គណបក្សសង្គ្រោះជាតិ កំពុងស្វែងរកអន្តរាគមន៍ពីប្រទេសអូស្ត្រាលី អោយដាក់សម្ពាធដើម្បីអោយមានការផ្លាស់ប្ដូរប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍នៅរសៀលថ្ងៃទី៥ ខែតុលា ថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន គឺលោក កឹម សុខា កំពុងជួបជាមួយពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី។
លោក យឹម សុវណ្ណ បន្តថា អ្នកទាំងពីរក៏នឹងជួបជាមួយមន្ត្រីនៃរដ្ឋាភិបាលប្រទេសអូស្ត្រាលី ដើម្បីនិយាយពីការទាមទារអោយមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា៖ «ទៅជម្រាបជូនបងប្អូនយើងនៅប្រទេសអូស្ត្រាលី ពីដំណើរការប្រព្រឹត្តទៅនៃគណបក្សសង្គ្រោះជាតិ។ ហើយនឹងជួបមន្ត្រីនៃប្រទេសអូស្ត្រាលី ដើម្បីនិយាយអំពីការធានាអោយមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក៏ដូចជាការធានាអោយការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស អោយមានប្រសិទ្ធភាព»។
ប្រទេសអូស្ត្រាលី គឺជាប្រទេសម្ចាស់ជំនួយសំខាន់មួយសម្រាប់កម្ពុជា ដែលប្រធានគណបក្សសង្គ្រោះជាតិ ចាត់ទុកថា អាចនឹងផ្ដោតការយកចិត្តទុកដាក់ចំពោះដំណើរឆ្ពោះទៅរកការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ធ្លាប់ប្រតិកម្មចំពោះការស្វះស្វែងរកអន្តរាគមន៍ពីបរទេសរបស់គណបក្សប្រឆាំងថា ជាចរិតរណបបរទេស៖ «គណបក្សប្រឆាំង គឺគាត់ធ្វើតែអ៊ីចឹង និយាយអោយចំទៅ ផ្នត់គំនិតគាត់ហ្នឹង គឺរណបបរទេស។ ខ្ញុំមានការអៀនខ្មាសណាស់ អត់មានបង្ហាញភាពមួយមោទនភាពជាតិខ្មែរ ថាខ្មែរយើងវាអាចឯករាជ្យ ធ្វើអីត្រឹមត្រូវច្បាស់លាស់។ និយាយអោយចំទៅក្នុងគ្រួសារចូលចិត្តតែហែកអោយគេមើលហ្នឹង ក៏ប៉ុន្តែ វាគ្មានអីធ្ងន់ធ្ងរដូចប្រទេសផ្សេងៗទេ»។
ទាក់ទងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជានេះ សមាជិកសភានៃគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៥ ខែតុលា ថា នឹងពហិការ ឬមិនចូលរួមក្នុងការប្រជុំសភា នៅថ្ងៃទី១១ ខាងមុខឡើយ។ ការប្រជុំនោះ គឺទាក់ទងជាមួយការតែងតាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់អាណត្តិថ្មី។
មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ជាញឹកញយបានបញ្ជាក់ថា នៅក្នុងការបោះឆ្នោត ការចាញ់ឈ្នះ គឺជារឿងធម្មតា ប៉ុន្តែការជឿទុកចិត្តទៅលើអ្នករៀបចំការបោះឆ្នោត ជារឿងសំខាន់។ ការប្រកួតប្រជែងដែលមានអាជ្ញាកណ្ដាលត្រឹមត្រូវ នឹងធ្វើឲ្យអ្នកចាញ់ទទួលយកដោយមិនមានការតវ៉ា៕
No comments:
Post a Comment
yes