លោក សូយ៉ា ស៊ូបេឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
អ្នករាយការណ៍ពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិលោក ស៊ូរិយា ស៊ូបេឌីបានចេញផ្សាយរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាបន្ទាប់ពីលោកបានបំពេញបេសកកម្ម៧លើកនៅកម្ពុជា។ក្នុងចំណោមបញ្ហាជាច្រើន អ្នករាយការណ៍ពិសេសបានផ្តោតជាសំខាន់លើការបោះឆ្នោតដែលក្នុងបញ្ហានេះ អ្នករាយការណ៍ពិសេសអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាកែទម្រង់នីតិវិធីបោះឆ្នោត។
បេសកកម្មទាំង៧លើករបស់អ្នករាយការណ៍ពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាសុទ្ធមានរបៀបវារៈ។ ប៉ុន្តែរបៀបវារៈនៃបេសកកម្មទី៦ដែលទាក់ទងនឹងការបោះឆ្នោតត្រូវបានរំលេចយ៉ាងខ្លាំងនៅក្នុងរបាយការណ៍របាយការណ៍ដែលលោកស៊ូរិយា ប្រាសាទ ស៊ូបេឌីផ្ញើក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
លោកស៊ូបេឌីបានចាប់អារម្មណ៍ធ្វើអត្ថាធិប្បាយ និងផ្តល់អនុសាសន៍ច្រើនក្នុងបញ្ហាបោះឆ្នោតនេះ នៅក្នុងបរិបទដែលកម្ពុជាទើបតែរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ហើយនៅឆ្នាំនេះ និងបន្តរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៣ក្រោយនេះទៀត។
រដ្ឋាភិបាលកម្ពុជាត្រូវកែទម្រង់នីតិវិធីបោះឆ្នោត ធានាឯករាជ្យភាព និងសមត្ថភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវប្រើមន្ត្រីនៃគណៈកម្មាការរៀបចំការបោះឆ្នោតក្នុងពេលចុះឈ្មោះបោះឆ្នោតជំនួសមេភូមិ គួរវិសោធនកម្មច្បាប់ដើម្បីអនុញ្ញាតអោយមានការឈរឈ្មោះជាឯកត្តនាម គួរអនុញ្ញាតអោយជនជាតិខ្មែរនៅបរទេសអាចបោះឆ្នោតបានតាមរយៈស្ថានទូតពីបរទេស ត្រូវធានាអោយអ្នកដែលគ្មានលំនៅស្ថាន និងអ្នកដែលរងគ្រោះដោយការបណ្តេញចេញអាចអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេបាន ទាំងអស់នេះសុទ្ធសឹងតែជាអនុសាសន៍របស់អ្នករាយការណ៍ពិសេសដែលត្រូវបានសរសេរនៅក្នុងរបាយការណ៍។
លោកទេព នីថា ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះបានពន្យល់ថា វាបានមានការ កែលំអ និងមានចំនុចប្រសើរខ្លះហើយពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ។ ហើយថាការកែលំអត្រូវបានអនុវត្តទៅតាមស្ថានភាពជាក់ស្តែង និងភាពចាំបាច់របស់កម្ពុជា។ ចំពោះលោកទេព នីថា ចំនុចមួយចំនួនដែលត្រូវសរសេរនៅក្នុងរបាយការណ៍ដោយលោកស៊ូរិយា ស៊ូបេឌីហាក់ដូចជាអ្វីដែលអង្គការ និងគណបក្សប្រឆាំងនៅកម្ពុជាធ្លាប់បានលើកឡើងដែរ។
នៅចុងបញ្ចប់នៃរបាយការណ៍ អ្នករាយការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានោះ មិនបានភ្លេចនិយាយអំពីករណីលោកសម រង្ស៊ីនោះឡើយ។ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិរូបនេះស្នើអោយមានដំណោះស្រាយផ្នែកនយោបាយដើម្បីអនុញ្ញាតអោយលោកសម រង្ស៊ីអាចចូលមកចូលរួមក្នុងការបោះឆ្នោតឆ្នាំក្រោយនេះវិញ ដើម្បីគោលដៅនៃការពង្រឹងប្រជាធិបតេយ្យនៅកម្ពុជាអោយកាន់តែខ្លាំង៕
No comments:
Post a Comment
yes