ប្រជានេសាទក្រីក្រនៅស្រុកកំពង់លែង ជាច្រើននាក់ បានសម្ដែងការមិនពេញចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ច និងផ្នែកជំនាញនេសាទ ដែលបានហាមឃាត់មិនឲ្យពួកគាត់នេសាទជាលក្ខណៈគ្រួសារ តែបែរជាបើកដៃឲ្យឈ្មួញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក នង នៀម ជាប្រជាពលរដ្ឋនៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ កញ្ញា ថា បច្ចុប្បន្ន ប្រជាពលរដ្ឋក្រីក្រនៅឃុំផ្លូវទូក កំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោយសារអាជ្ញាធរមានសមត្ថកិច្ច បានហាមឃាត់មិនឲ្យពួកគាត់នេសាទត្រីជាលក្ខណៈគ្រួសារទេ។ គាត់បន្តថា អាជ្ញាធរទុកដែននេសាទទាំងនេះ ឲ្យក្រុមឈ្មួញនេសាទ ព្រោះក្រុមឈ្មួញបានបង់ប្រាក់ឲ្យសមត្ថកិច្ច។ ឯប្រជាពលរដ្ឋក្រីក្រអត់មានប្រាក់បង់ ទើបគេហាមឃាត់៖ «អ្នកដែលគ្មានលុយបង់ គឺគេចាប់យកសាច់អួន ហើយគេទុកលក់មកឲ្យម្ចាស់ដើមវិញ បើម្ចាស់អួនចង់រកបន្តទៀត។ នេះបើតាមការពិនិត្យមើលទៅ មិនបង្ក្រាបបទល្មើសទេ តែគឺបង្កើនបទល្មើសវិញទេ។ ហើយបង្កើននេះ គឺរស់បានតែអ្នកមានទេ ងាប់ឯងអ្នកក្រដដែល»។
ស្ត្រីអ្នកភូមិប្រឡាយមាស ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងបន្ថែមថា មុនពេលបោះឆ្នោត មន្រ្តីគណបក្សនយោបាយណាក៏បានសន្យាថា បើគណបក្សគេឈ្នះឆ្នោត គេនឹងបើកទូលាយឲ្យប្រជាពលរដ្ឋប្រកបរបរនេសាទលក្ខណៈគ្រួសារដោយសេរី តែលុះគេបានឈ្នះឆ្នោត គេបែរជារឹតត្បិតមិនឲ្យប្រជាពលរដ្ឋនេសាទទេ ប្រសិនបើគ្មានប្រាក់បង់ឲ្យគេនោះ៖ «គេរឹបប្រជាពលរដ្ឋនោះរឹប ខ្លាំងណាស់។ ក្នុងមួយឡុក៥០ម៉ែត្រ គេទារសុទ្ធតែ២ទៅ៣រយ។ ប្រជាជនតំបន់នេះ គ្នាអត់មានស្រែទេ ស្រែនោះគឺក្នុងទឹកហ្នឹងហើយ ហើយបើរឹបយ៉ាងនេះ ឲ្យគ្នារស់យ៉ាងម៉េចទៅ»។
កាលពីខែមីនា កន្លងទៅ រាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ៣៧ សម្រេចលុបឡូត៍នេសាទជុំវិញបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងបន្ទាយមានជ័យ ទុកសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារ និងទុកជាកន្លែងអភិរក្សជលផល។ អនុក្រឹត្យនេះ បានផ្ដល់ក្ដីសង្ឃឹមចំពោះប្រជានេសាទជុំវិញបឹងទន្លេសាបថា ពួកគេប្រាកដជានឹងមានជីវភាពប្រសើរឡើងមួយកម្រិត ដោយគេអាចធ្វើការនេសាទជាលក្ខណៈគ្រួសារបានដោយសេរី។ តែឥឡូវ ក្ដីសង្ឃឹមនេះបានរលាយបាត់ពីអារម្មណ៍ពួកគេទៅហើយ។
យ៉ាងនេះក្ដី នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង គឺលោក សេង ប៊ុនឈឿន បានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋ។ លោកពន្យល់ចំពោះបញ្ហានេះថា បច្ចុប្បន្នអាជ្ញាធរបើកទូលាយឲ្យប្រជាពលរដ្ឋធ្វើការនេសាទ ដោយប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារដោយសេរី លើកលែងតែក្នុងតំបន់ដែនអភិរក្ស៖ «សព្វថ្ងៃ យើងបានបង្ក្រាបបទល្មើសរបាំង និងអួនក្រឡាញឹក ហើយមានប្រវែងវែង។ ជួនកាល យើងទៅ គេដឹងមុនគេពន្លិចទៅក្នុងទឹក។ ឥឡូវជនល្មើសវាមានបច្ចេកទេសថ្មី អត់ប្រើបង្គោលឲ្យយើងឃើញទេ ដល់អ៊ីចឹង អ្នកមិនដឹងចេះតែចោទថាខាងជំនាញអនុញ្ញាតឲ្យធ្វើ»។
អង្គការសង្គមស៊ីវិលនានាក្នុងខេត្តកំពង់ឆ្នាំង បានចាត់ទុកថា អំពើពុករលួយក្នុងវិស័យជលផល ក្នុងខេត្តកំពង់ឆ្នាំង បានធ្វើឲ្យប្រជានេសាទក្រីក្រជួបការលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។ ប្រជាពលរដ្ឋប្រមាណ៦% ក្នុងចំណោមប្រជាពលរដ្ឋសរុបក្នុងខេត្តកំពង់ឆ្នាំង បានប្រកបរបរនេសាទត្រី៕
No comments:
Post a Comment
yes