សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 17, 2012

ប្រជា​សហគមន៍​ព្រៃឡង់​ដើរ​ល្បាត​ព្រៃ​ជា​លើក​ទី៦


កំពង់ធំៈ បណ្តាញ​សហគមន៍​ព្រៃឡង់​ជាង​៣០០​នាក់​មក​ពី​ខេត្ត​ចំនួន​បួន នៅ​ជុំវិញ​ព្រៃ​ឡង់​បាន ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​និង​ថ្មើរ​ជើង​រយៈ​ពេល​៦​ថ្ងៃ ដើម្បី​ដើរ​ល្បាត​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នឹង​ប្រមូល​ភស្តុតាង​បទល្មើស​ព្រៃឈើ​ដាក់​ជូន​រដ្ឋាភិបាល​ជា​លើក​ទី៦។
ពលរដ្ឋ​ប្រមាណ​៣៥០​នាក់​មក​ពី​ខេត្ត​៤ មាន​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ក្រចេះ​បាន​ចាប់​ដើរ​ល្បាត​និង​ជិះ​ម៉ូតូ​ប្រឆាំង​នឹង​បទល្មើស​ព្រៃឈើ​ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់​ទី​១៨ ខែ​កញ្ញា ​ឆ្នាំ​២០១២។ ពលរដ្ឋ​ទាំង​នោះ​នឹង​ចុះ​ទៅ​តាម​ចំណុច​សំខាន់ៗ​ដែល​កំពុង​រង​ការ​កាប់ បំផ្លាញ​និង​ឈូស​ឆាយ​យក​ដី មាន​នៅ​តំបន់​ទូក​មាស​និង​តំបន់​ប្រាំ នៅ​ជាប់​ព្រំប្រទល់​ខេត្ត​ព្រះវិហារ និង​ស្ទឹងត្រែង តំបន់​អូរក្រាក់​ក្នុង​ខេត្ត​ក្រចេះ និង​ក្បាល​ទឹក​ថ្លា​ក្នុង​ខេត្ត​កំពង់ធំ។
លោក ឈឹម សាវុធ​ អ្នក​សម្រប​សម្រួល​វេទិកា​សាធារណៈ​នៃ​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គោល​បំណង​សំខាន់​នៃ​យុទ្ធនាការ​នេះ​គឺ​ទប់ស្កាត់ និង​បញ្ឈប់​រាល់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​និង​ប្រមូល​ភស្តុតាង ដាក់​ជូន​រដ្ឋាភិបាល​នៅ​ចុង​ខែ​នេះ។​
លោក​បន្ត​ទៀត​ថា​៖ «បច្ចុប្បន្ន​សកម្មភាព​កាប់​ព្រៃឈើ​និង​ការ​រុករាន​កាប់​ព្រៃយក ដី​ខុស​ច្បាប់​កំពុង​តែ​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ព្រៃឡង់ ហើយ​ក្រុមហ៊ុន​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន កំពុង​ចូល​លុកលុយ​ក្នុង​តំបន់​ព្រៃ​នេះ​ផង​ដែរ ទោះ​ជា​បណ្តាញ​សហគមន៍​ព្រៃឡង់​ខិតខំ​ធ្វើ​ការ​តវ៉ា​និង​ទប់ស្កាត់​ច្រើន​លើក​ហើយ​ក្តី»។

លោក បន្ត​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង​និង​ក្រចេះ ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ក្នុង​យុទ្ធនាការ​នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​មក រីឯ​ពលរដ្ឋ​ខេត្ត​កំពង់ធំ ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ប្រមាណ​៤០​គ្រឿង​ ចេញ​ដំណើរ​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ពួក​គេ​គ្រោង​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី១៨ កញ្ញា​ដើម្បី​ប្រមូល​យក​វត្ថុតាង​ដាក់​ជូន​រដ្ឋាភិបាល​។​
លោក​ថៃ ប៊ុនលាង អ្នក​តំណាង​មក ពី​ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ដើរ​ល្បាត​ព្រៃ​ប៉ុន្មាន​ថ្ងៃ​នេះ​គឺ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បណ្តាញ​សហគមន៍​បាន​ប្រទះ​បទល្មើស​ជា ​ច្រើន​ដែល​ពួក​ឈ្មួញ​បាន​កាប់​ទុក​នៅ​កណ្តាល​ព្រៃ​ដូច​ជា​ស្រឡៅ ជាង​១០​គូប និង​បេង ៣​គូប​។ លោក​ថា​៖​«ពួក​យើង​ចេញ​ល្បាត​ដើម្បី​ទប់ស្កាត់​បទល្មើស​នេះ​ច្រើន​ដង​ហើយ​ តែ​នៅ​តែ​មិន​អាច​ទប់​ស្កាត់​បាន​។​ យើង​បាន​ថត​វត្ថុតាង​ទាំង​នោះ​ ទុក​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ជួយ​ទប់ស្កាត់​បទល្មើស​នោះ​»។
អភិបាល​រង​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន បាន​ទទួល​ដំណឹង​អំពី​ការ​ដើរ​ល្បាត​ព្រៃរបស់​ពលរដ្ឋ ហើយ​ថា អាជ្ញាធរ​ក៏​បាន​ដាក់​កម្លាំង​ឃ្លាំ​មើល​និង​ការពារ​សុវត្ថិភាព​ពួក​គាត់​ ដែរ ខ្លាច​មាន​អំពើហិង្សា​ណា​មួយ​កើត​ឡើង​។ លោក​បាន​ឲ្យ​ដឹង​ថា​ ៖ ​«​យើង​បាន​ប្រាប់​ពួក​គាត់​ថា​កុំ​ឲ្យ​ធ្វើ​ខុស​ច្បាប់​ដូចជា​ដើរ​ទៅ​ដុត ឈើ​គេ​ ឬក៏​ចាប់​ផាក​ពិន័យ​យក​លុយ ជាដើម ​នោះ​ពុំ​មែន​សមត្ថកិច្ច​របស់​គាត់​ទេ​ គឺ​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​ឲ្យ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​»៕

No comments:

Post a Comment

yes