ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងការបាត់បង់សិទ្ធី នៅដីស្របច្បាប់ ដោយសារតែដីស្រែចម្ការរបស់ពួកគាត់ មានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនឯកជន មួយ ឈ្មោះថា ក្រុមហ៊ុនជាតិអភិវឌ្ឍន៍។
ជម្លោះដណ្ដើមដីធ្លីគ្នារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនកូនកាត់កម្ពុជាចិនមួយ នៅខេត្តភាគពាយ័ព្យ ប្រទេសកម្ពុជា អាចនឹងផ្ទុះការតវ៉ាជាថ្មីម្ដងទៀត ដោយសារតែក្រុមអាជ្ញាធរមូលដ្ឋាន និងភាគីក្រុមហ៊ុន បង្កការរាំងស្ទះដល់ក្រុមនិស្សិត ក្នុងការចុះវាស់វែងដី ដើម្បីរៀបចំចេញកម្មសិទ្ធិដីស្របច្បាប់ជូនអ្នកភូមិ។
លោក ពៅ សុភាព ជាអ្នកភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកបានឲ្យដឹងនៅថ្ងៃទី ២៩ ខែតុលាថា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១២ ខាងក្រុមនិស្សិត បានចុះវាស់វែងដីលំនៅឋាន និងដីស្រែជាប់ភូមិ របស់ប្រជាពលរដ្ឋ នៅចំណុចភូមិធ្លកឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មានប្រជាពលរដ្ឋចំនួន ០៧ គ្រួសារ មានដីជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ជាតិ។
លោក ពៅ សុភាព៖ «ការគេវាស់នៅក្នុងប្លុកក្រុមហ៊ុន ដីគាត់ដូចថា នៅអែបជិតក្រុមហ៊ុន អញ្ចឹងទៅគេថា មិនប៉ះទេ ចាំវាស់ក្រោយ។ ដល់ពេលគាត់ដឹងថា មិនពាក់ព័ន្ធគាត់ទៅចុះវាស់ ក្រុមការងារថា ពាក់ព័ន្ធជាមួយក្រុមហ៊ុន គ្រាន់តែគេនិយាយបង្ហើរថា វាស់បាន។ ប៉ុន្តែ មិនមានសិទ្ធិចេញប្លង់»។
ក្រុមនិស្សិតប្រាប់ថា មិនអាចចេញប្លង់ជូនប្រជាពលរដ្ឋបានទេ ដោយសារដីនោះមានទំនាស់ជាមួយក្រុមហ៊ុនជាតិអភិវឌ្ឍន៍។ អ្នកភូមិទាំងនោះ មានឈ្មោះ សឿន តុច ឈ្មោះ យ៉ែម ណាត ឈ្មោះ ស្រ៊ីន រី ឈ្មោះ ថោង គឿប និងឈ្មោះ សាញ់ វណ្ណនិត។ ទាំងប្រាំគ្រួសារនេះ មានដីទំហំ ៤ ហិកតារ បីហិកតារ និងខ្លះទៀតជាង ២ ហិកតារ។
ចំណែកពីរគ្រួសារផ្សេងទៀត មានឈ្មោះ សាន វ៉េត និងឈ្មោះ ឃុត អ៊ិន មានដីជាប់ពាក់ព័ន្ធចំចំណុចកណ្ដាលដីរបស់ក្រុមហ៊ុនជាតិអភិវឌ្ឍន៍។ ឈ្មោះ ឃុត អ៊ិន មានដីទំហំ ៤ ហិកតារ និង ឈ្មោះ សាន វ៉េត មានដីទំហំ ៤ ហិកតារ។
កន្លងមក នៅពេលក្រុមការងារមូលដ្ឋានចុះធ្វើអត្តសញ្ញាណកម្ម ដីនោះមានទំហំធំ តែនៅពេលវាស់ជាក់ស្ដែងបែរជាក្បាលដីរបស់គាត់រួចតូចជាងមុន។
អ្នកភូមិធ្លកឈ្មោះ សាញ់ វណ្ណនិត បានថ្លែងថា គ្រួសារគាត់ ដែលមានដី ២ ហិកតារ បានដាំដំឡូងមី លើដីជាង ១ ហិកតាររួចហើយ។ ប៉ុន្តែ គេមិនព្រមវាស់ចេញប្លង់ឲ្យទេ ព្រោះមានជាប់ពាក់ព័ន្ធជាមួយដីរបស់ក្រុមហ៊ុន។
លោក សាញ់ វណ្ណនិត៖ «ដីខ្ញុំនោះ ខ្ញុំបានដាំដំឡូង អស់ហើយ។ ប៉ុន្តែគេអត់វាស់ជូនខ្ញុំទេ។ ដីខ្ញុំទាំងអស់ពីរហិកតារ។ ប៉ុន្តែ ខ្ញុំធ្វើបានតែ ១ ហិកតារ ពីររ៉ៃ គេអត់វាស់ផង គេថា ដីខ្ញុំប៉ះពាល់ និងក្រុមហ៊ុន ហើយ ដីអ្នកនៅជាប់ខ្ញុំ ក៏គេអត់ឲ្យធ្វើ គេទៅដេញ មិនឲ្យធ្វើ»។
ក្រុមអ្នកភូមិបានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន កំពុងតែលាក់លៀមព្រំដី មិនបានបង្ហាញអំពីចំណុចព្រំដីរបស់ក្រុមហ៊ុន ហើយនៅពេលក្រុមនិស្សិតចុះវាស់នោះ បែរជានិយាយថា ប៉ះពាល់ដីរបស់ក្រុមហ៊ុនខុសពីពេលមុន ដែលថា ដីនោះមិនបានប៉ះពាល់ជាមួយក្រុមហ៊ុន។
វិទ្យុអាស៊ីសេរីពុំអាចទាក់មន្ត្រីមូលដ្ឋានស្រុកថ្មពួក និងភាគីតំណាងក្រុមហ៊ុនជាតិអភិវឌ្ឍន៍ ដើម្បីបញ្ជាក់ជុំវិញបញ្ហានេះបានទេ។
ប៉ុន្តែ មន្ត្រីសមាគម អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បានថ្លែងថា អាជ្ញាធរខេត្តគួរតែអនុវត្ត តាមគោលការណ៍របស់រដ្ឋាភិបាល ហើយបើសិនជា មានដីប្រជាពលរដ្ឋប៉ះពាល់ជាមួយក្រុមហ៊ុនដូច្នេះមែន អាជ្ញាធរមូលដ្ឋាន ត្រូវវាស់វែងកាត់ដីនោះចេញ ប្រគល់ឲ្យប្រជាពលរដ្ឋ បានកម្មសិទ្ធិដីកាន់កាប់ស្របច្បាប់។ អាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ គួរតែបញ្ជាក់ព្រំប្រទល់ដីរបស់ក្រុមហ៊ុន បាញ់ថ្នាំចំណាំឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងវាស់វែងរកដីប្រជាពលរដ្ឋ ដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន។
លោក ស៊ុំ ច័ន្ទគា៖ «ខ្ញុំគិតថា អាជ្ញាធរនឹងយកចិត្តទុកដាក់ទៅលើអនុសាសន៍របស់ប្រមុខដឹកនាំរដ្ឋាភិបាល ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ កុំឲ្យមានទំនាស់កើតឡើងដដែលៗ នៅលើដីនៅចំណុចហ្នឹងទៀត»។
នៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីជូនប្រជាពលរដ្ឋ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសប្រាប់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ មិនឲ្យប្រើពាក្យមានដីត្រួតស៊ីគ្នា រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុននោះទេ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា បើមានដីប្រជាពលរដ្ឋជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន អាជ្ញាធរ ត្រូវតែកាត់ដីនោះចេញពីក្រុមហ៊ុន ហើយវាស់វែងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ ប្រគល់ឲ្យប្រជាពលរដ្ឋ៕
No comments:
Post a Comment
yes