
ជាថ្មីម្តងទៀតមេដឹកនាំគណបក្សប្រឆាំងទាំងពីរក្នុងប្រទេសកម្ពុជា ក្នុងនាមជាប្រធាន និងអនុប្រធានចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ ដែលកើតឡើងពីការរួមគ្នារបស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិទាំងអស់ឲ្យចូលរួមផ្តល់ថវិកាជួយទ្រទ្រង់គណបក្សសង្រ្គោះជាតិ ជាមួយមូលនិធិសង្រ្គោះជាតិ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ។
លិខិតអំពាវនាវដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន-អនុប្រធានចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ បានសរសេរថា «ការចូលរួមថវិកាតិចក្តី ច្រើនក្តីជាមួយមូលនិធិសង្រ្គោះជាតិ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះមាតុភូមិកម្ពុជារបស់យើងឲ្យចាកផុតពីអំពើឈ្លានពានរបស់បរទេស អំណាចផ្តាច់ការ និងដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋខ្មែរឲ្យរស់នៅក្នុងជីវភាពថ្លៃថ្នូ សម្បូររុងរឿង»។
សូមរំលឹកថា មូលនិធិសង្រ្គោះជាតិ របស់គណបក្សសង្រ្គោះជាតិគិតរហូតមកដល់ពេលនេះទទួលបានប្រាក់ឧបត្ថម្ភប្រមាណ១៣ម៉ឺនដុល្លារអាមេរិកហើយ សម្រាប់គោលបំណងរបស់ខ្លួនឲ្យបាន១លានដុល្លារអាមេរិកមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៣ខាងមុខនោះ៕
No comments:
Post a Comment
yes