សំណើសុំបើកទីស្នាក់ការរបស់គណបក្សសង្រ្គោះជាតិ ដែលបង្កើតឡើងរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ត្រូវបានយល់ព្រមដោយក្រសួងមហាផ្ទៃហើយ។ ប៉ុន្តែការចុះបញ្ជីឈ្មោះគណបក្សនេះ កំពុងត្រូវពិនិត្យនៅឡើយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យបណ្តាញព័ត៌មានក្នុងស្រុកដឹងថា ការអនុញ្ញាតិឲ្យគណបក្សសង្រ្គោះជាតិបើកទីស្នាក់ការកណ្តាលរបស់ខ្លួនស្ថិតនៅផ្ទះលេខ៣៨ ផ្លូវ១០៧២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ, ដំណាក់កាលមួយទៀត គឺការចុះបញ្ជីឈ្មោះជាគណបក្សនយោបាយផ្លូវការនៅកម្ពុជា។
តាមលោក ខៀវ សុភ័គ សំណើចុះឈ្មោះគណបក្សសង្រ្គោះជាតិក្នុងបញ្ជីឈ្មោះគណបក្សផ្លូវការ កំពុងតែពិនិត្យនៅឡើយ។
សម្រាប់លោក យឹម សុវណ្ណ អ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ ការយល់ព្រមរបស់ក្រសួងមហាផ្ទៃឲ្យគណបក្សសង្រ្គោះជាតិបើកទីស្នាក់ការកណ្តាលរបស់ខ្លួននេះ គឺជាដំណាក់កាលដ៏សំខាន់មួយ ដែលធ្វើឲ្យចលនានេះក្លាយជាគណបក្សនយោបាយនៅពេលខាងមុខ។
សំណើសុំបង្កើតគណបក្សសង្រ្គោះជាតិដែលដាក់ឈ្មោះលោក សម រង្ស៊ី ជាប្រធាន បានដាក់ទៅកាន់ក្រសួងមហាផ្ទៃជាលើកដំបូងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២។ ប៉ុន្តែសំណើនោះត្រូវបានរុញត្រឡប់មកវិញ ដោយសារតែខ្វះខាតចំណុចខ្លះ។ សំណុំឯកសារថ្មីសម្រាប់សុំបង្កើតគណបក្សសង្រ្គោះជាតិ ត្រូវបានដាក់ជាថ្មីម្តងទៀតទៅក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២៕
No comments:
Post a Comment
yes