សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 30, 2012

កម្ពុជា​នឹង​បាន​ចំណែក​៨០%​ពី​ប្រេង

120928_12
ស្ថានីយប្រេង​កាល់តិច​នៅភ្នំពេញ។ កាល់តិច​ជាក្រុមហ៊ុន​របស់​ Chevron 
ដែល​បានសិទ្ឋិ​រក​ប្រេង​នៅ​កម្ពុជា​

ភ្នំពេញៈ មន្ត្រី​កម្ពុជា​បាន​អះអាង​ថា រដ្ឋាភិបាល​នឹង​កាន់​កាប់​ប្រាក់​ចំណេញ​ភាគ​ច្រើន​ពី​ការ​រុក​រក​ប្រេង​នៅ ប្លុក A ដែល​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុម​ហ៊ុន​រុក​រក​ប្រេង​របស់​អាមេរិក ​Chevron។
មន្ត្រី​និយាយ​ថា គេ​នឹង​ចេញ​អាជ្ញា​ប័ណ្ណ​អនុញ្ញាត​ការ​ផលិត ដល់​ក្រុមហ៊ុន​នេះ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
លោក ឯក ថា អ្នក​នាំ​ពាក្យ​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​កម្ពុជា និង Chevron កំពុង​ធ្វើ​ការ​លើ​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​គេ​មិន​ទាន់​សម្រេច​នៅ​ឡើយ​។
លោក បាន​លើក​ឡើង​ថា៖ «យើង នឹង​ទទួល​បាន​ ៧០ ទៅ ៨០​ភាគរយ​នៃ​ប្រាក់​ចំណូល​សរុប​។ បច្ចុប្បន្ន ភាគី​ទាំង​ពីរ កំពុង​ចរចា​គ្នា។ ម្យ៉ាង​វិញ​ទៀត​យើង​កំពុង​ឈាន​ដល់​ការ​ចេញ​លិខិត​អនុញ្ញាត​លើ​ការ​ផលិត​»។
លោក​បន្ត​ថា៖ «យើង​កំពុង​ធ្វើ​ការ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា និង​ប្រទេស​ជាតិ​ទាំង​មូល​។

យើង ក៏​យល់​អំពី​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត ភាគី​ទាំង​ពីរ គឺ​កម្ពុជា និង Chevron កំពុង​ធ្វើ​ការ​ដើម្បី​អត្ថ​ប្រយោជន៍​រួម»។
លោក សុខ ខាវ៉ាន់ អគ្គ​នាយក​ស្តីទី​នៃ​អាជ្ញាធរ​ប្រេង​កាតជាតិ​កម្ពុជា (CNPA) បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប៉ុន្តែ​លោក​បាន​ប្រាប់​កាសែត​Dow Jones Newswires កាល​ពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល អាច​នឹង​ទទួល​បាន​ប្រាក់​ចំណូល​មួយ​ចំណែក​ធំ​ពី​គម្រោង​នេះ អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ដូច​ជា​តម្លៃ​ប្រេង ថ្លៃ​ផលិតកម្ម និង​ការ​អភិវឌ្ឍ​។
លោក​បន្ត​ថា៖ «តាម​រយៈ​ការ​វិភាគ​របស់​យើង ចំណែក​របស់​រដ្ឋាភិបាល មិន​តិច​ជាង​៧០​ភាគរយ​ឡើយ ហើយ​អាច​ឈាន​ដល់ ៨០​ភាគរយ​ក្នុង​ករណី​ប្រេង​ឡើង​ថ្លៃ​»។
លោក Steve Glick អគ្គនាយក Chevron ប្រចាំ​នៅ​កម្ពុជា បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ប៉ុន្តែ​លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ខែ​កក្កដា​ថា ក្រុម​ហ៊ុន​នេះ បាន​បញ្ចប់​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​(EIA)រួច​ហើយ រួម​បញ្ចូល​ទាំង​របាយ​ការណ៍​ស្តី​ពី​ការ​រុក​រក​ប្រេង។ លោក​បាន​ថ្លែង​ថា៖ « យើង​បាន​មក​កម្ពុជា​រយៈពេល ១០​ឆ្នាំ​ហើយ ហើយ​ Chevron បាន​ធ្វើ EIA ពីរ​ផ្សេង​ទៀត ក្នុង​រយៈពេល​នេះ»។ លោក Steve Glick បាន​បន្ថែម​ថា ក្រុម​ហ៊ុន​នេះ បាន​បញ្ចប់​កម្មវិធី​គ្រប់គ្រង​បរិស្ថាន​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់ ខ្លួន​រួចរាល់​ហើយ។
លោក ម៉ម សម្បត្តិ ប្រធាន​អង្គការ​អភិវឌ្ឍន៍​ និង​ភាព​ជា​ដៃ​គូ ក្នុង​សកម្មភាព (DPA) បាន​ឲ្យ​ដឹង​ថា ការ​បែង​ចែក​ប្រាក់​ចំណូល នឹង​ក្លាយ​ទៅ​ជា​ចម្ងល់​ដ៏​ធំ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល។ លោក​ថ្លែងថា​៖ «ខ្ញុំ​មិន​អាច​និយាយ​បាន​ថា​តើ​វា​សម​ស្រប​ ឬ​អត់​នោះ​ទេ ប្រសិន​បើ​ភាគី​ទាំង​ពីរ​ចេញ​ព័ត៌មាន​ដល់​សាធារណជន​នោះ»។
ភ្នំពេញ ប៉ុស្តិ៍ បាន​រាយ​ការណ៍​កាល​ពី​ដើម​ខែ​កក្កដា​ថា មន្ត្រី Chevron បាន​ឲ្យ​ដឹង​ថា ផលិត​កម្ម​ប្រេង​របស់​ខ្លួន នៅ​កម្ពុជា នឹង​មិន​អាច​ចាប់​ផ្តើម​បាន​ឡើយ រហូត​ដល់​ឆ្នាំ​២០១៦ ឬ​យ៉ាង​ហោច​ណាស់ ៣​ឆ្នាំ​ទៀត បន្ទាប់ពី​កាល​បរិច្ឆេទ​កំណត់​នៅ​ថ្ងៃ​ទី ១២ ខែ​១២ ឆ្នាំ​២០១២។
លោក ម៉ម សម្បត្តិ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ពន្យារ​ពេល​នេះ នឹង​ផ្តល់​ឱកាស​ដល់​រដ្ឋាភិបាល ដើម្បី​បង្កើត​វិធាន ឬ​បទប្បញ្ញត្តិ​មួយ​ចំនួន​ព្រម​ទាំង​បណ្តុះ​បណ្តាល​មន្រ្តី​របស់​ខ្លួន​ឲ្យ ​មាន​សមត្ថភាព ក្នុង​ឧស្សាហកម្ម​រុករក​ប្រេង​។
ប៉ុន្តែ លោក ឯក ថា បាន​ឲ្យ​ដឹង​ថា តំណក់​ប្រេង​ដំបូង នឹង​សម្រេច​បាន​នៅ​ឆ្នាំ​ក្រោយ ឬ​ពីរ​ឆ្នាំ​ទៀត។ លោក​បន្ត​ថា​៖ «លោក​ឧប​នាយក រដ្ឋ​មន្ត្រី សុខ អាន បាន​ឲ្យ​ដឹង​ថា យើង​នឹង​មាន​ប្រេង​តំណក់​ដំបូង ឬ​ផលិតកម្ម​ប្រេង ក្នុង​រយៈ ពេល​មួយ ទៅ ពីរ​ឆ្នាំ​ទៀត» ។
លោក យឹម សុវណ្ណ ​អ្នក​ពាក្យ​គណបក្ស​សមរង្ស៊ី ​បាន​អះអាង​ថា វា​ជា​ការល្អ​ប្រសិន​កម្ពុជា​ទទួល​បាន​ចំណែក​ខ្ពស់​ និង​ប្រើ​ប្រាស់​ចំណូល​ដែល​ទទួល​បាន​ពី​ធនធាន​ប្រេង​ចំគោល​ដៅ ​និង​មាន​ប្រសិទ្ធភាព ​ប៉ុន្តែ​លោក​បារម្ភ​ថា​ អំពើ​ពុក​រលួយ​នៅ​តែ​ជា​ឧបសគ្គ​។
លោក​បន្ត​ថា រដ្ឋាភិបាល​បាន​រឹតត្បិត​ព័ត៌មាន​ស្តីពី​បញ្ហា​ធន​ធាន​ប្រេង៖​ «ប្រជា​ពលរដ្ឋ ​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​គួរ​ទទួល​បាន​ព័ត៌​មាន​ដើម្បី​ចូល​រួម​ធ្វើ​ ឲ្យ​ប្រាកដ​ថា ការ​ប្រើប្រាស់​ប្រាក់​ចំណូល​ពី​ធន​ធាន​ប្រេង​ចំ​គោល​ដៅ​ និង​មាន​ប្រសិទ្ធភាព»៕ 

No comments:

Post a Comment

yes