ខេត្តបាត់ដំបង ៖ គ្រួសារកសិករមួយមានសមាជិកដល់ទៅ១១នាក់ក្នុងបន្ទុក រស់នៅភូមិភ្នំប្រាំពីរ ឃុំប៊ួរ ស្រុកភ្នំព្រឹក ដែលកំពុងប្រឈមនឹងការខ្វះស្បៀងជាបណ្ដើរៗនោះ ត្រូវសមត្ថកិច្ចឱ្យដឹងថា បានជួបគ្រោះអាសន្នធ្ងន់ធ្ងរដោយសារពុលដំឡូងមី ដែលគាត់រើសពីសំណល់ក្នុងចម្ការអ្នកស្រុកយកមកស្ងោរឱ្យកូនចៅបរិភោគ កាលពីរសៀលថ្ងៃទី៤ តុលា ធ្វើឱ្យកូនស្រីវ័យ៥ឆ្នាំម្នាក់ស្លាប់ និង២នាក់កំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់ រីឯ៧នាក់ទៀតពុលតិចតួច ។
នាយប៉ុស្ដិ៍នគរបាលប៊ួរ លោកបូរ បុល បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ក្មេងស្រីអាយុ៥ឆ្នាំ ឈ្មោះអីុ បុស្បា បានពុលដំឡូងមីស្លាប់នៅ២ម៉ោងក្រោយ បន្ទាប់ពីឪពុករបស់នាងស្ងោរដំឡូងមីនោះឱ្យនាងហូបជំនួសបាយជាមួយសមាជិកគ្រួសារនាងទាំងអស់គ្នា ។ លោកនាយប៉ុស្ដិ៍បញ្ជាក់ថា បងប្អូននាង២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលគ្រូពេទ្យកំពុងសង្រ្គោះបន្ទាន់ រីឯសមាជិក៧នាក់ទៀត ស្ថិតក្នុងសភាពពុលរាករូសតិចតួច លើកលែងតែម្នាក់ប៉ុណ្ណោះបានរួចផុតពីគ្រោះអាសន្ននេះ ព្រោះទៅលេងនៅវត្តបាត់ពីផ្ទះ ។ លោកបូរ បុល បានបន្ថែមថា គ្រួសារកសិករដែលមានសមាជិកក្នុងបន្ទុកចំនួន១១នាក់នេះ មានជីវភាពតោកយ៉ាកយ៉ាងខ្លាំង ។ ពួកគាត់គ្មានដីបង្កបង្កើនផលទេ រស់នៅលើដីលំនៅឋានមួយប្លង់តូចជាមួយកូនខ្លះដែលមានគ្រួសារហើយ ។
ឪពុកក្មេងស្រីរងគ្រោះលោកអីុ សូត្រ ត្រូវបានសមត្ថកិច្ចស្រង់សម្តីថា គ្រួសារគាត់ខ្វះខាតស្បៀង ទើបសម្រេចចិត្តដើររើសដំឡូងមីយកមកស្ងោរឱ្យកូននិងចៅៗហូបប្រថុយនឹងគ្រោះថ្នាក់បែបនេះ ។ បុរសវ័យ៤០ឆ្នាំរូបនេះនិយាយថា ដំឡូងមីនោះលិចទឹក ហើយត្រូវម្ចាស់ចម្ការភ្ជួរចោល លុះប៉ុន្មានថ្ងៃក្រោយមកដោយដាច់ស្បៀងផង គាត់ក៏ទៅរើសយកមកស្ងោរឱ្យកូននិងចៅហូប ។ ប៉ុន្តែក្រោយពីហូបបានប្រហែល២ម៉ោង ស្រាប់តែពួកគេទាំងអស់គ្នាមានអាការពុលក្អួតចង្អោរប្រកាច់ប្រកិនពេញផ្ទះរាប់ទាំងរូបគាត់ផង ។ គាត់បញ្ជាក់ថា គ្រានោះកូនស្រីគាត់ឈ្មោះបុស្បា អាយុ៥ឆ្នាំពុលបែកពពុះមាត់ស្លាប់ភ្លាមៗ និងកូន២នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយឡែកសមាជិកគ្រួសារគាត់៧នាក់ទៀតពុលរង៉ាប់រងើ និងរាករូសពេញផ្ទះ តែស្រាលៗ លើកលែងតែកូនម្នាក់ប៉ុណ្ណោះដែលរួចខ្លួន ព្រោះរវល់ទៅលេងនៅឯវត្ត ។ លោកអីុ សូត្រ បញ្ជាក់ថា គាត់ធ្លាប់ឮតៗគ្នាខ្លះដែរថា ហូបមើមដំឡូងមីអាចពុល តែដោយឃើញគេភ្ជួរចោលស្ដាយ និងម្យ៉ាងដាច់ស្បៀងដោយអន្លើៗផង ទើបគាត់ទៅរើសយកមកស្ងោរឱ្យកូនចៅហូបក៏ពុលស្លាប់ និងរងគ្រោះទាំងគ្រួសារបែបនេះ ។
ទោះជាយ៉ាងណា នាយប៉ុស្ដិ៍លោកបូរ បុល បានបញ្ជាក់ថា កន្លងមកគ្រួសារខាងលើនេះធ្លាប់ត្រូវបានអាជ្ញាធរជួយឧបត្ថមស្បៀងដែរ គ្រាន់បានដោះទាល់ម្ដងម្កាល ។ ប៉ុន្តែដោយសារគ្រួសារនេះមានកូនចៅច្រើន និងម្យ៉ាងទៀតកូនៗដែលមានគ្រួសារ និងមានកូនហើយ ក៏ស្ថិតក្នុងបន្ទុកទៀត ទើបគ្រួសារនេះជួបការលំបាកខ្លាំងក្នុងជីវភាព ខណៈពួកគាត់គ្មានដីធ្លីសម្រាប់បង្កបង្កើនផលនឹងគេ ៕
No comments:
Post a Comment
yes