សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

ហ្វីលីពីន​គាំទ្រ​ឲ្យ​មាន​ការ​កែទម្រង់​សមាសភាព គ.ជ.ប


ព្រឹទ្ធ​សភា​ប្រទេស​ហ្វីលីពីន (Philippine) បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​គាំទ្រ​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedy) ដែល​ទាមទារ​ឲ្យ​មាន​ការ​កំណែ​ទម្រង់ គ.ជ.ប និង​ឲ្យ​ស្ថាប័ន​នេះ​ឯករាជ្យ ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ។
RFA/Tin Zakariya
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។
ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សមាសភាព​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​នេះ នៅ​តែ​ជា​បរិបទ​មិន​ច្បាស់លាស់​នៅ​ឡើយ​មក​ទល់​ពេល​នេះ។ ស្រប​ពេល​គ្នា​នេះ ព្រឹទ្ធ​សភា​ប្រទេស​ហ្វីលីពីន បាន​គាំទ្រ​ឲ្យ​មាន​ការ​កែ​ទម្រង់​ស្ថាប័ន គ.ជ.ប និង​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ។
ការ​អនុម័ត​សេចក្ដី​សម្រេច​គាំទ្រ​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​នេះ នៅ​ក្រោយ​ពី​កិច្ចប្រជុំ​មួយ​សប្ដាហ៍​នៃ​គណៈកម្មការ​សភា​អន្តរជាតិ សម្រាប់​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​គេ​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន។
ប្រធាន​គណបក្ស សម រង្ស៊ី និង​ជា​ប្រធាន​ចលនា​សម្ព័ន្ធ​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ពី​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) នៅ​ថ្ងៃ​ទី​១៨ កញ្ញា ថា ព្រឹទ្ធ​សភា​ហ្វីលីពីន បាន​អនុម័ត​សេចក្ដី​សម្រេច​ការ​គាំទ្រ​នេះ កាល​ពី​ថ្ងៃ​ទី​១៧ កញ្ញា ដោយ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សមភាព​មេដឹកនាំ គ.ជ.ប និង​តម្រូវ​ឲ្យ​មាន​សមាសភាព​មក​ពី​គ្រប់​គណបក្ស​នយោបាយ​នៅ​ស្ថាប័ន គ.ជ.ប គ្រប់​លំដាប់ថ្នាក់ ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ប្រកប​ដោយ​សេរី និង​យុត្តិធម៌។

អនុសាសន៍​របស់​លោក សុរិយា ស៊ូប៊ែឌី ជា​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា កន្លង​ទៅ បាន​រៀបរាប់​ជា​ច្រើន​ចំណុច អំពី​ភាព​ចាំបាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប នោះ។
ចំណុច​ទាំង​នោះ​មាន​ដូចជា ប្រធាន គ.ជ.ប ថ្នាក់​ជាតិ និង​ថ្នាក់​ខែត្រ ត្រូវ​តែ​មាន​ភាព​ឯករាជ្យ និង​ត្រូវ​តែ​បញ្ចូល​តំណាង​គណបក្ស​មក​ពី​គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា។ ការ​បោះ​ឆ្នោត​នោះ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​យក​បាន។ គ្រប់​គណបក្ស​ប្រឆាំង​ទាំង​អស់​ត្រូវ​តែ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​រាំង​ស្ទះ។ ការ​បោះ​ឆ្នោត​មិន​មែន​ជា​ថ្ងៃ​បោះ​ឆ្នោត​នោះ​ទេ ប៉ុន្តែ​ជា​ថ្ងៃ​បង្ហាញ​អំពី​សិទ្ធិ​មនុស្ស​ទូទៅ​នៅ​កម្ពុជា។
នៅ​ក្នុង​របាយការណ៍​នោះ​ក៏​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ ពោល​គឺ​រដ្ឋាភិបាល​ត្រូវ​បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី មក​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។
ព្រឹទ្ធ​សភា​ប្រទេស​ហ្វីលីពីន បាន​អនុម័ត​ការ​គាំទ្រ​របាយការណ៍​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​នេះ នៅ​ស្រប​ពេល​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៨ កញ្ញា បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​សិទ្ធិ​មនុស្ស និង​តំណាង​គណបក្ស សម រង្ស៊ី ចូល​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ដើម្បី​ពិភាក្សា​ស្ដីពី​ការ​ផ្លាស់ប្ដូរ​សមាសភាព គ.ជ.ប បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១២។
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា នេះ​ជា​សញ្ញា​ល្អ​មួយ​ដែល​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា​អំពី​ការ​ផ្លាស់ប្ដូរ​សមាសភាព គ.ជ.ប ដើម្បី​រក​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។
លិខិត​របស់​លោក​ឧបនាយករដ្ឋមន្រ្តី ស ខេង ចុះ​ថ្ងៃ​ទី​៧ កញ្ញា បាន​ឆ្លើយ​តប​ថា ការ​ស្នើ​សុំ​ផ្លាស់ប្ដូរ​សមាសភាព គ.ជ.ប ថ្នាក់​ជាតិ និង​ថ្នាក់​ខែត្រ​នោះ ថា​នឹង​នាំ​ឲ្យ​មាន​ភាព​ជាប់​គាំង​ក្នុង​ការ​បង្កើត គ.ជ.ប ដែល​ភាព​ជាប់​គាំង​នេះ​នឹង​មិន​អាច​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​បាន​ឡើយ ម្យ៉ាង​ទៀត​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ សង្គម និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សមាសភាព គ.ជ.ប នេះ គណបក្ស​ប្រឆាំង​តែង​ទាមទារ​ជា​ហូរហែ​មក និង​ចោទ​ប្រកាន់​ថា គ.ជ.ប មិន​ឯករាជ្យ​ជាដើម។ លោក ទេព នីថា បញ្ជាក់​ថា រដ្ឋ​សភា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដើម្បី​កែ​ទម្រង់ គ.ជ.ប ចំនួន​បី​លើក​មក​ហើយ។
ប្រទេស​កម្ពុជា​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៣ មក ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ។ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ កម្ពុជា​បាន​រៀបចំ​ច្បាប់​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង និង​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ស្ថាប័ន​នេះ​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ចាប់​ពី​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ មក​ដល់​បច្ចុប្បន្ន។
រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត្យ។ ផ្ទុយ​ទៅ​វិញ នៅ​រាល់​ពេល​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ម្ដងៗ ស្ថាប័ន​មួយ​នេះ​ទទួល​រង​នូវ​ការ​រិះគន់​ពី​គណបក្ស​ប្រឆាំង និង​ស្ថាប័ន​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ជាតិ និង​អន្តរជាតិ ថា​ស្ថាប័ន គ.ជ.ប មិន​ឯករាជ្យ​ទៅ​វិញ។
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា ស្ថាប័ន គ.ជ.ប មាន​តួនាទី​សំខាន់​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ក្នុង​ការ​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សេរី និង​ត្រឹមត្រូវ។
ម្យ៉ាង​វិញ​ទៀត អ្នក​វិភាគ​ឯករាជ្យ​បាន​ពន្យល់​ថា ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សមាសភាព គ.ជ.ប មិន​មែន​ជា​កត្តា​សំខាន់​ទាំង​ស្រុង​នោះ​ទេ សំខាន់​នៅ​ត្រង់​ថា ក្រុម​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ​គណបក្ស​ប្រឆាំង​ត្រូវ​ទាមទារ​ឲ្យ​ស្ថាប័ន គ.ជ.ប ឲ្យ​មាន​ស្តង់ដារ​វិញ​ជា​ការ​ប្រសើរ​ជាង។
អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​បញ្ចេញ​ទស្សនៈ​ថា នៅ​ក្នុង​បរិបទ​កម្ពុជា បច្ចុប្បន្ន ចាំបាច់​ត្រូវ​រៀបចំ​ឲ្យ គ.ជ.ប មាន​ស្តង់ដារ ដើម្បី​កំណត់​ថា ល្អ ឬ ត្រឹមត្រូវ ឬ​មិន​ទទួល​យក​បាន​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​នោះ​វិញ​ប្រសើរ​ជាង​ការ​ផ្លាស់ប្ដូរ​មនុស្ស តែ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ដដែល​នោះ។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប ត្រូវ​បាន​រដ្ឋ​សភា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដើម្បី​កែ​ទម្រង់​ស្ថាប័ន​នេះ​ចំនួន​បី​ដង​រួច​មក​ហើយ។ លើក​ទី​១ នៅ​ឆ្នាំ​១៩៩៨ លើក​ទី​២ នៅ​ក្នុង​ឆ្នាំ​២០០២ និង​លើក​ទី​៣ នៅ​ឆ្នាំ​២០០៦។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ ទោះ​បី​ជា​ព្រឹទ្ធ​សភា​ប្រទេស​ហ្វីលីពីន បាន​គាំទ្រ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សមាសភាព គ.ជ.ប ជា​ថ្មី​ម្ដង​ទៀត ទៅ​តាម​ការ​ទាមទារ​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា និង​គណបក្ស​ប្រឆាំង​ក្ដី ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ក្រសួង​មហាផ្ទៃ នឹង​យល់​ព្រម​តាម​សំណើ​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ពេល​តំណាង​គណបក្ស​ទាំង​ពីរ​ទៅ​ជួប​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ​នៅ​ក្រសួង​មហាផ្ទៃ ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២០ កញ្ញា ខាង​មុខ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ?

No comments:

Post a Comment

yes