
ប្រជាពលរដ្ឋស្រុកស្រែអំបិលបិទផ្លូវធ្វើការតវ៉ាចំពោះក្រុមហ៊ុនរបស់
លោក លី យ៉ុងផាត់ កន្លងមក
នៅថ្ងៃទី៣១ ខែតុលា ស្អែកនេះ ប្រជាពលរដ្ឋប្រមាណ២០៧គ្រួសារ រស់នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលដីធ្លីរបស់ពួកគាត់ត្រូវបានរឹបអូសយកដោយបង្ខំសម្រាប់ធ្វើចម្ការអំពៅ និងសង់រោងចក្រផលិតស្ករសដោយក្រុមហ៊ុនរបស់សមាជិកព្រឹទ្ធសភាដ៏មានអំណាចមួយរូប គឺលោក លី យ៉ុងផាត់ ចាប់តាំងពីឆ្នាំ២០០៦មកនោះ នឹងស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យជួយដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ។
តាមសេចក្តីប្រកាសរួមរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងអង្គការអ៊ីអ័រអាយ (ERI) នៅថ្ងៃស្អែកនេះ ប្រជាពលរដ្ឋដែលមានជម្លោះរស់នៅភូមិឈូក ជីខ និងភូមិត្រពាំងកណ្តោល ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង នឹងប្តឹងទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចំពោះក្រុមហ៊ុនស្ករសធំមួយរបស់សហរដ្ឋអាមេរិកឈ្មោះ American Sugar Refining ហៅកាត់ថា ASR ដែលបានបញ្ជាទិញស្ករសពីក្រុមហ៊ុនស្ករសរបស់លោក លី យ៉ុងផាត់ ដោយរំលោភលើគោលការណ៍ណែនាំរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍។
លោក តេង កៅ ប្រជាពលរដ្ឋមួយរូបក្នុងចំណោមប្រជាពលរដ្ឋដែលបានផ្តិតមេដៃប្តឹងបាននិយាយថា «ក្រុមហ៊ុនដែលទិញស្ករសផលិតនៅលើដីរឹបអូសយកពីពួកយើង ត្រូវតែមានចំណែកទទួលខុសត្រូវចំពោះទុក្ខវេទនារបស់យើង។ យើងសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចជួយធ្វើអន្តរាគមន៍ឲ្យក្រុមហ៊ុន ASR ទទួលខុសត្រូវចំពោះបញ្ហានេះ»។
តាមគោលការណ៍ណែនាំរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ដែលអនុម័តឲ្យប្រើដោយសហរដ្ឋអាមេរិក ក្រុមហ៊ុនទិញស្ករទាំងអស់ដែលផលិតនៅចម្ការអំពៅ និងរោងចក្រផលិតស្ករ ត្រូវអនុវត្តវិធានការបង្ការសុវត្ថិភាព និងប្រើឥទ្ធិពលដែលក្រុមហ៊ុនមានជាមួយក្រុមហ៊ុនដៃគូរបស់ខ្លួន ទប់ស្កាត់កាត់បន្ថយ និងដោះស្រាយផលប៉ះពាល់សិទ្ធិមនុស្ស។
សូមរំលឹកថា កាលពីឆ្នាំ២០០៦ ក្រុមហ៊ុនផលិតស្ករសថៃមួយឈ្មោះ Khon Kaen Sugar Co.Ltd ហៅកាត់ថា KSL រួមជាមួយក្រុមហ៊ុនម្ហូបអាហារតៃវ៉ាន់ឈ្មោះ Ve Wong និងសមាជិកព្រឹកសភា លី យ៉ុងផាត់ បានរួមគ្នាបង្កើតក្រុមហ៊ុនខ្មែរចំនួនពីរដើម្បីទទួលបានសម្បទានដីពីរដ្ឋាភិបាលសម្រាប់ចម្ការអំពៅទ្រង់ទ្រាយធំ និងសង់រោងចក្រផលិតស្ករអំពៅ។ ប៉ុន្តែដីមួយផ្នែកធំ នៃដីសម្បទាននោះ គឺជាដីដែលកាន់កាប់ដោយប្រជាពលរដ្ឋភូមិឈូក ភូមិជីខ និងភូមិកណ្តោល។
ជាលទ្ធផលនៃការផ្តល់ដីសម្បទានសម្រាប់ក្រុមហ៊ុនផលិតស្ករសនៅខេត្តកោះកុងនោះ ប្រជាពលរដ្ឋប្រមាណ៤៥០គ្រួសារត្រូវក្រុមហ៊ុនបណ្តេញចេញពីលំនៅដ្ឋាន និងដីស្រែចម្ការរបស់ពួកគាត់ត្រូវក្រុមហ៊ុនឈូសឆាយសម្រាប់ធ្វើចម្ការអំពៅ។ កត្តានេះបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារបាត់បង់មុខរបរទាំងស្រុង រីឯប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតដែលពីមុនធ្លាប់ទ្រទ្រង់ជីវភាពគ្រួសារតាមរយៈការប្រកបរបរដាំដំណាំជាច្រើនមុខ និងចិញ្ចឹមសត្វផងនោះ មានជីវភាពធ្លាក់ចុះទៅរកភាពក្រីក្រ និងខ្វះអាហាររូបត្ថម្ភ៕
No comments:
Post a Comment
yes