លោកដំបងគ្រញូងដែលសិស្សានុសិស្សនាំមកសែន
ខេត្តបាត់ដំបង ៖ ក្រោយពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ត្រូវបានប្រកាសឱ្យដឹងកាលពីព្រឹកថ្ងៃទី១ កញ្ញា គេឃើញយុវសិស្សដែលប្រឡងជាប់បានបង្ហាញពីក្តីសប្បាយរីករាយក្រៃលេង ខណៈដែលយុវសិស្សប្រឡងធ្លាក់សើច «សេះ» ដោយខ្លះដួលសន្លប់ ឯខ្លះទៀតសម្រក់ទឹកភ្នែកនៅចំពោះមុខមិត្តរួមថ្នាក់ពេលកំពុងឈរស្តាប់លទ្ធផលដែលបានប្រកាសតាមមណ្ឌលប្រឡងនីមួយៗនៅក្នុងក្រុងបាត់ដំបង ។
ចាប់តាំងពីរសៀលរហូតដល់យប់នៃថ្ងៃប្រកាសលទ្ធផលប្រឡងគេឃើញយុវសិស្សប្រុស-ស្រីដែលប្រឡងជាប់រាប់រយនាក់បាននាំគ្នាមកលត់ជង្គង់នៅចំពោះមុខរូបសំណាកលោកតាដំបងគ្រញូងជាថ្មីម្តងទៀតក្នុងទឹកមុខសប្បាយរីករាយ ជាមួយនឹងតង្វាយផ្លែឈើ មាន់ស្ងោរ មាន់ដុត ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីថ្វាយ និងអុជធូបរំលឹកគុណលោកតាដំបងគ្រញូង តាមការសន្យាដែលពួកគេជឿថា មហិទ្ធិឫទ្ធិដ៏ពូកែស័ក្តិសិទ្ធិរបស់លោកតា គឺជាផ្នែកមួយជួយឱ្យពួកគេបានប្រឡងជាប់ ខណៈដែលយុវជនសិស្សដែលប្រឡងធ្លាក់គេចមុខមិនហ៊ានមកក្បែររង្វង់មូលរូបសំណាកលោកតាដំបងគ្រញូងនោះ។
នៅចំពោះមុខរូបសំណាកលោកតាដំបងគ្រញូង យុវសិស្សប្រុស-ស្រីដែលប្រឡងជាប់និយាយថា ពួកគេធ្លាប់បានមកអុជធូបនៅចំពោះមុខលោកតាដំបងគ្រញូងមុនថ្ងៃប្រឡង សុំឱ្យមហិទ្ធិឫទ្ធិរបស់លោកតាជួយឱ្យបានប្រឡងជាប់ដោយសន្យាថា នឹងយកតង្វាយមកថ្វាយជូនលោកតាតាមការសន្យានេះ ។ ទោះជាយ៉ាងណាយុវសិស្សដែលប្រឡងធ្លាក់វិញ ខ្លះបានស្តីបន្ទោសថា មកពីការប្រឡងឆ្នាំនេះតឹងតែងពេក ។ ឯខ្លះទៀតថា គ្មានប្រាក់សម្រាប់សូកប៉ាន់នឹងគេ ។ ជាមួយគ្នានេះយុវសិស្សដែលប្រឡងជាប់មួយចំនួនក៏បានទទួលស្គាល់ថា ការប្រឡងឆ្នាំនេះពិតជាមានការតឹងតែងមែន ។
No comments:
Post a Comment
yes