សៀមរាប ៖ ជនសង្ស័យជាមុខសញ្ញប្លន់ប្រដាប់អាវុធចំនួន២នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ដសៀមរាបចាប់ខ្លួនបាន ដោយដកហូតកាំភ្លើងអាកា៤៧មួយដើម និងវិទ្យុទាក់ទង២គ្រឿង នៅក្នុងផ្ទះសំណាក់ឈារីអង្គរ មុនពួកគេធ្វើសកម្មភាពប្លន់នៅក្នុងក្រុងសៀមរាប ។ ជនទាំងពីរនាក់នេះត្រូវកម្លាំងប៉េអឹមចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ នៅក្នុង ផ្ទះសំណាក់ឈារីអង្គរ បន្ទប់លេខ៣០៨ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
មន្ដ្រីកងរាជអាវុធហត្ថខេត្ដសៀមរាបបានអោយដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវចាប់ខ្លួននេះមាន ឈ្មោះ ១-ស៊ួន សាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិថ្មី ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ២-ឈ្មោះ គឹម សុខហេង ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិពោធិតាអុន ឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ដែលម្នាក់នេះ ជាយោធានៅយោធភូមិភាគទី៥ ការិយាល័យអភិវឌ្ឈន៍។ មន្ដ្រីប៉េអឹមបានបន្ដថា អំឡុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតកាំភ្លើងធុនអាកា៤៧ស្វាយបត់មួយដើម មានគ្រាប់២២គ្រាប់ លេខ៩៧២៨ វិទ្យុទាក់ទង២ គ្រឿង ខ្នោះដៃ១គូ ម៉ូតូ១គ្រឿង ខោអាវប៉ារ៉ា១កំប្លេ និងខោអាវឯកសណ្ឋានយោធាត្រេអ៊ី១កំប្លេ។
សមត្ថកិច្ចប៉េអឹមបានបន្ដទៀតថា ជនសង្ស័យទាំងពីរនាក់នេះគឺជាមុខសញ្ញាប្លន់ដែលតែងតែធ្វើសកម្មភាពនៅ តាមបណ្ដាខេត្ដក្រុងផ្សេងៗនាពេលកន្លងទៅ ហើយលើកនេះពួកគេបម្រុងងមកធ្វើសកម្មភាពប្លន់នៅក្នុងក្រុង សៀមរាប តែដោយសារសមត្ថកិច្ចដឹងមុននិងមានការតាមដានយ៉ាងជាក់លាក់ ទើបចាប់ខ្ងួនពួកគេបាននៅ ពេលមុនធ្វើសកម្មភាព ។ សមត្ថកិច្ចបន្ដថា ជនសង្ស័យទាំងពីរនាក់នេះត្រូវបានកងរាជអាវុធហត្ថចោទប្រកាន់ពីបទ ប៉ុនប៉ងលួចដោយមានស្ថានទំងន់ និងពីបទប្រើប្រាស់អាវុធខុសច្បាប់ ហើយពួកគេត្រូវបានបញ្ជូនខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នេះដើម្បីចាត់ការតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា នៅក្រុងសៀមរាបសកម្មភាពប្លន់ប្រដាប់អាវុធមួយរយៈនេះត្រូវបានគេសង្កេតឃើញ មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីក្រុមសមត្ថកិច្ចចម្រុះរបស់ខេត្ដសៀមរាបបានធ្វើសកម្មភាពបង្ក្រាបជាទ្រង់ទ្រាយធំនិងក្ដៅទៅលើបក្ខពួកក្រុមចោរប្លន់អ្នកលក់មាសនៅផ្សារស្រុកពួក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ ។ ក្នុងប្រតិបត្ដិការនោះបានធ្វើអោយក្រុមចោរស្លាប់៣នាក់និងរបួសម្នាក់ ខណៈដែលពួកគេបាញ់សម្លាប់ប្រជាពលរដ្ឋស្លាប់ និងរងរបួស ថែមទាំងបាញ់តបតយ៉ាងចាស់ដៃមកលើក្រុមសមត្ថកិច្ចដែល ប្រតិបត្ដិការទៀតផង។
ទោះជាយ៉ាងណាក៏ដោយថ្វីបើសកម្មភាពប្លន់ប្រដាប់អាវុធ ត្រូវបានគេមើលឃើញថា មានសភាព ស្ងប់ស្ងាត់ក៏ពិតមែន តែវិធានការនៃការការពារសន្ដិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្រុមសមត្ថកិច្ចនៅតែមានការប្រុងប្រយ័ត្នខ្ពស់ និង ពង្រាយកម្លាំងការពារគ្រប់គោលដៅសំខាន់ៗនៅក្នុង ក្រុង ជាពិសេសតាមទីផ្សារនានា និងទីប្រជុំជន៕
No comments:
Post a Comment
yes