កណ្ដាល ៖ បន្ទាប់ពីមានការប្រកាសតែងតាំងលោក មួង ដារ៉ា អតីតអនុប្រធានការិយាល័យគយច្រកទ្វារទ្វេភាគីជ្រៃធំ និងទទួលបន្ទុកអន័យ ឲ្យឡើងជាប្រធានការិយាល័យគយស្ដីទីជំនួសលោក យឹម ភាង ដែលត្រូវបានចូលនិវត្ដន៍កាលពីថ្ងៃទី ១៥ខែសីហា ឆ្នាំ២០១២ នោះ បច្ចុប្បន្ននេះលោក មួង ដារ៉ា កំពុងតែសប្បាយកើបលុយពីអ្នករកស៊ីដឹកជញ្ជូនទំនិញបន្ដិចបន្តួច ឆ្លងកាត់តាមច្រកជ្រៃធំ ជាពិសេសគឺក្រុមឈ្មួញធំៗ ដោយមិនខ្វល់ពីការបាត់បង់ចំណូលពន្ធរដ្ឋឡើយហើយគាត់ធ្វើយ៉ាងណាឲ្យតែបានលុយដើម្បីយកមកទប់តំណែងដែលទើប នឹងឡើងថ្មីៗនេះ ។
ប្រភពរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកកោះធំ ខេត្ដកណ្ដាលបានឲ្យដឹងថា បន្ទាប់ពីលោក មួង ដារ៉ា ឡើងជាប្រធានការិយាល័យគយស្ដីពីច្រកទ្វារជ្រៃធំ នេះភ្លាមការរកស៊ីនាំទំនិញបន្ដិចបន្ដួចឆ្លងកាត់ច្រកទ្វារជ្រៃធំដោយមានការរឹតបន្តឹងខ្លាំងជាងសម័យលោក យឹម ភាង ជាប្រធានដែល កាលណោះលោក យឹម ភាង មានការយោគយល់ដល់ប្រជាពលរដ្ឋក្នុងការនាំទំនិញបន្ដិចបន្ដួច ទើបតែពេលនេះលោក មួង ដារ៉ា បានធ្វើសកម្មភាពគាបជំរិតប្រជាពលរដ្ឋដែលរកស៊ីនាំទំនិញឆ្លងកាត់តាមតំបន់នេះឲ្យចូលបង់លុយយ៉ាងច្រើន ស្ទើរអស់ទាំងដើមទៀតផង ហើយបើមិនបង់លុយឲ្យក្រុមគយនោះទេ គឺពួកគេ ចាប់ទំនិញទុកមិនឲ្យយកទៅលក់ដូរបានឡើយ។
ភាពមិនប្រក្រតីរបស់ប្រធានការិយាល័យគយស្ដីពីច្រកទ្វារជ្រៃធំកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋក្នុងស្រុកស្អាង និងស្រុកកោះធំ សំណូមពរយ៉ាងទទូចដល់អាជ្ញាធរ ខេត្ដកណ្ដាលជាពិសេសនោះគឺឯកឧត្ដម ប៉ែន ស៊ីម៉ន ប្រតិភូទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករសូមឯកឧត្ដម ចាត់វិធានការដល់មន្ដ្រីគយខិលខូចដែលកំពុងតែអនុវត្ដន៍ខុសគោលការណ៍ ជាពិសេសលោកប្រធានការិយាល័យគយស្ដីទីច្រកទ្វារជ្រៃធំនេះតែម្ដង ដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រស្លូតត្រង់ប្រកបរបររកស៊ី ទទួលទានបានសុខស្រួលផង។
ប្រភពដដែលបានរាយការណ៍បន្ដទៀតថា បើតាមការសង្កេត សព្វថ្ងៃនេះ ឃើញមានការនាំទំនិញរបស់ក្រុមឈ្មួញធំៗតាមច្រកទ្វារជ្រៃធំ យ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ដូចជាគ្រឿងសំណង់គ្រប់ប្រភេទរបស់ក្រុមហ៊ុននាគខៀវ និងក្រុមហ៊ុនហង្ស របស់មន្ដ្រីយោធា មានអំណាចដោយមិនមានការបង់ពន្ធត្រឹមត្រូវ ហើយការនាំទំនិញនេះបែបនេះមកពីប្រទេសវៀតណាមដោយរលូន ពីព្រោះមានការឃុបឃិតគ្នា ជាមួយមន្ដ្រីគយគ្រប់តំបន់ ជាពិសេសលោកប្រធានការិយាល័យគយស្ដីទីច្រកទ្វារជ្រៃធំនេះតែម្ដង។
ការនាំចូលទំនិញក្រោមការត្រួតពិនិត្យបង់ពន្ធពីមន្ដ្រីគយច្រកទ្វារជ្រៃធំ ហាក់បីដូចជាមានអាថ៌កំបាំងយ៉ាងខ្លាំង ដោយទំនិញទាំងនេះ ជារបស់មន្ដ្រីយោធាជាន់ខ្ពស់ដឹកជញ្ជូនស្ទើរខូងផ្លូវទៅហើយ ។ សកម្មភាពរបស់ក្រុមឈ្មួញធំៗដែល នាំទំនិញមិនប្រក្រតី ចូលយ៉ាងគគ្រឹកគគ្រេងតាមច្រកទ្វារជ្រៃធំបែបនេះលោក មួង ដារ៉ា ប្រធានការិយាល័យគយស្ដីទីដែលទើបឡើងថ្មីនេះកំពុងសប្បាយកើបលុយដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្ដ និងសម្រាប់ស្រង់ដើមវិញដោយមិនខ្វល់ពីការបាត់បង់ថវិកាចំណូលពន្ធរដ្ឋនោះឡើយ ។ ពាក់ពន្ធនឹងការចោទប្រកាន់ខាងលើនេះ វរជនខ្មែរ ព្យាយាមទំនាក់ទំនងលោក មួង ដារ៉ា ដើម្បីសុំការបំភ្លឺ ប៉ុន្តែទូរស័ព្ទរោទិ៍ គ្មានអ្នកលើក៕
No comments:
Post a Comment
yes