សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 1, 2012

បើកសម្ពោធ រូបសំណាក តេ​ជោមាស និងតេ​ជោយ៉​ត

បើកសម្ពោធ រូបសំណាក តេ​ជោមាស និងតេ​ជោយ៉​ត
សាលា​រាជធានី​ភ្នំពេញ បាន​បើកសម្ពោធ​ឆ្លង​រូបសំណាក តេ​ជោ មាស និង តេ​ជោ យ៉​ត

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ បាន​បើកសម្ពោធ​ឆ្លង​រូបសំណាក តេ​ជោមាស និងតេ​ជោយ៉​ត នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែកញ្ញា ឆ្នាំ​២០១២ នៅ​សួនច្បារ​មុខ​វត្តឧណ្ណាលោម ស្ថិតនៅ​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

​ពិធី​បើកសម្ពោធឆ្លង​រូបសំណាក តេ​ជោមាស និង​តេ​ជោយ៉​ត បានធ្វើ​ឡើងក្រោម​អធិបតីភាព​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ ហ៊ុន សែន ព្រមទាំង​លោក​ កែប ​ជុតិមា អភិបាលនៃគណៈ​អភិបាលរាជធានី​ភ្នំពេញ និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​ផ្សេងទៀត​។​


​រូបសំណាក​មេទ័ព​ តេ​ជោ​មាស និង​តេ​ជោ​យ៉​ត ជិះសេះ​នោះ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​នៃ​មេទ័ព​ខ្មែរ ដែលមាន​ថ្វីដៃ​ខ្លាំងពូកែ ហើយ​បាន​តស៊ូ​យ៉ាង​មោះមុត បង្ក្រាបសត្រូវ​ឈ្លានពាន​ទឹកដី ការពារជាតិ​មាតុភូមិ ដើម្បី​ទុក​ឲ្យ​អ្នកជំនាន់ក្រោយ បាន​ស្គាល់ និង​ចងចាំ​។ 

​ក្នុង​ពិធី​បើកសម្ពោធ​ឆ្លង​រូបសំណាក តេ​ជោមាស និង​តេ​ជោយ៉​ត ក៏មាន​ពិធី​រាប់​បាត្រ​ព្រះសង្ឃ ៦៩ អង្គ និង​នៅវេលា​ម៉ោង ៧ យប់ នឹងមាន​ពិធី​បាញ់​កាំជ្រួច ដើម្បី​អបអរសាទរ​ផងដែរ​។​

​តាម​ឯកសារ តេ​ជោ​មាស និង​តេ​ជោ​យ៉​ត ជា​មហា​វីរបុរស​ខ្មែរ និង​ជា​មេទ័ព​កំពូល​។ រូបសំណាក​នោះ ត្រូវបាន​កសាង​ជា​រូបជិះសេះ​ ស្ពាយ​ដាវ​លំពែង ដាក់​ទន្ទឹមគ្នា​រវាង​គ្រូ និង​សិស្ស​។ 

​រូបសំណាក​មេទ័ព តេ​ជោមាស និងតេ​ជោយ៉​ត មុខ​បែរ​ឆ្ពោះទៅ​ទិសពាយ័ព្យ (ទិស​ខាងលិច ឆៀង​ខាងជើង) ឬ​ទិស​ប្រាសាទព្រះវិហារ ដើម្បី​ការពារ​ទឹក​នៃ​ខេត្តព្រះវិហារ កុំ​ឲ្យ​សត្រូវ​ឈ្លា​ន​ទឹកដី​យើង ដោយសារតែ​អតីត​មេទ័ព​កំពូល​ទាំងពីររូបនេះ ធ្លាប់​តស៊ូ​ប្តូរផ្តាច់​ការពារ​បូរណភាព​ដែនដី ក្នុងអំឡុង​សតវត្សរ៍​ទី​១៧​។​
    
​តាម​ឯកសារ តេ​ជោយ៉​ត ក៏​ហ៊ាន​សម្លាប់​អ្នក​ម្នាង ជាទី​គាប់​ហ​ឫ​ទ័យ​របស់​ព្រះរាជា ដើម្បី​ជម្រះភាពស្មុគស្មាញនៅ​សមរភូមិ​ក្រោយ មុននឹង​ចេញទៅ​សមរភូមិ​មុខ លុះ​ឈ្នះ​សង្គ្រាម​ហើយ តេ​ជោយ៉​ត សុខចិត្ត​ពាក់​ខ្នោះ​ខ្លួនឯង ដើរចូល​តុលាការ ដើម្បីឱ្យ​ព្រះរាជាទ្រង់​វិនិច្ឆ័យ​ទោស​ជា​ក្រោយ​។​

​​ឯកសារប្រវត្តិបង្ហាញថា ពេល​ប្រទេស​មាន​សង្គ្រាមជាមួយ​បរទេស កងទ័ព​ជាប់ដៃ​ទប់ទល់​ជាមួយ​ពួកចោរ​ មេទ័ព​ផ្សេងៗ និង​ពួក​មន្ត្រីរាជការនៅ​ជុំវិញ​ស្តេច​ បង្កបញ្ហា​ពុករលួយ ​ដណ្តើម​អំណាច ​កាប់​ចាក់​គ្នា រហូត​ធ្វើឱ្យ​តេ​ជោយ៉​ត ប្រើ​យុទ្ធសាស្ត្រ​អូស​ប្ញ​ស្សី​បញ្រ្ចាសចុង​ រក​ខ្មាំងបង្កប់​ផ្ទៃក្នុង ​ទទួលបាន​ជោគជ័យ ហើយ​សម្លាប់​ប្អូនថ្លៃ​ស្តេច ដែល​ប្រឆាំងនឹង​យុទ្ធសាស្ត្រ​អូស​ប្ញ​ស្សី​បញ្ច្រាសចុង​នេះថែម​ទៀតផង​។​

​ក្នុង​រយៈពេល​ជាង ៩​ឆ្នាំ ដែល​លោក កែប ជុតិមា ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ គិត​មកដល់ពេលនេះ មានការ​ស្ថាបនា​សួនច្បារ សួន​កុមារ ផ្លូវថ្នល់ លូទឹក ស្ថានីយ​បូមទឹក​តូចធំ ប្រឡាយទឹក ស្ពាន ស្ពាន​អាកាស ដាក់​ភ្លើង​ស្តុប ដាក់​របាំង​ថ្ម របាំង​ដែក តាមផ្លូវ ដាក់​ភ្លើង និង​ដាំ​ដើមឈើ​។ ក្រៅពីនោះ នៅ​រាជធានី​ភ្នំពេញ ក៏បាន​សាងសង់​រូបសំណាក​យាយ​ពេញ នៅ​វត្តភ្នំ រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត រូបសំណាកភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុ​យ រូបសំណាក​ព្រះ​គណេស រូប​សំ​ណា​កនាគ​ធំ នៅ​វត្តភ្នំ និង​បង្កាន់ដៃស្ពាន​នាគ​បុរាណ ជាដើម​៕​ 

No comments:

Post a Comment

yes