អ្នកស្រី អៀង ធីរិទ្ធ
ភ្នំពេញៈ នៅទីបំផុត លោកស្រី អៀង ធីរិទ្ធ អតីតរដុ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាស្ត្រីទី ១ នៅក្នុងរបបខ្មែរក្រហម វ័យ ៨០ ឆ្នាំ ត្រូវបានគេដោះលែងហើយ កាលពីម្សិលមិញ បន្ទាប់ពីជាប់ឃុំជិត ៥ ឆ្នាំ ក្នុងនាមជាជនជាប់ចោទពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងសំណុំរឿង ០០២។
ផ្អែក លើលទ្ធផលពេទ្យនៅពេលថ្មីៗនេះ ដែលបានសង្កត់ធ្ងន់ពីស្ថានភាពផ្លូវចិត្តកាន់តែដុនដាបខ្លាំង ទៅៗ របស់លោកស្រី ធីរិទ្ធ សាលាក្តីខ្មែរក្រហម បានប្រកាសកាលពីថ្ងៃម្សិលមិញ អំពីសេចក្តីសម្រេចមួយ ដោយតុលាការកំពូល ដើម្បីដោះលែងលោកស្រី ក្រោមលក្ខខណ្ឌមួយចំនួន ដែលស្មើនឹងការហាមប្រាម មិនឲ្យធ្វើដំណើរទៅបរទេស។ សាលក្រមនេះ បានផ្តល់ជាផ្នែកមួយនៃបណ្តឹងឧទ្ធរណ៍ ដែលប្តឹងដោយរដ្ឋអាជ្ញា បន្ទាប់ពីសាលាក្តីបានបញ្ជាឲ្យដោះលែងលោកស្រីដោយឥត លក្ខខណ្ឌ កាលពីថ្ងៃព្រហស្បតិ៍។
សវនាការ ដែលកំពុងតែរង់ចាំដោយតុលាការកំពូល លើបណ្តឹងឧទ្ធរណ៍ដែលត្រូវគេរំពឹងថា នឹងធ្វើនៅពីរសប្តាហ៍ទៀត លោកស្រី អៀង ធីរិទ្ធ អាចធ្វើដំណើរទៅទីណាក៏បាន ដែលលោកស្រីចង់ នៅក្នុងព្រំដែនប្រទេសកម្ពុជា។
សាលក្រមនេះ បានសម្រេចថា លោកស្រី ត្រូវតែគោរពតាមលក្ខខណ្ឌនៃការដោះលែង មានដូចជា ត្រូវស្ថិតនៅក្នុងប្រទេស ប្រគល់លិខិតឆ្លងដែន ឆ្លើយតបនឹងដីកាកោះហៅរបស់តុលាការ នឹងប្រាប់អាសយដ្ឋានទៅតុលាការ ដែលមិនអាចផ្លាស់ប្តូរដោយមិនមានការឯកភាពពីតុលាការជាមុន។
លោកស្រី Yuko Maeda មន្ត្រីកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម បានថ្លែងថា ក្រុមសាច់ញាតិ បានមកទទួលលោកស្រីអៀង ធីរិទ្ធ នៅមន្ទីរឃុំខ្លួនរបស់តុលាការកាលពីម៉ោង១និង ៤០ នាទីម្សិលមិញ។ ដោយលើកឡើងពីក្តីបារម្ភពីសុវត្ថិភាព លោក ស្រី Yuko បានបដិសេធមិនផ្តល់ព័ត៌មាន អំពីកន្លែងដែលលោកស្រី អៀង ធីរិទ្ធ ត្រូវគេនាំទៅស្នាក់នៅនោះទេ។ លោកស្រីបានបញ្ជាក់ថា៖ «យើងត្រូវការការពារសន្តិសុខរបស់គាត់ យើងមិនអាចនិយាយថា គាត់ទៅទីណាទេ»។
លោក ស្រី អៀង ធីរិទ្ធ អាចទៅផ្ទះមួយ ដែលថែទាំដោយគ្រួសាររបស់លោកស្រី នៅរាជធានីភ្នំពេញ ឬប្រហែលជាទៅទីក្រុងកំណើតរបស់លោកស្រី នៅខេត្តប៉ៃលិន ដែលជាទីតាំងរឹងមាំមួយក្នុងចំណោមទីតាំងរឹងមាំចុងក្រោយរបស់ ខ្មែរក្រហម។
លោកស្រី ធីរិទ្ធ ដែលត្រូវបានគេស្គាល់ថាជា«ស្រ្តីទីមួយ»នៃសម័យខ្មែរក្រហម ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្រុមមេដឹកនាំជាន់ខ្ពស់ ខ្មែរក្រហមជាច្រើននាក់នៅក្នុងសម័យនោះដែលសកម្មភាពរបស់ ពួកគេ នាំឲ្យមានការស្លាប់ពលរដ្ឋខ្មែរជិត២លាននាក់។ លោកស្រី ជាប្អូនថ្លៃរបស់ប៉ុល ពត ហើយបានរៀបការជាមួយនឹងលោក អៀង សារី សហចុងចោទម្នាក់ ក្នុងចំណោមសហចុងចោទបីនាក់ ដែលនៅមានជីវិតក្នុងសំណុំរឿង០០២។
បន្ទាប់ពីក្រុមចៅក្រមសាលាក្តី ខ្មែរក្រហម បានរកឃើញថា លោកស្រី ធីរិទ្ធ មិនមានសុខភាពល្អ ដើម្បីតទល់នឹងសវនាការរបស់សាលាក្តី នៅខែវិច្ឆិកា ក្រុមរដ្ឋអាជ្ញា បានប្តឹងឧទ្ធរណ៍ប្រឆាំងជំទាស់ទៅនឹងសេចក្តីសម្រេចនេះ ទៅសាលាកំពូលហើយបានអំពាវនាវឲ្យបន្តធ្វើការព្យាបាល។
កាលពី ជាងពីរសប្តាហ៍មុន ក្រុមអ្នកជំនាញសុខាភិបាលមកពីបរទេស ដែលតែងតាំង ដោយសាលាក្តី បានរកឃើញថា លោកស្រី អៀង ធីរិទ្ធ មានភាពវិកលចរិតមធ្យមរហូតដល់ធ្ងន់ធ្ងរ ទោះបីលទ្ធផលរកឃើញផ្ទុយគ្នាពីគ្រូពេទ្យខ្មែររបស់លោកស្រីក៏ ដោយ។
ក្រុមចៅក្រម បាននិយាយថា ការសម្រេចចិត្តរបស់ពួកគេ ដែលថា«មិនមានក្តីសង្ឃឹម ដែលថា ជនជាប់ចោទរូបនេះ អាចត្រូវគេជំនុំជម្រះនៅពេលអនាគតដែលគេអាចព្យាករបាន»។
ក្រុម រដ្ឋអាជ្ញា បានស្នើលក្ខខណ្ឌ៦ ចំណុច ចំពោះការដោះលែងលោកស្រី ធីរិទ្ធ ដែលរួមមានលោកស្រី អាចមានមុខដើម្បីពិនិត្យសុខភាពរាល់សប្តាហ៍។
ទោះជាយ៉ាងនេះ ក្តី ក៏នៅពេលនោះ ក្រុមចៅក្រម បានបដិសេធមិនព្រមដាក់លក្ខខណ្ឌណាមួយទេ ដែលជាការសម្រេចចិត្តមួយដែលត្រូវបានគេកែសម្រួល បើពិនិត្យអំពីការរឹតបន្តឹង ការធ្វើដំណើរជាថ្មីទាំងនេះ។
បន្ទាប់ពីការបញ្ជាឲ្យដោះលែង អៀង ធីរិទ្ធ កាលពីថ្ងៃសុក្រ ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការសម្ភាសភាគីដើមបណ្តឹងរដ្ឋប្បវេណីចំនួន២៧ នាក់ ក្នុងសំណុំរឿង០០២ និងគ្រូបង្រៀនមួយចំនួន ដើម្បីវាស់ស្ទង់អំពីប្រតិកម្មតបតរបស់ពួកគេ។ បើយោងតាមរបាយការណ៍ នោះ អារម្មណ៍ឆ្លើយតបទូទៅគឺថា «វាពិបាកទទួលយកដែលជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យដែល មានចំនួនដ៏តិចតួច ត្រូវបានដោះលែង ពីមន្ទីរឃុំខ្លួន អ.វ.ត.ក ដោយគ្មានរយៈពេលកំណត់»។
Man Kry Yah ភាគីដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ នៅក្នុងចំណោមដើមបណ្តឹងរដ្ឋប្បវេណីដែលត្រូវបានសម្ភាស មិនរីករាយចំពោះការដោះលែងនេះទេ។
Man Kry Yah និយាយថា៖ «ខ្ញុំនឹងលើកលែងទោស និងអភ័យទោស ប្រសិនបើអៀង ធីរិទ្ធ មានជំងឺមួយដែលធ្វើឲ្យគាត់មិនអាចនិយាយចេញបាន និងមិនអាចយល់បាន។ ប៉ុន្តែ អៀង ធីរិទ្ធ មានសុខភាពល្អ អ.វ.ត.ក គួរតែបន្តកាត់ទោសគាត់។ ការឈឺចាប់ដ៏ធំធេងរបស់ខ្ញុំ រួមមានដូចជា ការយកពូ មីង និងយាយតារបស់ខ្ញុំទៅសម្លាប់ចោល»។
លោក ឌៀប សុខ អាយុ ៣៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុបម្នាក់ ដែលជាញឹកញាប់ឌុបសាច់ញាតិរបស់ លោកស្រី អៀង ធីរិទ្ធ ទៅផ្សារ មានទស្សនៈខុសពីអ្នកដទៃអំពីការដោះលែងនេះ។ លោកបានថ្លែងថា នៅពេលសាលាក្តីខ្មែរក្រហមបានចាប់ផ្តើមដំបូង ខ្ញុំនៅមានកំហឹង ចំពោះរបបខ្មែរក្រហម ពីព្រោះរូបលោកបានកើតនៅក្នុងសម័យខ្មែរក្រហម។ ទោះយ៉ាងណា លោកបានថ្លែងបន្តថា មកដល់ពេលនេះ លោកគ្មានចំណាប់អារម្មណ៍អ្វីទៀតនោះទេ ចំពោះរឿងរ៉ាវរបស់សាលាក្តីនេះ។
លោកបានថ្លែងថា៖ «ខ្ញុំមិនខ្វល់នោះទេ វាកន្លងផុតទៅជាយូរមកហើយ»៕
No comments:
Post a Comment
yes