ភ្នំពេញ ៖ ទោះបីជាមានការព្រមានខ្លាំងៗពី ប្រមុខរាជរដ្ឋាភិបាលហាមមិនអោយមានការ ដាក់កុងត្រូលជជុះគាបជំរិតទារលុយពីប្រជាពលរដ្ឋ អាជីវករតូចធំជាអ្នករកស៊ីដឹកជញ្ជូនទំនិញតាមដងផ្លូវជាជំងឺសង្គម ដែលរាជរដ្ឋាភិបាលកំពុងព្យាយាមទប់ស្កាត់ឲ្យមានប្រសិទ្ធភាពក៏ដោយ ក៏ក្រុមជញ្ជីងថ្លឹងរថយន្តរបស់លោក ស៊ូ ប៉ុណ្ណារ៉ុង នៅតែបន្តដាក់កុងត្រូលជជុះស្ទាក់យកលុយប្រជាពលរដ្ឋ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញតាមដងផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិស្វាយជំនីក ស្រុកសង្កែរខេត្តបត់ដំបងយ៉ាងអនាធិបតេយ្យដដែល។
លោក ស៊ូ ប៉ុណ្ណារ៉ុង ដែលគេស្គាល់ថាជាអនុប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបងបានប្រព្រឹត្តផ្ទុយពីតួនាទីរបស់ខ្លួនដោយបង្កើតក្រុមជញ្ជីងថ្លឹងរថយន្តគ្មាននស្លាកសញ្ញាច្បាស់លាស់មានតែក្រុមចំរុះ៤-៥ នាក់ដែលអង្គុយចាំស្ទាក់យកលុយពីក្រុមអ្នកដឹកជញ្ជូនទំនិញតាមរបៀបពុករលួយយកទៅច្រកហោប៉ៅរបស់ខ្លួន រំខានដល់ការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ និងអាជីវករតូចធំតាមដងផ្លូវជាតិលខ៥ យ៉ាងអនាធិបតេយ្យបំផុត ទោះបីជាមានការរ អ៊ូរទាំពីមជ្ឈដ្ឋានប្រជាពលរដ្ឋ អ្នករកស៊ីដឹកជញ្ជូនទំនិញយ៉ាងណាក៏ដោយក៏ពួកគេមិនខ្វល់ឡើយ គឺករណីមួយនេះគួរតែអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការជាបន្ទាន់។
អ្នករកស៊ីដឹកជញ្ជូនទំនិញតាមដងផ្លូវជាតិលេខ៥ បានលើកឡើងថា ពួកគេមិនសូវបានផលកម្រៃប៉ុន្មានទេព្រោះមានការចំណាយលើសមត្ថកិច្ចតាមដងផ្លូវជាច្រើនកន្លែង ជាពិសេសជញ្ជីងថ្លឹងរថយន្តនៅចំណុចស្រុកសង្កែដែលដឹកនាំដោយលោក ស៊ូ ប៉ុណ្ណារ៉ុង ជាអនុប្រធានមន្ទីរសាធារណការខេត្តបាត់ដំបងដែលទារលុយច្រើនៗចាប់ពី២០ម៉ឺនរៀលឡើងទៅ២៥ម៉ឺនរៀល ចំពោះរថយន្តធំៗគឺទៅតាមប្រភេទទំនិញបើមានការតវ៉ាមិនព្រមបង់លុយឲ្យក្រុមចម្រុះជាកូនចៅរបស់ខ្លួនអូសយកទៅរក្សាទុករយៈពេលយូរថ្ងៃហើយពួកគេពិន័យតាមទំនើងចិត្ត។ មានការរម្លឹកថាឆ្នាំមុនក្រុមជញ្ជីងទាំងនេះយកតម្លៃត្រឹមតែ១០ម៉ឺនរៀលទៅ១៥ម៉ឺនរៀលតែប៉ុណ្ណោះ ប៉ន្តែឆ្នាំនេះក្រុមជញ្ជីងបង្កើនចំណូលដោយ គាបជំរិតអ្នករកស៊ីដឹកជញ្ជូនទំនិញតាមដងផ្លវជាតិលេខ៥ យ៉ាងចាស់ដៃ។
ខេត្តបាត់ដំបងមានភូមិសាស្ត្រអំណោយផលសម្រាប់ផលសិកម្មយ៉ាងសំខាន់ ធ្វើអោយអាជីករតូចធំមានឱកាសរកស៊ីដឹកជញ្ជូនពោត សណ្ដែក ដំឡូងជាពិសេសស្រូរអង្ករ ជាដើមទាំងយប់ទាំងថៃ្ងដោយមួយភាគជាប់ព្រំប្រទល់ប្រទេសថៃផងនោះ មានទំនិញវិនិយោគរបស់ក្រុមហ៊ុនតូចធំ ត្រូវបានដឹកជញ្ជូនពីប្រទេសថៃយ៉ាងគគ្រឹកគគ្រេងឆ្លងកាត់ខេត្តបាត់ដំបង មិនចេះដាច់ដែលជាឱកាសរបស់លោក ស៊ូ ប៉ុណ្ណារ៉ុង កើបលុយច្រកកហោប៉ៅរបស់ខ្លួនយកទៅធ្វើមានធ្វើបាននិងបញ្ជូនឲ្យទៅថ្នាក់លើជាខ្នងបង្អែកដើម្បីរក្សាតំណែងបានយូរអង្វែងផងដែរ៕
No comments:
Post a Comment
yes