way)។
ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្វាយរៀង លោក ហ៊ីង ប៊ុនជា មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី១៥ ខែ​កញ្ញា ថា ចៅក្រម​ស៊ើបសួរ​បាន​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង​ក្ដី​នេះ​រួច​រាល់​ហើយ។ លោក​អះអាង​ថា លោក​កំពុង​ពិនិត្យ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​អោយ​បាន​ឆាប់។ បើ​ទោះ​ជា​យ៉ាង​ណា លោក ហ៊ីង ប៊ុនជា ពុំ​បាន​បង្ហើប​អោយ​ដឹង​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ​ឡើយ៖ «គឺ​ខ្ញុំ​ត្រូវ​ពិនិត្យ ត្រូវ​ពនិត្យ ដើម្បី​បាន​សន្និដ្ឋាន​បញ្ចប់។ ហី​ការ​ពិនិត្យ​របស់​ខ្ញុំ វា​ត្រូវ​ប្រើ​មិន​អោយ​លើស​ពី​មួយ​ខែ គិត​ចាប់​ពី​ថ្ងៃ​ចន្ទ មក។ ខ្ញុំ​ព្យាយាម​ធ្វើ​អោយ​បាន​លឿន​បំផុត»

ព្រះរាជអាជ្ញា លោក ហ៊ីង ប៊ុនជា កាល​ពី​ពេល​កន្លង​ទៅ បាន​សម្រេច​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ចំពោះ​ការ​បាញ់​ប្រហារ​អោយ​របួស​កម្មការិនី​៣​នាក់​នៅ​រោងចក្រ​កៅវ៉េ។
កម្មការិនី​៣​នាក់ នៅ​រោងចក្រ​កៅវ៉េ ត្រូវ​បាញ់​អោយ​របួស​ធ្ងន់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ មាន​ឈ្មោះ អ៊ុន ចិន្តា ឬ ប៊ុន ចិន្តា របួស​ដើម​ទ្រូង​លើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ក្រោម​ខ្លៀក​ខាង​ឆ្វេង កៅ នី រង​របួស​ដៃ​ស្ដាំ និង នុត សុខន របួស​ដៃ​ស្ដាំ និង​ខ្នង។ ពួក​គេ​បាន​ដាក់​ពាក្យ​ប្ដឹង លោក ឈូក បណ្ឌិត ជន​សង្ស័យ​នៃ​ការ​បាញ់​ប្រហារ​នោះ ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា។
កម្មការិនី ប៊ុន ចិន្តា មាន​ប្រសាសន៍​ថា ការ​អូស​បន្លាយ​រឿង​ក្ដី​នេះ បាន​ធ្វើ​អោយ​នាង​បន្ត​រស់​នៅ​ក្នុង​ភាព​ភ័យខ្លាច​កាន់​តែ​យូរ​ដែរ៖«ខ្ញុំ​រាល់​ថ្ងៃ​ចេះ​តែ​ភ័យ​ខ្លាច​បង ព្រោះ​អី​ធ្វើ​ការ​ឆ្ងាយ​ពី​ខេត្ត​អីចឹង មិន​ដឹង​គេ​គិត​ម៉េចៗ​ផង ព្រោះ​អី​វា​នៅ​អីចឹង​ណាស់។ ខ្ញុំ​ចង់​អោយ​អ្នក​ជន​ល្មើស​ហ្នឹង​ផ្ដន្ទាទោស​តាម​ច្បាប់»
ចំណែក​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​រឿង​ក្ដី​បាន​កត់​សម្គាល់​ថា ពុំ​មែន​ជា​រឿង​ថ្មី​ទេ​ចំពោះ​ការ​អូស​បន្លាយ​រឿង​ក្ដី ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ដូច​លោក ឈូក បណ្ឌិត នេះ។
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជា​ញឹកញយ ការ​អូស​បន្លាយ​រឿង​ក្ដី​បែប​នេះ បាន​ធ្វើ​អោយ​ជន​រងគ្រោះ​នឿយ​ណាយ ឬ​លែង​ខ្វល់​ខ្វាយ​ពី​រឿង​ក្ដី​នោះ​តទៅ​ទៀត។ លោក​ថា លែង​ខ្វាយ​ខ្វល់ គឺ​មាន​ន័យ​ថា​ពួក​គេ​សម្រេច​ចិត្ត​រស់​នៅ​ក្នុង​ភាព​អយុត្តិធម៌៖ «ឃើញ​ហើយ​វា​ជា​វប្បធម៌​មួយ បើ​សិន​ជា​អ្នក​មាន​លុយ អ្នក​មាន​អំណាច អ្នក​មាន​បុណ្យសក្តិ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​អី​មួយ យើង​ឃើញ​នីតិវិធី​ដើរ​យឺត ជួន​កាល​គឺ​យូរ​មែន​ទែន ជួន​កាល​ក៏​គ្មាន​ចំណាត់​ការ​ទៅ​ទៀត។ តែ​កាល​ណា​យូរ​មែន​ទែន​ទៅ ធ្វើ​អោយ​ជន​រងគ្រោះ​ហ្នឹង។ គាត់​ខឹង​គាត់​លែង​ចង់​ប្ដឹង​ចង់​ផ្តល់​អី។ គាត់​គិតថា​វា​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​គាត់​ទៀត​ក៏​ថា​បាន​ដែរ»
យ៉ាង​នេះ​ក្ដី មក​ដល់​ពេល​នេះ ទាំង​កម្មការិនី​ដែល​ជា​ជន​រងគ្រោះ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​តែ​ទទូច​អោយ​តុលាការ​ត្រូវ​នាំ​ខ្លួន​ជន​ល្មើស​មក​ផ្ដន្ទាទោស​ទៅ​តាម​ទង្វើ​ដែល​គេ​បាន​ប្រព្រឹត្ត៕

No comments:

Post a Comment

yes