មន្ត្រីគណបក្សប្រឆាំងថ្លែងថា ពួកគេបានទទួលសមាជិកសមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច ចំនួនជាង៥០នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទោះបីចំនួននេះ មានតិចជាងចំនួនសមាជិកសមាជិការបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលបានទៅចុះចូលជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ក៏ដោយ ប៉ុន្តែករណីនេះបានបង្ហាញពីរលកនយោបាយមួយដែលអ្នកគាំទ្របានរត់ចេញពីបក្សមួយទៅគាំទ្របក្សមួយផ្សេងទៀត។
ប្រធានក្រុមការងារគណបក្ស សម រង្ស៊ី ប្រចាំក្រុងប៉ោយប៉ែត លោក មាន សារិទ្ធិ បានថ្លែងនៅថ្ងៃទី៨ ខែកញ្ញា ថា កាលពីថ្ងៃទី៦ ខែកញ្ញា គណបក្ស សម រង្ស៊ី បានប្រកាសទទួលសមាជិកថ្មីចំនួន៥៣នាក់ ដែលជាអ្នករត់ចេញពីគណបក្សហ៊្វុនស៊ិនប៉ិច៖«សកម្មជនរបស់គណបក្សហ៊្វុនស៊ិនប៉ិច បាននាំគ្នាមកចូលរួមជាមួយគណបក្ស សម រង្ស៊ី នៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ គាត់បានឡើងនិយាយថា គាត់ជាមនុស្សរបស់គណបក្សហ៊្វុនស៊ិនប៉ិច ហើយឥឡូវដោយសារគណបក្សហ៊្វុនស៊ិនប៉ិច ប្រព្រឹត្តិអំពើពុករលួយ គណបក្សហ៊្វុនស៊ិនប៉ិច មិនដឹងពីសុខទុក្ខរបស់គាត់ដែលជាសកម្មជន ហើយបានធ្វើបាបគាត់សព្វបែបយ៉ាង។ អ៊ីចឹង គាត់ក៏នាំគ្នាវិលមករួមរស់ជាមួយគណបក្ស សម រង្ស៊ី យើងវិញ។ ឥឡូវ យើងទទួលបាន៥៣នាក់»។
អតីតមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច លោក សែម ស៊ុង បានថ្លែងថា សមាជិកសមាជិការបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ជាង៥០នាក់នោះ បាននាំគ្នាចូលទៅរួមរស់ជាមួយគណបក្ស សម រង្ស៊ី នៅគ្រាដែលគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានច្របាច់បញ្ចូលគ្នា បង្កើតជាគណបក្សថ្មីមួយឈ្មោះថា គណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា មូលហេតុដែលលោកនាំគ្នាចុះចូលជាមួយគណបក្ស សម រង្ស៊ី ដោយសារអស់ជំនឿលើគណបក្សហ៊្វុនស៊ិនប៉ិច៖ «ព្រោះអីខ្ញុំតស៊ូជាយូរយារណាស់មកហើយ ក៏ប៉ុន្តែ មេដឹកនាំ ខ្ញុំនិយាយឲ្យចំទៅមិនគិតគូរដល់ថ្នាក់ក្រោម គិតតែផលប្រយោជន៍ខ្លួនឯង បាត់នូវសេចក្ដីទុកចិត្ត»។
គណបក្ស សម រង្ស៊ី បានអះអាងថា សកម្មជនថ្មីដែលបានទៅចូលរួមជាមួយគណបក្ស សម រង្ស៊ី នេះ គឺជាចំនួនមួយដែលអាចឆ្លើយតបទៅនឹងគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានបំប៉ោងចំនួនសកម្មជនគណបក្ស សម រង្ស៊ី និងសកម្មជនគណបក្ស សិទ្ធិមនុស្ស ខុសពីការពិត ដើម្បីកេងចំណេញខាងផ្នែកនយោបាយ។
ប៉ុន្តែ លោក ម៉ក់ ដារិទ្ធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ប្រចាំក្រុងប៉ោយប៉ែត បានច្រានចោលព័ត៌មាននេះ។ លោក បញ្ជាក់ថា មិនមានសមាជិក គណបក្ស ហ្វុន ស៊ិនប៉ិច ទៅចុះចូលជាមួយគណបក្សសមរង្ស៊ីទេ។ គណបក្ស សម រង្ស៊ី បានប្រើមធ្យោបាយបែបនេះ ដើម្បីកេងចំណេញនយោបាយ។
ទោះជាយ៉ាងនេះក្តី លោក ប៉េង សុខសេង អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានអត្ថាធិប្បាយថា នេះជារលកនយោបាយនៅពេលជិតបោះឆ្នោត៖ «ខ្ញុំគិតថា នេះជាចលនានយោបាយរបស់ស្រុកខ្មែរ ព្រោះធម្មតា តែងតែមានការចាកចេញ ការចុះចូលជាធម្មតា អត់មានផលប៉ះពាល់ដល់គណបក្សហ៊្វុនស៊ិនប៉ិច ទេ ព្រោះវាចំនួន៥០នាក់ គិតទៅវារឿងធម្មតា»។
កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១២ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើពិធីប្រកាសទទួលថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នៅស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច ខេត្តបន្ទាយមានជ័យ។ សកម្មជនគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ចំនួន៣.៦០៧នាក់ បានចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែ មន្ត្រីគណបក្សប្រឆាំងច្រានចោល ដោយអះអាងថា ការពិតពុំមានច្រើនទេ។ នេះជាការបោកប្រាស់ខាងផ្នែកនយោបាយ។
ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយ មើលឃើញថា គណបក្សនយោបាយបានប្រើប្រាស់យុទ្ធសាស្ត្រគ្រប់បែបយ៉ាង ដើម្បីអូសទាញឲ្យប្រជាពលរដ្ឋឲ្យគាំទ្រខ្លួន។ ក្នុងនោះមានការសន្យាផ្ដល់តួនាទី មុខតំណែង ជាដើម ព្រោះនៅស្រុកខ្មែរ វាបានក្លាយទៅជាវប្បធម៌ទៅហើយ នៅពេលការបោះឆ្នោតជិតចូលមកដល់៕
No comments:
Post a Comment
yes