សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 30, 2012

ឯកសារ​សំឡេង​បញ្ជាក់​ថា​លោក​ម៉ម សុណង់​ដូ​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​តុលាការ​ចោទ​

លោក​ម៉ម សុណង់​ដូ​ ​

វ៉ាស៊ីនតោន៖ នៅថ្ងៃច័ន្ទ​នេះ​បើ​មិន​មាន​ការ​ប្រែប្រួល​អ្វីទេ​លោក​ម៉ម សុណង់​ដូ​នាយក​វិទ្យុ​សំបុក​ឃ្មុំ​អាច​ដើរ​ចេញ​ពីពន្ធ​នាគារ​ក្នុង​នាម​ជា​អ្នក​គ្មាន​ទោស​ពៃរ៍​អ្វី​ឬក៏​អាច​ក្លាយ​ជា​អ្នក​ទោស​តាម​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​។

លោក​ម៉ម សុណង់​ដូ​ ​គឺ​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​ម្នាក់​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ដោយ​អត់​សំចៃ​មាត់​ហើយ​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការធ្វើ​អបគមន៍​នៅ​ខេត្ត​ក្រចេះ​និង​ទាក់​ទង​នឹង​ចលនា​មួយ​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា​«ចលនា​អំណាច​​ពលរដ្ឋ​ខ្មែរ»​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។ ទាំងនេះ​ជា​ទោស​​ដែល​អាច​ឱ្យ​លោក​ជាប់​ពន្ធនាគារ​​រហូត​ដល់​៣០​ឆ្នាំ។​

សវនាការ​ដ៏​តឹង​តែង​ទាំង​នៅ​ក្នុង​បន្ទប់​តុលាការ​និង​ក្រៅ​បរិវេណ​តុលាការ​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​ខែ​កញ្ញា​បន្ទាប់​ពី​បានដំណើរ​ការ​អស់​រយៈ​ពេល​បីថ្ងៃ​កន្លះ​និង​​ស្តាប់​សាក្សី​ដើមចោទ​​​និង​​សាក្សី​ដោះ​បន្ទុក​រហូត​ដល់​២៤​​នាក់។​ ប៉ុន្តែ​មាន​ខ្សែ​អាត់​សំឡេង​មួយ​ដែល​មេធាវី​លោក​ម៉ម សុណង់​ដូ​បាន​​ដាក់​ឱ្យ​តុលាការ​​ដើម្បី​បង្ហាញ​ឱ្យ​ច្បាស់​លាស់​បន្ថែមពី​ការ​មក​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​កន្លង​មក​ដែលនោះ​ជាដើម​ចម​មួយ​ដែរ​​នាំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ប៉ុន្តែ​តុលាការ​បដិសេធ​មិន​ព្រម​​ចាក់​ឱ្យ​អង្គ​សវនាការ​បាន​ស្តាប់។​

នៅ​ក្នុង​ខ្សែអាត់​សំឡេង​ដែល​ប្រភព​ស្និទ្ធ​នឹង​​លោក​ម៉ម សុណង់​ដូ ​បាន​បញ្ជូន​មក​ឱ្យ​វីអូអេ​​​បង្ហាញ​ថា​នៅ​គ្រប់​វេទិការ​ដែល​អ្នក​កាសែត​រូប​នេះ​​បាន​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តាម​រដ្ឋ​នានា​គឺ​គាត់​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ដើរ​មិន​ស្រប​ទិស​គ្នា​រវាង​រូបលោកនឹង​សកម្ម​ភាព​របស់​«ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ»។

ដូច​ជា​នៅ​ក្នុង​ខួប​លើក​ទី​ពីរ​​​របស់​ចលនា​នោះ​នៅ​ថ្ងៃ​ទី​១៧​ខែ​មិនា​ឆ្នាំ​២០១២​​នៅ​ទីក្រុង​លីនវូដ​រដ្ឋ​វ៉ាស៊ីនតោន​លោក​ម៉ម សុណង់​ដូ​ដែល​ក៏​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​​បញ្ជាក់​ថា៖

«ខ្ញុំ​មាន​អារម្មណ៍​មួយ​ដែល​ខ្ញុំ​មិន​អាច​ចូលរួម​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ពីព្រោះ​ខ្ញុំ​រស់​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជា​ដែល​មាន​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ហើយ​មាន​ព្រះមហាក្សត្រ​ទ្រង់​គង់​នៅ​ហើយ​ទីដៅ​និង​គោលដៅ​របស់​សមាគម​អ្នក​ប្រជាធិបតេយ្យ​ក៏​ដូច​ជា​ប្រធាន​វិទ្យុសំបុក​ឃ្មុំ​ខ្ញុំ​សូម​ជម្រាប​ថា​ខ្ញុំ​គាំទ្រ​រាល់​ដំណោះស្រាយ​គ្មាន​អំពើ​ហិង្សា​។ ខ្ញុំ​គាំទ្រ​រាល់​ដំណោះស្រាយ​ដោយ​យុត្តិធម៌​ខ្ញុំ​គាំទ្រ​រាល់​ដំណោះស្រាយ​ដែល​យក​ជាតិ​ជាធំ»។
ពេល​នោះ​អាច​ជា​ឱកាស​មួយ​ដែល​លោក​​​ត្រូវ​បញ្ជាក់​ប្រាប់​សមាជិក​នៃ​ចលនា​នោះ​ពី​ការ​គាំទ្រ​របស់​គាត់​ប៉ុន្តែ​ការ​បញ្ជាក់​ជំហរ​មិន​ចូលរួម​ជាមួយ​ចលនា​នេះ​បាន​ធ្វើ​ជា​បន្ត​ទៀត​នៅ​ពេល​ដែល​លោក​ជួប​ជុំ​ជាមួយ​ពលរដ្ឋ​នៅ​ទីកន្លែង​មួយ​ទៀត​នៅ​ថ្ងៃទី​១៨​ខែមិនា​ដែល​ធ្វើ​នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ដែរ។​

«ការពិត​ខ្ញុំ​ខុស​ទាំងស្រុង​ជាមួយ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ពីព្រោះ មួយ​នៅ​ក្នុង​ប្រទេស​មួយ​នៅ ក្រៅ​ប្រទេស​ហើយ​ខ្ញុំ​នៅ ក្នុង​ប្រទេស​ខ្ញុំ​គោរព​ច្បាប់​និង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​នៅ​ក្នុង​ស្រុក​ខ្ញុំ​ត្រូវ​គោរព​ច្បាប់​គោរព​រដ្ឋ​ធម្មនុញ្ញ​ខ្ញុំ​មិន​និយាយ​អ្វី​ដូច​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​និយាយ​ទេ។ ដូច្នេះ​កិច្ច​ការ​ផ្សេងៗ​គ្នា​អត់​មាន​ទាក់​ទង​គ្នា​ទេ​ប៉ុន្តែ​មាន​ដំណើរ​ការ​ទាក់​ទង​ពីរឿង​ជាតិ»។

អាជ្ញាធរ​កម្ពុជា​បាន​យក​ភស្តុតាង​ដែល​មាន​ដូច​ជា​លិខិត​​អញ្ជើញ​របស់​ចលនា​នោះ​ឱ្យ​លោក​ម៉ម សុណង់​ដូ​មក​ចូលរួម​កម្មវិធី ​របស់​គេ​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​ដាក់​បន្ទុក​ចោទ​​ប៉ុន្តែ​នោះ​ក៏​ជា​អ្វី​ដែល​លោក​ម៉ម សុណង់​ដូ​បាន​បកស្រាយ​រួចហើយ​តាំង​ពី​លោកមក​បំពេញ​បេសកម្ម​​នៅ​សហរដ្ឋ​អាមេរិក​ដូច​ជា​ពេលជួ​បជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​កាលពីថ្ងៃ​ទី​២៥​ខែ​មិនា​នៅ​រដ្ឋ​អូរីហ្កឹន​ជាដើម។

«ខ្ញុំ​សូម​ជម្រាប​ថា​ខ្ញុំ​ជា​សមាគម​មែន​នៅក្នុង​លក្ខន្តិកៈ​គឺ​ខ្ញុំ​មិន​ធ្វើ​នយោបាយ​ហើយ​ពាក្យ​នយោបាយ​គឺ​មាន​ន័យ​ទូលំទូលាយ​ណាស់​ក៏ ប៉ុន្តែ​ច្បាប់​អត់​បាន​ហាម​ខ្ញុំ​ថា​អត់​ឱ្យ​ទៅ ជួប​អ្នកនេះ​អត់​ឱ្យ​ទៅ​ជួប​អ្នក​នោះ ដែរ​ប៉ុន្តែ​ក្នុ​ងនាម​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ហើយ​ប្រទេស​ខ្មែរ​បាន​ជ្រើសរើស​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ការជួប​គ្នា​ខ្ញុំ​គិត​ថា​ជា​ការ​ធម្មតា​។ មិន​ត្រឹ​ម​តែ​ខ្ញុំ​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប៉ុណ្ណឹង​ទេ​ខ្ញុំ​ប្រធាន​វិទ្យុ​សំបុកឃ្មុំ​ហើយ​ដូច្នេះ​ខ្ញុំ​ជា​អ្នក​សារព័ត៌មាន​ហើយ​បើ​យើង​និយាយ​អំពី​តួរនាទី​ជា​អ្នក​សារព័ត៌មាន​ទៅ​ជួប​មេចោរ​ក៏​ជួប​បាន​សួរ​អ្នក​ឯង​ថា​ហេតុអ្វី​ក៏​អ្នក​ឯង​ចូលចិត្ត​លួច​គេ​ម្ល៉េះ? ហើយ​ទៅ​ជួប​អាអ្នកក្បត់​ជាតិ​ក៏បាន​ រឿង​អី ក៏​អ្នកឯង​ចូលចិត្ត​ឱ្យ​ដី ខ្មែរ​ទៅ​យួន​ម្ល៉េះ? នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​​គឺ​ខ្ញុំ​មាន​សិទ្ធិ»។​
ប៉ុន្តែ​សិទ្ធិ​ដែល​លោកម៉ម សុណង់​ដូ​​យល់​ថា​លោក​មាន​តាម​ផ្លូវ​ច្បាប់​​​នោះ​មិន​បាន​ជួយ​លោក​ប៉ុន្មាន​ទេ​ ដោយ​លោក​ត្រូវបាន​រដ្ឋាភិបាល​ភ្ជាប់​អ្វី​ដែល​ជាការ​អនុវត្ត​នោះ​ទៅ​ជា​អ្វី​ដែល​តុលាការ​ចោទ​ថា​ចូលដៃ​ជើង​ក្នុង​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល។​

បើ​គេ​ចោទ​សួរ​ថាតើ​មាន​​អ្វី ទៅ​ដែល​លោក​ម៉ម សុណង់​ដូ​ស្អប់​នោះ​?​
ការពិត​អ្នក​កាសែត​រូបនេះ​មិន​ដែល​ព្យាយាម​​​លាក់​កំបាំង​ការ​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​កើត​មាន​ក្នុង​សង្គម​ខ្មែរ​ក្រោម​ការ​ដឹកនាំ​របស់លោក​ហ៊ុន​សែន ទេ។

«ហើយ​ខ្ញុំ​ប្រឆាំង​រាល់​អំពើ​ផ្តាច់​ការ។ ខ្ញុំ​ប្រឆាំង​រាល់​អំពើ​រំលោភ​សិទ្ធិមនុស្ស។​ខ្ញុំ​ប្រឆាំង​រាល់​អំពើ​ពុករលួយ»។

ការចោទ​ប្រកាន់​ថា​ចង់​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុនសែន​អាច​នឹង​ត្រូវ​មែន ​ប៉ុន្តែ​លោក​ម៉ម សុណង់​ដូ​មិន​ជឿ​លើ​មធ្យោបាយ​ហិង្សា​ទេ។ តាម​រយៈ​ខ្សែ​អាត់​ដដែល​លោក​ម៉ម​សុណង់​ដូ​បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​នៅ​ទីក្រុង​ឡុង​ប៊ិច​រដ្ឋ​កាលីហ្វញ៉ា​កាលពីថ្ងៃទី​០១​ខែ​មេសា​បាន​បញ្ជាក់​ថា៖​​

«ហើយ​រឿង​ការផ្លាស់​ប្តូរ​ដូច​លោកមួយ​មាន​ប្រសាសន៍​វាមាន​ការ​បោះ​ឆ្នោត​ ធ្វើ​បដិវត្តន៍​ហើយ​នឹង​រដ្ឋ​ប្រហារ​ជា​ឧទាហរណ៍​។ ខ្ញុំ​សូម​ជម្រាប​ថា​រឿង​ប្រើអំពើ​ហិង្សា​ទោះ​ជា​យើង​ស្របច្បាប់​ក៏​ដោយ​ក៏ យើង​មិន​ត្រូវ​ប្រើ​ដែរ​ នេះ​បើតាម​គំនិត​ខ្ញុំ​។ អារឿង​ចលនា​បំបះបំបោរ​ធ្វើ​យ៉ាង​ដូចម្តេច​ឱ្យ​មាន​ការ​កាប់​សម្លាប់​ដូច​ជំនាន់​ខ្មែរ​ក្រហម​ឬ​ក៏ដូច​ជា​ទុយនេស៊ី​ឬ​ក៏ នៅក្នុង​អេហ្ស៊ីប​ឬ​ក៏​ប្រទេស​អារ៉ាប់​មួយ ចំនួន​ដែល​គេធ្វើ​បានជោគជ័យ​ហ្នឹង​ខ្ញុំ​អត់​គាំទ្រ​ទេ​ពីព្រោះ​ខ្ញុំ​ចង់​ដោះ​ស្រាយ​រឿង​ច្បាប់។​ រឿង​ច្បាប់​គឺ​ក្នុង​ការ​បោះ​ឆ្នោត​នោះ តែ​ម្តង»។ ​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ហៅ​ការកាត់​ទោស​​លោក​ម៉ម សុណង់​ដូ​ថា​គ្រាន់​តែ​ជា​ការ​បង្វែង​ដាន​របស់​រដ្ឋាភិបាល​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​របស់​កុមារីម្នាក់​ដែល​រដ្ឋាភិបាល​បាន​បាញ់​សម្លាប់​ក្នុង​អំឡុង​ពេល​​បើកការ​បង្រ្កាប​យ៉ាង​សាហាវ​លើ​ប្រជាពលរដ្ឋ​រងគ្រោះដោយ​ទំនាស់​​ដីធ្លី​ក្នុង​ភូមិ​ប្រម៉ា​ ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​កាលពី​ខែ​ឧសភា។​
​​
រីឯ​ក្រុម​តាម​ដាន​ខ្លះ​​បញ្ជាក់​ថា​បើ​តុលាការ​ពិត​ជា​កំណត់​ថា​លោក​ម៉ម សុណង់​ដូ​មាន​ទោស​មែន គឺ​អ្នក​កាសែត​ដែល​មាន​វ័យ​៧២​ឆ្នាំ​ ​រូបនេះ​ក្លាយ​ជា​ជន​ទីមួយ​ហើយ​ក្នុង​សតវត្សរ៍​ទី​២១​នេះ​ដែល​មាន​ជំនាញ​តែ​កាន់​ក្បាល​មេក្រូ​និង​ប៊ិច​ហើយ​ហ៊ាន​មក​កាន់​ស្នា​និង​កំភ្លៀវ​ដូច​ដែល​ក្រុម​រដ្ឋ​អាជ្ញា​យក​មក​ធ្វើ​ជា​ភស្តុតាង​ចោទ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​។

ការដែល​រដ្ឋាភិបាល​បណ្តែត​បណ្តោយ​ឱ្យ​មាន​ការ​ចាប់ដាក់​​ពន្ធនាគារ​ដូច​ករណី​លោក​ម៉ម សុណង់​ដូ និង​សកម្មជន​ដីធ្លី​ដទៃ​ទៀត​ធ្វើ​ឱ្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​យល់​ថា​អាច​ធ្វើ​ឱ្យ​បង្វែ​អារម្មណ៍​ឆ្ងាយ​ពី​ការអភិវឌ្ឍ​ដែល​ប្រទេស​នេះ​សម្រេច​បាន​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​នេះ។​

ថ្ងៃច័ន្ទ​ទី​១​ខែ​តុលា​នេះ​គឺ​ជា​ថ្ងៃ​ដែល​សហគមន៍​ជាតិ​និង​អន្តរជាតិ​តាម​ពិនិត្យ​មើល​ដោ​យ​យក​ចិត្ត​ទុកដាក់​ គឺ​ជា​ថ្ងៃ​មួយ​ដែល​ក្រុម​អ្នក​គាំទ្រ​នៃ​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​របស់​លោក​ម៉ម សុណង់​ដូ​ចាត់​ទុក​ថា​«ជា​ប្រវត្តិសាស្រ្ត​មួយ»៕

No comments:

Post a Comment

yes