អង់ការ៉ា៖ ទាហានតួកគី បាញ់កាំភ្លើងធំតបតចូលទៅក្នុងព្រំដែនស៊ីរី សារជាថ្មីម្តងទៀត កាលពីថ្ងៃសុក្រ ទី០៥ ខែតុលាម្សិលមិញនេះ ក្រោយពេលដែលខ្លួនត្រូវរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំ ដែលបាញ់ចេញមកពីក្នុងប្រទេសស៊ីរី ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីតួកគី បានដាស់តឿនទីក្រុងដាម៉ាសកាសថា ខ្លួននឹងតបស្នងវិញយ៉ាងស័ក្តសម ប្រសិនបើប្រទេសរបស់ខ្លួនទទួលរងផលប៉ះពាល់ម្តងទៀត ខណៈពេលដែលក្រុមប្រឆាំងស៊ីរី ជឿជាក់ថា ហេតុការណ៍ទាំងអស់នោះ ជាកិច្ចខិតខំព្យាយាមរបស់រដ្ឋាភិបាលរបស់ លោកប្រធានាធិបតី បាសា អាល់អាសសាត ដែលត្រូវការអូសបន្លាយសង្គ្រាមអោយរីករាលដាលដល់ប្រទេសដ៏ទៃទៀតក្នុងតំបន់។
សារព័ត៌មានអាណាដូឡូ រាយការណ៍ដោយផ្អែកលើពាក្យសំដីរបស់អភិបាលខេត្តហាទើយ ដែលបានអះអាងថា កងទ័ពតួកគី បានបាញ់កាំភ្លើងធំវាយបកវិញ ក្រោយពេលដែលគ្រាប់កាំភ្លើងធំមួយគ្រាប់ដែលចេញពីប្រទេសស៊ីរី បានជ្រុលឆ្លងចូលទៅក្នុងព្រំដែនតួកគី។ យ៉ាងណាក៏ដោយ នៅមិនទាន់សេចក្តីរាយការណ៍អំពីអ្នករងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ។
កងទ័ពតួកគី បាញ់កាំភ្លើងធំចូលទៅគោលដៅនានា ក្នុងប្រទេសស៊ីរី ជាលើកទី២ ក្រោយពេលដែលគ្រាប់កាំភ្លើងធំចេញពីស៊ីរី ត្រូវបាញ់ឆ្លងចូលព្រំដែនជាលើកដំបូង កាលពីថ្ងៃពុធ ទី០៣ ខែតុលា កន្លងទៅនេះ ខណៈពេលដែលរដ្ឋសភាតួកគី កាលពីថ្ងៃទី០៤ ខែតុលា ក៏បានអនុម័តអោយមានប្រតិបត្តិការផ្នែកយោធាឆ្លងចូលព្រំដែនស៊ីរី ផងដែរ។
មុនពេលកើតមានហេតុការណ៍ កាលពីថ្ងៃសុក្រ ទី០៥ ខែតុលា លោកនាយករដ្ឋមន្ត្រីតួកគី បានដាស់តឿនថា ស៊ីរី នឹងត្រូវធ្វើការវាយតបតយ៉ាងសាកសមចំពោះការវាយប្រហារនានា ដែលឆ្លងព្រំដែនចូលមកទឹកដីរបស់ខ្លួន ដោយលោកបានទទូចថា តួកគីមិនត្រូវការសង្គ្រាម ប៉ុន្តែខ្លួនត្រៀមតបតវិញ ប្រសិនបើខ្លួនត្រូវរងការគំរាមកំហែងពីរបបគ្រប់គ្រងរបស់ លោក បាសា អាល់អាសសាត ប្រធានាធិបតីស៊ីរី ដែលបានធ្វើសង្គ្រាមជាមួយក្រុមឧទ្ទាមប្រឆាំង តាំងតែពីដើមឆ្នាំ ២០១១ មកនោះ។
ចំណែកឯ ប្រធានក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី ក៏បានអះអាងនៅថ្ងៃដដែលនោះផងដែរថា រដ្ឋាភិបាលទីក្រុងដាម៉ាសកាស ព្យាយាមពង្រីកភាពចលាចលក្នុងប្រទេសអោយរីករាលដាលទៅកាន់ប្រទេសនានា ក្នុងតំបន់ និងបានបកអាក្រាតថា ហេតុការណ៍គ្រាប់កាំភ្លើងធំធ្លាក់ចូលទៅក្នុងភូមិមួយក្នុងប្រទេសតួកគី គឺជាផែនការរបស់រដ្ឋាភិបាលស៊ីរី។
គួរបញ្ជាក់ថា គ្រាប់កាំភ្លើងធ្លាក់នៅក្នុងភូមិអាក់ខាកាឡេ បានសំលាប់ជីវិតស្ត្រី ចំនួន ២ នាក់ និងកុមារ ចំនួន ៣ នាក់ ជាលើកដំបូង ដែលប្រជាពលរដ្ឋតួកគី ស្លាប់បាត់បង់ជីវិតដោយសារការច្បាំងប្រយុទ្ធគ្នាក្នុងប្រទេសស៊ីរី ចាប់តាំងពីការបះបោរឡើងផ្តួលរលំអំណាចរបស់ លោកប្រធានាធិបតី បាស អាល់អាសសាត ដែលចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០១១ កន្លងទៅនេះ និងបានសំលាប់ជីវិតមនុស្សជាង ៣០,០០០ នាក់៕
No comments:
Post a Comment
yes