សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 31, 2012

សំបុក​ឃ្មុំ​លុប​កម្មវិធី​មួយ​ចំនួន​ដោយ​សារ​អវត្តមាន​សូណង់ដូ

121031_3a
លោក​ម៉ម សូណង់​ដូ ពេល​ដឹក​ចេញ​ពី​តុលា​ការក្រុង​​ កាល​ពី​ថ្ងៃ​ទី ១ ខែ​តុលា​​​

ភ្នំពេញៈ កម្មវិធី​សំខាន់ៗ​មួយ​ចំនួន ​របស់​វិទ្យុ​សំបុក​ឃ្មុំ​ ដែល​ផលិត​ឡើង​ដោយ​ផ្ទាល់ របស់​លោក​ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​នេះ ដែល​កំពុង​ត្រូវ​ជាប់​ឃុំ នៅ​ពន្ធនាគារ​ព្រៃស រហូត​ដល់​ទៅ ២០ ឆ្នាំ ទៅ​តាម​អំណាច​សាលក្រម​របស់​សាលា​ដំបូង​រាជធានី ពាក់ព័ន្ធ​ទៅ​នឹង​បទ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស​នោះ ត្រូវ​បាន​កែ​ប្រែ​ទាំង​ស្រុង ដោយ​សារ​តែ​គ្មាន​អ្នក​ជំនួស។
លោក​ស្រី ឌិន សុផាន់ណារ៉ា ភរិយា​របស់​លោក​ម៉ម សូណង់ដូ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ វិទ្យុ​សំបុក​ឃ្មុំ​ មាន​បញ្ហា​ជាច្រើន​បន្ទាប់​ពី​ស្វាមី​របស់​លោក​ស្រី ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។ លោក​ស្រី​មាន​ប្រសាសន៍​ថា​៖ «កម្មវិធី​ឆ្លង​ឆ្លើយ​ដោយ​ផ្ទាល់​តាម​ ទូរស័ព្ទ រវាង​លោក​ប្រធាន​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​បក​ស្រាយ​អំពី​ចម្ងល់​ទូទៅ របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ចំហ​ចោល​។ យើង​សោកស្តាយ ចំពោះ​ការ​បាត់បង់​កម្មវិធី​នេះ​ ពី​ព្រោះ​គ្មាន​អ្នក​ណា អាច​ធ្វើ​ជំនួស​លោក​ប្រធាន​បាន​ទេ»។ លោក​ស្រី​ឲ្យ​ដឹង​ទៀត​ថា​ ក្រៅ​ពី​នេះ ​កម្មវិធី​ដែល​និយាយ​អំពី​លទ្ធិប្រជាធិបតេយ្យ និង​កម្មវិធី​សកម្មភាព​សម្បុរស​ធម៌​ចុះ​ចែក​អំណោយ​តាម​ខេត្ត ក៏​ត្រូវ​ទុក​ចំហ​ចោល​ដែរ ដោយ​ចាក់​ផ្សាយ​កម្មវិធី​ចាស់ៗ ដែល​លោក​ម៉ម សូណង់ដូ ​បាន​ធ្វើ​កាល​ពី​មុន​ឡើង​វិញ។ លោក​ស្រី​ថ្លែង​ទៀត​ថា​៖ «​យើង​មិន​ទាន់​ប្រាកដ​ថា នឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទេ ទៅ​អនាគត»។

លោក​ស្រី​បញ្ជាក់​ថា​៖«​ពី​មុន​មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​មក គឺ​មាន​លោក​ប្រធាន​ពន្យល់​គាត់ ​តែ​ពេល​នេះ​ នៅ​ពេល​ប្រជាពលរដ្ឋ​ទូរស័ព្ទ​មក គឺ​យើង​ឲ្យ​គាត់​សម្តែង​មតិ​របស់​គាត់​ដោយ​ពុំ​មាន​អ្នក​បកស្រាយ​ឡើយ​»។
លោក ចាន់ ហម​ អ្នក​គាំទ្រ នឹង​ស្តាប់​កម្មវិធី​របស់​វិទ្យុ​សំបុក​ឃ្មុំ​ នៅ​ឯ​ខេត្ត​កណ្តាល មាន​ការ​សោកស្តាយ​ ចំពោះ​ការ​លុប​ចោល​កម្មវិធី​មួយ​ចំនួន​របស់​វិទ្យុ​ឯករាជ្យ​មួយ​នេះ​។ លោក​បន្ត​ថា​៖ «​ខ្ញុំ​ធ្លាប់​បាន​ចូល​សួរ​សុខទុក្ខ​លោក​ប្រធាន នៅ​ឯ​ពន្ធនាគារ ហើយ​លោក​ប្រធាន​បាន​ប្រាប់​ខ្ញុំ​ថា​ ទោះ​បី​ជា​រូប​គាត់​ជាប់​ពន្ធនាគារ​ក៏​ដោយ ក៏​ត្រូវ​តែ​នាំ​គ្នា​ពង្រឹង​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែរ ពី​ព្រោះ​សមាគម​នេះ​ស្រប​ច្បាប់ ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ មិន​ត្រូវ​ទន់​ជ្រាយ​នោះ​ទេ»។​
យ៉ាង​ណា​ក្តី លោក ចាន់ ហម បាន​និយាយ​ទៀត​ថា៖«ទោះ​បី​ជា​ពុំ​មាន​កម្មវិធី​របស់​លោក​ប្រធាន​ក៏ ដោយ ក៏​ខ្ញុំ​នៅ​តែ​ស្តាប់​វិទ្យុ​នេះ​ដែរ ពីព្រោះ​មាន​ផ្សាយ​ព័ត៌មាន​ជាច្រើន​ទៀត ដូច​ជា​វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​»។
លោក​អំ សំអាត​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ បាត់​បង់​កម្មវិធី​សំខាន់ៗ​របស់​វិទ្យុ​សំបុក​ឃ្មុំ ដោយ​លោក​លើក​ឡើង​ថា កម្ម​វិធី​របស់​វិទ្យុ​នេះ​ ដើរ​តួយ៉ាង​សំខាន់​ ក្នុង​ការ​ផ្សព្វផ្សាយ អំពី​ប្រជាធិបតេយ្យ​ ច្បាប់​និង​សិទ្ធិ​មនុស្ស​ ជា​ពិសេស​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។ លោក​ថ្លែង​ថា​៖ «បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ មិន​បាន​បិទ​វិទ្យុ​នេះ​ក៏​ដោយ ប៉ុន្តែ​កម្មវិធី​សំខាន់ៗ​ជាច្រើន​ត្រូវ​បាន​ផ្អាក​ទៅ​ហើយ នៅ​ពេល​ដែល​អវត្តមាន​លោក​ម៉ម សូណង់ដូ ដូច្នេះ​វា​មិន​ខុស​អី​នឹង​ការ​បិទ​វិទ្យុ​នោះ​ទេ​»។
កាលពី​ថ្ងៃទី ១ ខែ​តុលា ឆ្នាំ​ ២០១២ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០ លានរៀល។ សាលក្រម​នេះ បាន​ធ្វើ​ឲ្យ​អង្គការ​ជាតិអន្តរជាតិ គណបក្ស​ប្រឆាំង រួម​ទាំង​ប្រទេស​មហា​អំណាច​ធំៗ និង​សហភាព​អឺរ៉ុប បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ថា​មិន​ឯករាជ្យ​និង​ចាត់​ទុក​ការ​សម្រេច​ក្តី​នេះ​ថា ជា​រឿង​នយោបាយ និង​អំពាវ​នាវ​ឲ្យ​ធ្វើ​ការ​ដោះ​លែង​ដោយ​គ្មាន​លក្ខខណ្ឌ។
លោក​ម៉ម សូណង់ដូ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន កាលពី​ថ្ងៃ​ទី ១៥ កក្កដា បន្ទាប់​ពី​រូប​លោក បាន​វិល​ត្រឡប់​មក​ពី​បរទេស រយៈ​ពេល​បី​ថ្ងៃ​ ដោយ​សាលា​ដំបូង​រាជធានី​បាន​សម្រេច​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ ផ្ដួច​ផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ដែល​មាន​ចែង​ក្នុង​មាត្រា មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ បើ​ទោះ​បី​ជា​ទាំង​លោក​ម៉ម សូណង់ដូ និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន ដែល​តាម​ឃ្លាំ​មើល​រឿង​ហេតុ​នេះ ចាត់​ទុក​ថា ជា​ការ​ចោទ​ប្រកាន់​ដោយ​ពុំ​មាន​ការ​ពិត​ក៏​ដោយ​៕

No comments:

Post a Comment

yes